(អាមេរិក)៖ គិតត្រឹមល្ងាចថ្ងៃអង្គារទី០៩ ខែវិច្ឆិកាម្សិលមិញនេះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះរហូតដល់ជិត ១២ភាគរយ ដែល ការធ្លាក់ចុះយ៉ាងគំហុកនេះក្រោយពេលដែលលោក Elon Musk បានបង្ហោះសារស្ទង់មតិនៅលើបណ្ដាញសង្គម Twitter ពាក់ព័ន្ធនឹង លក់ ភាគហ៊ុន របស់លោកចំនួន ១០ភាគរយនៅក្នុងក្រុមហ៊ុន Tesla។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CBNC នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ការធ្លាក់ចុះតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន ផលិតរថយន្តអគ្គិសនីអាមេរិកលើកនេះគឺជាការធ្លាក់ចុះដ៏ធំប្រចាំឆ្នាំ។

នៅក្នុងឆ្នាំ២០២១នេះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla គឺបានកើនឡើងរហូតដល់ ៤៧ភាគរយ ពោលគឺកើនឡើងទ្វេដងបើធៀបទៅនឹងឆ្នាំ ២០២០ ប៉ុន្តែវាបានធ្លាក់ចុះរហូតដល់ ១១,៩៩ភាគរយនៅថ្ងៃអង្គារម្សិលមិញនេះ បន្ទាប់ពីលោក Elon Musk នាយកប្រតិបត្តិ បានបានបង្ហោះសារស្ទង់មតិនៅលើបណ្ដាញសង្គម Twitter ពាក់ព័ន្ធនឹង លក់ ភាគហ៊ុន របស់លោកចំនួន ១០ភាគរយនៅក្នុងក្រុមហ៊ុន Tesla ហើយ មូលហេតុដែលលោកស្ទង់មតិនេះគឺពាក់ព័ន្ធនឹងការគម្រោងប្រមូលពន្ធរបស់អាមេរិកពីកំពូលមហាសេដ្ឋីនានាៗ។

គួរបញ្ជាក់ផងដែរថា កាលពីចុងខែតុលាកន្លងទៅនេះ តម្លៃក្រុមហ៊ុន Tesla នៅលើទីផ្សារបានកើនឡើងដល់ ១ពាន់ពាន់លានដុល្លារអាមេរិក ក្រោយ ពេលក្រុមហ៊ុនផ្ដល់សេវាកម្មជួលរថយន្ត Hertz បានធ្វើការបញ្ជាទិញរថយន្តអគ្គិសនីពីក្រុមហ៊ុន Tesla ចំនួន ១០០០០០គ្រឿង៕