(ភ្នំពេញ)៖ ក្រោយពីមានមហាជន អ្នកគាំទ្រ ក៏ដូចជាសារព័ត៌មានក្នុងមួយចំនួន បានចុះផ្សាយជុំវិញដំណឹងថា តារាចម្រៀងរបស់ផលិតកម្មហង្សមាស គឺលោក ខេមរ: សិរីមន្ត ត្រៀមនឹងចាកចេញពី ផលិតកម្មហង្សមាស ចូលទៅកាន់ផលិតកម្ម Galaxy របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ក្នុងពេលដ៏ខ្លីខាងមុខនេះ ស្រាប់តែសាមីខ្លួន គឺលោក ខេមរៈ សិរីមន្ត បានចេញមុខបកស្រាយច្បាស់ៗ ដើម្បីឲ្យមហាជនអស់ចម្ងល់ ជុំវិញបញ្ហាខាងលើនេះ។

តាមរយៈវីដេអូឡាយ រយៈពេលជិត៣ម៉ោង តារាចម្រៀងលោក ខេមរ: សិរីមន្ត បាននិយាយថា បច្ចុប្បន្ននេះលោកនៅកំពុងនៅជាប់កិច្ចសន្យា ជាមួយនឹងផលិតកម្មហង្សមាសនៅឡើយ ហើយពេលបញ្ចប់កិច្ចសន្យា លោកនឹងចាកចេញពីផលិតកម្មហង្សមាស ដើម្បីចូលទៅរួមរស់ជាមួយផលិតកម្ម Galaxy Navatra នាចុងឆ្នាំ២០២១នេះ។

តារាចម្រៀង ខេមរ: សិរីមន្ត បញ្ជាក់ទៀតថា ទម្លាប់របស់លោក គឺលោកធ្វើការកន្លែងណា តែងតែបំពេញភារកិច្ចរបស់ខ្លួនឲ្យបានល្អ តាមកិច្ចសន្យាដែលបានព្រមព្រៀង។ ចំណែករឿងរ៉ាវទៅថ្ងៃមុខទៀត ថាតើគួរនៅទីនេះទៀត ឬយ៉ាងណា គឺលោក មិនទាន់ដឹងទេ ព្រោះអនាគតនៅវែងឆ្ងាយ តែ ពេលនេះនៅក្នុងកិច្ចសន្យាជាមួយផលិតកម្ម ត្រូវតែធ្វើការឲ្យបានល្អបំផុត។

តារាចម្រៀងរូបនេះ បានលើកឡើងទៀតថា ជាក់ស្ដែងដូចកាលពីរូបលោកនៅក្នុងផលិតកម្មយូធូ គឺទាល់តែផលិតកម្មបិទទ្វាទើបលោកលាឈប់។ បន្ទាប់មកទៀតនៅផលិតកម្មសាន់ដេ ក៏ដូចគ្នាដែរ ធ្វើការរហូតដល់ផុតកិច្ចសន្យា ទើបលោកឈប់ តាមកិច្ចសន្យា។ និយាយរួមពេលនៅក្នុងផលិតកម្មណា លោកត្រូវតែបំពេញកាត្វកិច្ច នៅក្នុងផលិតកម្មនោះឲ្យបានល្អបំផុត។

លោកបន្ថែមទៀតថា ហេតុនេះហើយទើបថៅកែផលិតកម្មទាំង២ ស្រឡាញ់លោកទាំងអស់ ព្រោះធ្វើការងារទៅតាមផ្លូវច្បាប់ និងគុណធម៌អត់មានទៅរំលោភបំពានសិទ្ធិ នរណានោះឡើយ៕