(មេនឆេស្ទើ)៖ ខ្សែប្រយុទ្ធ Cristiano Ronaldo បានបង្ហាញពីបំណងចង់ចាកចេញពី Manchester United បើសិនជាក្លិបនេះ មិនបានកៅអីលេងពានកំពូលនៅអឺរ៉ុប UEFA Champions League សម្រាប់រដូវកាលក្រោយ។ នេះបើតាមការផ្សាយដោយ Marca នៅថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។

Ronaldo បានត្រឡប់ទៅកាន់ Manchester United វិញនៅរដូវក្តៅនេះ បន្ទាប់ពីចាកចេញអស់រយៈពេល ១២ឆ្នាំ ប៉ុន្តែការវិលត្រឡប់ទៅរកទ្រនំចាស់នេះ អាចនឹងមិនបានយូរដូចអ្នកគាំទ្ររំពឹងទុកនោះទេ។

ថ្មីៗនេះក្រុមបិសាចក្រហម កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ដោយសារការបង្ហាញទម្រង់លេងជាក្រុមរបស់កីឡាករមិនបានល្អ ហើយលទ្ធផលវិញ ក៏បានឃ្លាតឆ្ងាយពីការប្រជែងយកពានក្របខណ្ឌកំពូលអង់គ្លេស Premier League ដែលបង្កជាហេតុធ្វើឲ្យ Ronaldo មានការព្រួយបារម្ភ។ ការធ្លាក់ចេញពីចំណាត់ថ្នាក់ ៤ក្រុមនៅតារាង Premier League ជាហេតុធ្វើឲ្យក្លិបនេះ គ្មានឱកាសលេងនៅ Champions League 2022/23 ហើយតារាឆ្នើមសញ្ជាតិព័រទុយហ្កាល់ ក៏អាចបង្ខំចិត្តចាកចេញពី Old Trafford ផងដែរ។

បើតាមការផ្សាយដោយ Express គឺកីឡាករ Ronaldo «អាចបង្ខំចិត្តចាកចេញពីក្លិបបិសាចក្រហម បើសិនជាជោគវាសនារបស់ក្លិប មិនមានការផ្លាស់ប្តូរឲ្យមានភាពល្អប្រសើរជាងមុន»

សូមជម្រាបថា កាលពីខែសីហាកន្លងទៅ Manchester United បានចុះហត្ថលេខាទិញយកខ្សែប្រយុទ្ធ Cristiano Ronaldo ពីក្លិបសេះបង្កង់ Juventus មកវិញ ដោយក្លិបដែលមានមូលដ្ឋាននៅអង់គ្លេស ចំណាយប្រាក់ប្រមាណ ១៥លានអឺរ៉ូ (១២.៨៧លានផោន) បូកថែមថ្លៃផ្តាច់កិច្ចសន្យា ៨លានអឺរ៉ូ (៦.៨៦លានផោន) សម្រាប់កីឡាករលំដាប់កំពូលពិភពលោកនេះ។ ប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់វ័យ ៣៦ឆ្នាំបានអះអាងថា គាត់មកបិសាចក្រហម គឺមិនមែនមកលំហែកាយទេ តែមកដើម្បីឈ្នះពាន៕