(រីយ៉ូ)៖ ខ្សែការពារក្លិប Arsenal កីឡាករ Gabriel Magalhaes ដែលមិនជាប់ក្នុងក្រុមជម្រើសជាតិនោះ ត្រូវបានជ្រើសរើសចូលក្នុងក្រុមជម្រើសជាតិប្រេស៊ីល សម្រាប់ការប្រកួតវគ្គជម្រុះ World Cup ឆ្នាំ២០២២ ប៉ះនឹងក្រុមកូឡុំប៊ី និងអាហ្សង់ទីន។ នេះបើតាមការឲ្យដឹងពីសហព័ន្ធបាល់ទាត់ប្រេស៊ីល ហើយត្រូវបានសារព័ត៌មានស៊ិនហួ ចេញផ្សាយនាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។

កីឡាករវ័យ ២៣ឆ្នាំរូបនេះត្រូវបានជំនួសតំណែងកីឡាករ Lucas Verissimo របស់ក្លិប Benfica ដែលត្រូវបានដកចេញពីការប្រកួត ដោយសារតែរបួសជង្គង់។

«វាគឺជាក្តីស្រមៃដែលបានក្លាយជាការពិត» នេះបើតាមសម្តី Gabriel បានបង្ហោះលើ Instagram។ «ដែលត្រូវបានជ្រើសរើស សម្រាប់លេងតំណាងឲ្យប្រទេសរបស់ខ្ញុំ គឺបានផ្តល់ឲ្យខ្ញុំនូវរង្វាន់ដ៏អស្ចារ្យ និងភាពរីករាយ»

Gabriel ដែលបានចូលរួមជាមួយក្លិប Arsenal ផ្លាស់មកពីក្លិប Lille ក្នុងខែកញ្ញា ឆ្នាំ២០២០នោះ បានបង្ហាញទម្រង់លេងយ៉ាងល្អក្នុងរដូវកាលនេះ នៃខ្សែការពាររបស់ក្រុមកាំភ្លើងធំ។

ប្រេស៊ីល នឹងប្រកួតតទល់នឹងក្រុមកូឡុំប៊ី នៅទីក្រុង Sao Paulo នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ និងជួបក្រុមអាហ្សង់ទីន នៅទីក្រុង San Juan នៅ ៥ថ្ងៃបន្ទាប់។

ក្រុមសាំបាដែលដឹកនាំដោយអ្នកចាត់ការ Tite ប្រេស៊ីលបច្ចុប្បន្នកំពុងនាំមុខគេ ក្នុងចំណោម ១០ក្រុមដែលត្រូវប្រកួតជម្រុះនៅតំបន់អាមេរិកខាងត្បូង ដោយមាន ៣១ពិន្ទុពី ១១ប្រកួត មាន៦ពិន្ទុលើសក្រុមលំដាប់ទី២ អាហ្សង់ទីន៕