(អាមេរិក)៖ ក្រុមហ៊ុនបច្ចេកវិទ្យាផ្ដល់សេវាកម្មដឹកជញ្ជូនទំនិញ និងអ្នកដំណើរ Uber Technologies Inc ត្រូវបានក្រសួងយុត្តិធម៌ សហរដ្ឋ អាមេរិកប្ដឹងកាលពីថ្ងៃពុធកន្លងទៅនេះ ជុំវិញការចោទប្រកាន់ថាបានគិតថ្លៃលើស ចំពោះអ្នកដំណើរពិការ និងបានស្នើឱ្យតុលាការសហព័ន្ធ អនុលោមតាមច្បាប់ប្រឆាំងនឹងការរើសអើង។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ពាក្យបណ្ដឹងគឺបានដាក់ទៅកាន់ តុលាការសាន់ហ្វ្រន់ស៊ីស្កូ ដោយបានបញ្ជាក់ថាកាលពីខែមេសា ឆ្នាំ២០១៦ ក្រុមហ៊ុន Uber បានគិតថ្លៃសេវា «ពេលវេលារង់ចាំ» ពីអ្នក ដំណើរ ពិការ ដែលការគិតថ្លៃនេះបានបំពានច្បាប់ជនពិការអាមេរិក។

ក្រុមហ៊ុន Uber បានដាក់ចេញគោលការណ៍គិតថ្លៃសេវា «ពេលវេលារង់ចាំ» ពីអ្នកដំណើរទាំងឡាយណាដែល ត្រូវឱ្យអ្នកបើកបររង់ចាំរហូតដល់ ពេល ២នាទីដើម្បីចូលក្នុងរថយន្ត។ វាមានន័យថា នៅពេលអ្នកបើកបរមកដល់ទីតាំងដែលត្រូវទទួល អ្នក ដំណើរ ហើយអ្នកដំណើរមិនទាន់មកដល់ ឬមកដល់ហើយ តែត្រូវប្រើពេល២នាទីដើម្បីចូលក្នុងរថយន្ត នោះអ្នកបើកបរនឹងគិតថ្លៃ សេវាកម្ម «ពេលវេលារង់ចាំ» ហើយការគិតថ្លៃសេវា «ពេលវេលារង់ចាំ» នេះវាបានធ្វើឱ្យប៉ះពាល់ដល់ជនពិការ ដូចជាអ្នកពិការភ្នែក ឬអ្នកដែលមានកៅអីរុញជាដើម។

ក្រោយពីទទួលបានព័ត៌មាននេះ ក្រុមហ៊ុន Uber បានចេញសេចក្ដីថ្លៃងការណ៍មួយថា «វាគួរឱ្យភ្ញាក់ផ្អើល និងខកចិត្តបំផុត» ព្រោះតែ ក្រុមហ៊ុន បានគិតគួរទៅលើបញ្ហា និងបានដោះស្រាយរឿងនេះ ដោយបានកែប្រែគោលការណ៍នេះសម្រាប់ជនពិការ។

ក្រុមហ៊ុន Uber បានពន្យល់ថា ការគិតថ្លៃសេវា «ពេលវេលារង់ចាំ» គឺដើម្បី ឱ្យអ្នកបើកបរទទួលបានប្រាក់ចំណូលបន្ថែម និងដើម្បីឱ្យអ្នក ដំណើរត្រៀមខ្លួនទុកជាមួយក្រោយពេលបានហៅរថយន្តមកជិះ ព្រោះថាបើសិនជាអ្នកបើកបរមិនដល់កន្លែងដែលត្រូវទទួលអ្នកដំណើរហើយ តែអ្នកដំណើរបែរជាមិនទាន់មកដល់ ឬរវល់ក្នុងកិច្ចការណាមួយ វាបានធ្វើឱ្យខាតពេលវេលាសម្រាប់អ្នកបើកបរ។

គួរបញ្ជាក់ផងដែរថា កាលពីសប្ដាហ៍មុន ក្រុមហ៊ុន Uber បានកែប្រែគោលការណ៍នេះសម្រាប់ជនពិការ ដោយក្នុងនោះបើសិនជាពួកគេបង្ហាញអត្តសញ្ញា ឬ អ្នកបើកបរបានឃើញថាអ្នកដំណើរជាជនពិការ នោះសេវាកម្ម «ពេលវេលារង់ចាំ» នឹងមិនត្រូវគិតថ្លៃឡើយ៕