(អាមេរិក)៖ ក្រុមហ៊ុនលក់ទំនិញអនឡាញយក្សដ៏ធំលំដាប់ពិភពលោក Amazon ត្រូវបានគេរាយការណ៍មកថា បាននិងកំពុងតែស្វែងរក វិធី ដោះស្រាយ និងទប់ស្កាត់ការស៊ើបអង្កេតប្រឆាំងនឹងសេចក្ដីទុកចិត្តពីសំណាក់សហភាពអឺរ៉ុប (EU)។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។

កាលពីខែវិច្ឆិកា ឆ្នាំ២០២០ EU បានចោទប្រកាន់ក្រុមហ៊ុន Amazon ថាបានប្រើប្រាស់ឥទ្ធិពល និងសមត្ថភាព ជាពិសេសទិន្នន័យដែលខ្លួន ធ្វើការប្រកួតប្រជែងដោយមិនស្មោះត្រង់ ក្នុងនោះ Amazon បានប្រើ Platform របស់ខ្លួនលក់នូវផលិតផលផ្ទាល់ខ្លួនដើម្បីទទួលបាន អត្ថប្រយោជន៍ ដែលសកម្មភាពនេះហើយត្រូវបាន EU ចាត់ទុកថាវាមិនមានភាពយុត្តិធម៌លើឈ្មួញដទៃ ជាពិសេសគឺដៃគូប្រកួតប្រជែង។

បើសិនជាលទ្ធផលនៃការស៊ើបអង្កេតរបស់ EU បានរកឃើញថា ក្រុមហ៊ុន Amazon បានប្រព្រឹត្តបែបនេះមែននោះ Amazon នឹងប្រឈមមុខនឹងការផាកពិន័យជាទឹកប្រាក់ដ៏ច្រើនសន្ធឹក ជាពិសេសគឺត្រូវប្ដូរនូវគោលការណ៍អនុវត្តអាជីវកម្មថែមទៀតផង ខណៈដែល ការស៊ើបអង្កេតត្រូវបានចាប់ផ្ដើម និងកំពុងតែបន្ត ប៉ុន្តែលទ្ធផលនៅមិនទាន់បង្ហាញ។

ប្រភពជិតស្និទ្ធបានលួចបង្ហើបឱ្យដឹងថា ថ្មីៗនេះក្រុមហ៊ុន Amazon បានជួបពិភាក្សាជាមួយនឹង EU ស្ងាត់ៗក្នុងគោលដៅដោះស្រាយ បញ្ហា ក្រៅប្រព័ន្ធច្បាប់ ដោយក្នុងនោះ Amazon ដោយក្នុងនោះ Amazon បានផ្ដល់សម្បទានជាប្រាក់មួយចំនួនទៅឱ្យ EU ដើម្បីយកទៅ ដោះស្រាយ និងបញ្ចប់ការស៊ើបអង្កេត។

យោងតាមច្បាប់របស់ EU បានបញ្ជាក់ឱ្យដឹងថា បើសិនជា Amazon បានល្មើសនឹងច្បាប់ នោះក្រុមហ៊ុន Amazon នឹងត្រូវផាកពិន័យ ជាប្រាក់ ១០ភាគរយនៃប្រាក់ចំណូលប្រចាំឆ្នាំ ខណៈដែលកាលពីឆ្នាំ ២០២០ ក្រុមហ៊ុន Amazon ទទួលបានប្រាក់ចំណូលសរុបចំនួន ៣៨,៦ពាន់លានដុល្លារអាមេរិក៕