(អាមេរិក)៖ កុំព្យូទ័រ Apple ដំបូងបង្អស់ដែលបង្កើតឡើង ដោយដៃលោក Steve Jobs និងលោក Steve Wozniak ស្ថាបនិក Apple កាលពី ៤៥ឆ្នាំមុន នៅពេលនេះត្រូវបានលក់ក្នុងតម្លៃ ៤០០,០០០ដុល្លារអាមេរិកនៅការដេញថ្លៃនៅសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន BBC នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។

កុំព្យូទ័រម៉ាក Apple-1 ដែលបង្កើតឡើងត្រឹមតែ ២០០គ្រឿងនោះ នៅពេលនេះត្រូវបានគេដាក់លក់ដេញថ្លៃ ក្នុងតម្លៃ ៤០០,០០០ដុល្លារអាមេរិក និងត្រូវបានគេរំពឹងថា អាចនឹងលក់បានក្នុងតម្លៃរហូតដល់ ៦០០,០០០ដុល្លារអាមេរិក នៅពេលការដេញថ្លៃត្រូវបានបញ្ចប់។

នៅពេលដែលលោក Jobs និងលោក Wozniak បានប្រកាសលក់ Apple-1 ជាផ្លូវការគឺមានតែ ២៥គ្រឿងប៉ុណ្ណោះ ដែលត្រូវបាន លក់ នៅ ក្នុងរយៈពេលប្រមាណជា ៩ខែដំបូង ហើយ Apple-1 ដែលដាក់ចេញថ្លៃនេះគឺជារបស់និស្សិតម្នាក់ដែលបានទិញវាពីសាស្រ្តាចារ្យរបស់គេក្នុង តម្លៃ ៦៥០ដុល្លារអាមេរិក។

កុំព្យូទ័រម៉ាក Apple-1 នេះត្រូវបានលោក Steve Jobs បង្កើតវាឡើងនៅក្នុងការ៉ាស់ឡានរបស់លោក ហើយលោកបានលក់រថយន្តម៉ាក VW Microbus ដើម្បីយកប្រាក់មកទប់ការចំណាយក្នុងការផលិត Apple-1 ខណៈដែលលោក Steve Wozniak បានលក់ម៉ាស៊ីនគិតលេខ HP-65 calculator បានប្រាក់ ៥០០ដុល្លារ៕