(ប៉ារីស)៖ ខ្សែបម្រើក្លិប Paris St. Germain ផ្នែកនារី កីឡាការិនី Aminata Diallo កំពុងស្ថិតក្រោមការឃុំខ្លួនរបស់ប៉ូលិស Versailles Regional Police Service បន្ទាប់ពីវាយទៅលើកីឡាការិនីម្នាក់ ក្នុងចំណោមកីឡាការិនីរបស់ក្លិបកាលពីសប្តាហ៍មុន។ នេះបើតាមក្លិបរបស់បារាំងមួយនេះ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។

សារព័ត៌មាន L'Equipe បានចុះផ្សាយថា កីឡាការិនី Diallo វ័យ២៦ឆ្នាំ បានធ្វើឲ្យមិត្តរួមក្រុម គឺកីឡាការិនី Kheira Hamraoui រងរបួស ដោយមានបុរសពាក់ម៉ាស់ ២នាក់បានទាញនាងចេញពីឡាន ហើយបានធ្វើការវាយប្រហារលើនាងកាលពីថ្ងៃទី០៤ ខែវិច្ឆិកា។

«Paris St. Germain អាចបញ្ជាក់បានថា Aminata Diallo បានស្ថិតក្រោមការឃុំខ្លួននាព្រឹកនេះ ដោយប៉ូលិស Versailles Regional Police Service ដែលជាផ្នែកមួយនៃដំណើរការក្តី ដែលបានបើក បន្ទាប់ពីមានការវាយប្រហារលើកីឡាការិនីរបស់ក្លិប» នេះបើតាមក្លិប PSG បានឲ្យដឹងនៅលើគេហទំព័ររបស់ខ្លួន។

គួរជម្រាបថា កីឡាការិនី Diallo ដែលបានជាប់ក្នុងក្រុមជម្រើសជាតិបារាំងចំនួន ៧លើកនោះ បានចូលរួមលេងនៅក្លិប PSG ផ្ទេរមកពីក្លិប Guingamp របស់បារាំងដូចគ្នាកាលពីឆ្នាំ២០១៦៕