(កូរ៉េ)៖ ខ្សែភាពយន្តភាគរបស់កូរ៉េ ដែលផ្ទុះការគាំទ្រខ្លាំងនៅលើ Netflix គឺ «Squid Game» ទើបតែបញ្ចប់ការរៀបចំកម្មវិធីផ្សព្វផ្សាយនៅទីក្រុង Los Angeles នាពេលថ្មីៗនេះ។ អ្វីដែលគេចាប់អារម្មណ៍នោះ គឺក្នុងសន្និសីទកាសែត អ្នកនិពន្ធរឿងនេះបានបង្ហើបថា រឿងនេះនឹងមានវគ្គទី២បន្តទៀត ជាពិសេសតួអង្គលេខ៤៥៦ នឹងត្រឡប់មកវិញផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។

ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន អ្នកដឹកនាំ និងជាអ្នកនិពន្ធរឿងល្បី «Squid Game» បានបង្ហើបឲ្យដឹងថា ពិតណាស់ គឺមានការស្នើសុំ និងគាំទ្រឲ្យផលិតវគ្គទី២។ ជាក់ស្តែងវគ្គ២ដែលជាវគ្គបន្ទាប់នៃរឿង «Squid Game» គឺលោកកំពុងតែសរសេរ ដោយបច្ចុប្បន្នវាស្ថិតនៅក្នុងគម្រោងការនៅឡើយ ហេតុដូច្នេះលោកមិនទាន់ដឹងនោះទេថា តើនឹងចេញផ្សាយនៅពេលណា។ តែយ៉ាងណាលោកសន្យារថា គឺនឹងមានវគ្គ២ ហើយអ្វីដែលពិសេសតួអង្គសំខាន់គឺ Gi Hun ពាក់អាវលេខ ៤៥៦ ក៏នឹងបង្ហាញវត្តមានក្នុងវគ្គ២នេះផងដែរ។

ថ្វីត្បិតតែអ្នកផលិតរឿងនេះ បានបង្ហើបពីវត្តមានរបស់តួអង្គសំខាន់ថា នឹងបង្ហាញខ្លួនក្នុងវគ្គ២ក្តី តែនេះជាលើកទី១ហើយ ដែលអ្នកដឹកនាំរឿងនេះ បានបង្ហើបពីគម្រោងនៃការផលិតភាគបន្ទាប់។

គួរបញ្ជាក់ថា ភាពយន្ត «Squid Game» របស់កូរ៉េខាងត្បូង គឺជាភាពយន្តល្បីផ្ទុះខ្លាំង ដោយរឿងនេះគឺនិយាយពីក្រុមសង្គមងងឹតរៀបចំហ្គេម នៅលើកោះដាច់ស្រយាលមួយ។ ចំពោះអ្នកចូលរួមលេងហ្គេមសុទ្ធតែដឹងថាហ្គេមនេះ បើលេងចាញ់ គឺត្រូវបាត់បង់ជីវិត តែដោយសារចង់បានលុយខ្លាំងពេកពួកគេបានប្ដូរជីវិត ដើម្បីបានរង្វាន់ជាទឹកលុយច្រើនមហាសាលពីការឈ្នះហ្គេមនោះ។

យ៉ាងណាមិញ បន្ទាប់ពីបានដាក់បញ្ចាំងនៅលើ Netflix តាំងពីថ្ងៃទី១៧ ខែកញ្ញាមក រឿងភាគកូរ៉េបែបរន្ធត់មួយនេះ ទទួលបានការទស្សនាច្រើនបំផុត ពោលគឺបានក្លាយជារឿងភាគកូរ៉េទី១ ដែលស្ថិតនៅលើកំពូលតារារបស់ Netflix ក្នុងសហរដ្ឋអាមេរិក ដោយចូលក្នុង Top 10 ត្រឹមរយៈពេល២ថ្ងៃប៉ុណ្ណោះ។ បន្ទាប់ពីរឿងនេះទទួលបានជោគជ័យខ្លាំង គេសង្កេតឃើញថា តារាសម្តែងក្នុងរឿងនេះ សុទ្ធតែទទួលបានប្រជាប្រិយភាពទ្វេដង ខណៈតួអង្គលេខ៤៥៦ និងតួអង្គ Front Man សុទ្ធតែត្រូវបានតែងតាំងសម្រាប់ការទទួលពានរង្វាន់ល្បីៗនានា នៅអាមេរិក ហើយតួអង្គផ្សេងទៀត គឺ Jung Ho Yeon តួស្រីពាក់អាវលេខ ០៦៧ បានក្លាយជាឯកអគ្គរដ្ឋទូតសាកលប្រចាំប្រេនដ៏ល្បី LV ផងដែរ៕