(សៀងហៃ)៖ ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងសៀងហៃ (Shanghai Marathon) ត្រូវបានពន្យារពេលដោយមិនកំណត់ឡើយ។ នេះបើតាមការរៀបចំកម្មវិធី បានបង្ហោះនៅលើគេហទំព័ររបស់ខ្លួន ចំពេលដែលមានការកើនឡើងករណីឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសចិន។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។

«ថ្ងៃនេះ យើងបានជ្រើសរើសការប្រុងប្រយ័ត្ន ជ្រើសរើសដើម្បីដាក់សុខភាពអ្នករត់ប្រណាំង និងប្រជាពលរដ្ឋក្នុងទីក្រុងជាអាទិភាព» នេះបើតាមអ្នករៀបចំកម្មវិធី។

អ្នករត់ប្រណាំងដែលបានចុះឈ្មោះចូលរួមក្នុងព្រឹត្តិការណ៍ដែលដំបូងឡើយ គ្រោងធ្វើឡើងនៅថ្ងៃទី២៨ ខែវិច្ឆិកាខាងមុខនេះនោះ ត្រូវបានផ្តល់ឱកាសឲ្យដកចេញវិញ បើមិនដូច្នោះទេ អាចបន្តរហូតដល់ឆ្នាំ២០២២បាន។

ទាំងព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុង Beijing និង Wuhan ក៏ត្រូវបានពន្យារពេលផងដែរ ជាមួយនឹងកាលបរិច្ឆេទថ្មី មិនទាន់មានការកំណត់នៅឡើយនោះទេ។

គួរជម្រាបថា ចិនបានរាយការណ៍ករណីឆ្លងថ្មីកូវីដ១៩ ចំនួន៦២ករណីនៅថ្ងៃទី០៨ ខែវិច្ឆិកា៕