(ក្រុងឡុងដ៍)៖ ខ្សែបម្រើប្រយុទ្ធ Daclan Rice មកពីក្លិបញញួរធំ West Ham United ត្រូវបានគ្រូបង្វឹកអង់គ្លេស សម្រេចដកឈ្មោះចេញវិញនៃការប្រកួតជម្រុះ World Cup 2022 សម្រាប់ ២ប្រកួតដែលនៅសល់ ដោយសារបញ្ហាជំងឺ។

កីឡាករវ័យ ២២ឆ្នាំ Rice បានចូលលេងក្នុងឈុតធំជម្រើសជាតិតោកំណាចអង់គ្លេស ២៧ដងមកហើយ ស្ថិតក្រោមការបង្វឹករបស់លោក Gareth Southgate។

Rice មិនបានចូលហ្វឹកហាត់ឡើយនៅទីលាន George’s Park ក្នុងការត្រៀមលេងជម្រុះ World Cup 2022 នៅតំបន់អឺរ៉ុបទល់នឹងក្រុមជម្រើសជាតិអាល់បានី និងសាំម៉ារ៉ាំង។

ដូចគ្នានោះដែរ ខ្សែបម្រើតោខៀវ Chelsea គឺ Mason Mount និង Luke Shaw ខ្សែការពារ Manchester United ក៏បានស្ថិតក្នុងមន្ទិលរបស់លោក Southgate ផងដែរ ដ្បិតពួកគេកំពុងមានបញ្ហារបួសមិនទាន់ជាសះស្បើយទៀតផង នៅមុនការប្រកួតនាថ្ងៃទី១២ ខែវិច្ឆិកាទល់នឹងអាល់បានី បន្ទាប់ពី ៣ថ្ងៃក្រោយត្រូវប៉ះសាំងម៉ារ៉ាំង ដោយត្រូវការតែ ៤ពិន្ទុទៀតប៉ុណ្ណោះ ដើម្បីឡើងទៅប្រទេសកាតានាឆ្នាំក្រោយនេះ៕