(ប៉េកាំង)៖ ច្រើនសតវត្សរ៍មកហើយ អំណាចរបស់អធិរាជប្រទេសចិនកើនឡើង និងធ្លាក់ចុះ អាស្រ័យដោយសារការគ្រប់គ្រងទៅលើព្រែកជីកដ៏ធំមួយ ដែលឥឡូវនេះគេឲ្យឈ្មោះថា Grand Canal។ បច្ចុប្បន្ននេះដែរ ផ្លូវទឹកខាងលើមានទំហំខ្លីជាងអតីតកាលច្រើនណាស់ ប៉ុន្តែវានៅតែក្លាយជាទន្លេដែលបង្កើតដោយមនុស្សដ៏វែងជាងគេបំផុតនៅលើពិភពលោក។

ពិសេសជាងនេះទៅទៀត Grand Canal បន្តផ្តល់ឲ្យនូវសេដ្ឋកិច្ច និងវប្បធម៌យ៉ាងសំខាន់សម្រាប់ប្រទេសចិនក្នុងសម័យទំនើប។ វាមានប្រវែង១,៧៧៦គីឡូម៉ែត្រ ដែលជាស្នាព្រះហស្ដរបស់អធិរាជសួយយ៉ាង (Emperor Yang of Sui) នៃរាជវង្សសួយ (Sui dynasty)។

* ប្រវត្តិនៃការបង្កើត Grand Canal

ព្រែកជីក Grand Canal មិនមែនត្រូវបានជីកដោយដៃមនុស្សទាំងស្រុងនោះទេ ប៉ុន្តែវាជាព្រែកជីកតភ្ជាប់ពីទន្លេមួយទៅទន្លេមួយទៀត ពោលគឺជីកជាកំណាត់ៗ។ គេបានចាប់ផ្តើមការដ្ឋានជីកព្រែកជីកនេះនៅអំឡុងឆ្នាំគ្រិស្ដសករាជ ៦០៥។ កាលណោះ អធិរាជសួយយ៉ាង មានព្រះតម្រិះថាទ្រង់ត្រូវការផ្លូវដ៏ល្អមួយ ដើម្បីដឹកជញ្ជូនស្បៀងឱ្យកាន់តែរហ័សពីភាគខាងត្បូងដែលជាទីតាំងដាំស្រូវ ទៅកាន់ភាគខាងជើងនៃទឹកដីមហាសួយ។ ដូច្នេះហើយទើបអធិរាជយ៉ាងបានដាក់បញ្ជាឱ្យបើកការដ្ឋានសាងសង់ផ្នែកដំបូងនៃព្រែកជីក គេបានតភ្ជាប់ព្រែកជីក បឹង និងទន្លេជាច្រើនជាមួយគ្នា។ តាមការប៉ាន់ស្មាន មានមនុស្សប្រមាណ១លាននាក់ដែលភាគច្រើនជាកសិករបានចូលរួមកសាងព្រែកជីកនេះ។ ការដ្ឋានជីកព្រឺកជីកបានចំណាយពេលអស់៦ឆ្នាំ។

ប្រមាណ៥០០ឆ្នាំបន្ទាប់ សារៈសំខាន់នៃព្រែកជីកនេះកាន់តែមានវិសាលភាព ប៉ុន្តែនៅឆ្នាំគ្រិស្ដសករាជ ១១២៧ ពោលគឺក្នុងសម័យរាជវង្សសុង (Song dynasty) ផ្នែកជាច្រើនរបស់ព្រែកខាងលើត្រូវរងការខូចទ្រុងទ្រោយ។ ក្នុងឆ្នាំគ្រិស្ដសករាជ ១២៧៩ ព្រះចៅអធិរាជ គូប៊ីឡៃខាន់ (Kublai Khan of Yuan dynasty) បានចាប់ផ្តើមជួសជុលឡើងវិញ និងកសាងផ្នែកថ្មីៗបន្ថែមទៀត។ ការកែលម្អនេះបង្កើតឲ្យមានការតភ្ជាប់រវាងភាគខាងជើង និងភាគខាងត្បូង ពោលគឺចាប់ពីរាជធានីប៉េកាំង (Beijing) ទៅកាន់ទីក្រុងហាងចូវ (Hangzhou)។ ចំណេរកាលតមកទៀត អ្នកគ្រប់គ្រងបានបន្តពង្រីកនិងធ្វើឲ្យប្រសើរឡើងជាងមុន ហើយជាលទ្ធផលវាបានក្លាយទៅជាបណ្តាញដ៏មានសារៈសំខាន់សម្រាប់ជាមធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹក។

បន្ថែមលើការដឹកស្បៀងអាហារនៅក្នុងប្រទេសចិន Grand Canal ក៏បានក្លាយជាតំណភ្ជាប់វប្បធម៌ដ៏ពិសិដ្ឋផងដែរ។ កងទ័ព ឈ្មួញ និងវិចិត្រករដឹកជញ្ជូនទំនិញ និងអាហារក្នុងតំបន់ ក៏ដូចជាផ្សព្វផ្សាយវប្បធម៌ពីផ្នែកមួយទៅផ្នែកមួយទៀតនៃប្រទេសចិន។ បើតាមការនិទាន នេះគឺជារបៀបដែលក្រុងប៉េកាំងទទួលបានភាពល្បីល្បាញនៃពាណិជ្ជនាមចំនួន២ គឺទាខ្វៃប៉េកាំង (Peking Duck) ដែលជាម្ហូបមកពីខេត្តសានទុង (Shandong) និងល្ខោនប៉េកាំង (Peking Opera) ដែលមកពីខេត្តអានហួយ (Anhui) និងហ៊ូប៉ី (Hubei) ត្រូវបាននាំយកពីភាគខាងជើងតាមរយៈព្រែកជីកនេះឯង។

* បច្ចុប្បន្នភាពនៃ Grand Canal

ប្រមាណជា១០០០ឆ្នាំ ទំនិញនានាត្រូវបានដឹកជញ្ជូនតាមរយៈ Grand Canal។ សូម្បីតែរាល់ថ្ងៃ ផ្លូវទឹកដ៏ធំមួយនេះដើរតួនាទីយ៉ាងសំខាន់ផ្នែកសេដ្ឋកិច្ចរបស់ប្រទេសចិនទៀតផង។ ទូកជាច្រើនបន្តដឹកធ្យូងថ្មរាប់រយតោន និងម្ហូបអាហារ ទំនិញជាដើមនោះ ត្រូវបានដឹកទៅកាន់ទិសដៅនានារវាងទីក្រុងហាងចូវ នៃខេត្តចឺជាំង (Zhejiang) នៅភាគខាងត្បូង ទៅកាន់ទីក្រុងជីនីង (Jining) នៃខេត្តសានទុង ដែលនៅភាគខាងជើង។ បន្ថែមលើនេះ រដ្ឋាភិបាលតំបន់មានឆន្ទៈពង្រីកទីតាំងទេសចរ និងការអភិវឌ្ឍវិស័យអចលនទ្រព្យដែលសុទ្ធសឹងដ៏វិសេសស្ថិតនៅក្បែរៗព្រែកជីក។

ធម្មតាទេ ការអភិវឌ្ឍគឺតែងតែមានផលប៉ះពាល់។ នៅក្នុងទីក្រុងយ៉ាងចូវ គេបានកម្ទេចចោលនូវសំណង់អគារចាស់ៗដែលជាផ្នែកនៃព្រែកជីក។ ស្របពេលជាមួយគ្នានោះ នៅភាគខាងត្បូងវិញទីក្រុងមួយចំនួន ដូចជាទីក្រុងជិនជាំង (Zhenjiang) និងទីក្រុងអ៊ូស៉ី (Wuxi) នៃខេត្តជាំងស៊ូ ទីក្រុងហាងចូវ នៃខេត្តចឺជាំង សុទ្ធតែមានស្ថានភាពអាក្រក់នេះកើតឡើង។ ជាឧទាហរណ៍ នៅក្រុងហាងចូវ អគារចាស់ៗស្ទើរតែទាំងអស់ត្រូវបានបំផ្លាញចោល។

លោក ចូវ ស៉ីនហ័រ (Zhou Xinhua) អតីតអនុប្រធានប្រតិបត្តិនៃសារមន្ទីរ Grand Canal នៃទីក្រុងហាងចូវ បានពន្យល់ថា «កាលពីបុរាណ យើងនិយាយពីទីក្រុងចំនួន១៨ ដែលសំខាន់ៗស្ថិតនៅតាមព្រែកជីក Grand Canal ហើយទីក្រុងទាំងអស់សុទ្ធតែល្អឯក និងសំខាន់ប្លែកៗពីគ្នា។ ប៉ុន្តែឥឡូវនេះ គ្រប់ទីក្រុងទាំងនោះសុទ្ធតែដូចៗគ្នា! ប្រៀបបីដូចជាមនុស្សរាប់ពាន់នាក់មានមុខតែមួយ»

នៅក្នុងឆ្នាំ២០០៥ មនុស្សមួយក្រុមបានដាក់សំណើថា ព្រែកជីកប្រវត្តិសាស្ត្រ Grand Canal ត្រូវតែដាក់ជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO។ ស្ថានការណ៍នេះគួរតែត្រូវថែរក្សាទាំងផ្លូវទឹក និងស្ថាបត្យកម្មជុំវិញវា។

លោក ជូ ពីងយ៉ឹន (Zhu Bingren) វិចិត្រករ ដែលជាសហការីនៃសំណេរអត្ថបទសម្រាប់ការដាក់សំណើទៅ UNESCO បានបញ្ជាក់ថា «គ្រប់ជំនាន់ទាំងអស់ ចង់ឲ្យមនុស្សជំនាន់ក្រោយយល់ពីវា និងមើលថែវិមាននេះ»

ទីបំផុត អង្គការ UNESCO បានដាក់បញ្ចូលព្រែកជីក Grand Canal នេះជាតំបន់បេតិកភណ្ឌជាផ្លូវការនៅឆ្នាំ២០១៤។ នេះជាក្តីសង្ឃឹមរបស់ព្រែកជីក Grand Canal ដែលនៅតែបន្តជាស្ថាបត្យកម្មដ៏អស្ចារ្យមួយលើពិភពលោក ដែលភ្ជាប់ភាគខាងជើង និងភាគខាងត្បូងរបស់ប្រទេសចិនរាប់សតវត្សតទៅទៀត៕