(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យា និងអេឡិត្រូនិក Sony ត្រូវបានគេរាយការណ៍មកថា បានកាត់បន្ថយសង្វាក់ផលិតកម្ម ឧបករណ៍ហ្គេម PlayStation 5 (PS5) ប្រមាណជា ១លានគ្រឿងនៅក្នុងឆ្នាំនេះ ដោយសារតែបញ្ហាខ្វះសមាសធាតុ និងផ្នែកដឹកជញ្ជូន។ នេះបើយោងតាមការ ចេញផ្សាយ របស់សារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្រុមហ៊ុន Sony បានដាក់ផែនការផលិតឧបករណ៍ហ្គេម PlayStation 5 ឱ្យបាន ១៦លានគ្រឿងនៅក្នុងឆ្នាំនេះ ដើម្បីដាក់លក់នៅក្នុងទីផ្សារ ជុំវិញពិភពលោក ប៉ុន្តែថ្មីៗនេះ សារព័ត៌មាន Bloomberg បានចុះផ្សាយថា ក្រុមហ៊ុន Sony បានកាត់បន្ថយសង្វាក់ផលិតកម្ម PlayStation 5 មកនៅត្រឹមតែ ១៥លានគ្រឿងប៉ុណ្ណោះ ដែលដំណឹងនេះទទួលបានតាមរយៈប្រភពដែលជិតស្និទ្ធ។

ការកាត់បន្ថយសង្វាក់ផលិតកម្មនេះគឺចំពេលដែលបញ្ហាកង្វះខាតបន្ទះឈីបបានកើតមានឡើងជាសកល ហើយក្រុមហ៊ុន Sony ផ្ទាល់ក៏ត្រូវបាន គេរាយការណ៍មកថា បានជួបប្រទះបញ្ហានេះផងដែរ ទើបសម្រេចចិត្តកាត់បន្ថយការផលិត PlayStation 5។

កាលពីខែតុលាកន្លងទៅនេះ ក្រុមហ៊ុន Sony បានប្រកាសឱ្យដឹងថា ខ្លួនអាចនឹងលក់ឧបករណ៍ហ្គេម PlayStation 5 បានត្រឹមតែ ១៤,៨លានគ្រឿងប៉ុណ្ណោះនៅក្នុងឆ្នាំនេះ ខណៈដែលផែនការណ៍កំណត់គឺចំនួន ១៦លានគ្រឿង ដោយការកំណត់រហូតដល់ ១៦លានគ្រឿងនេះ គឺដោយសារតែមនុស្សភាគច្រើនបានសម្រាកនៅផ្ទះ និងត្រូវការលេងហ្គេម ព្រោះតែមិនអាចេញក្រៅបានដោយសារកូវីដ១៩។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ ក្រុមហ៊ុន Sony បានសហការជាមួយនឹងក្រុមហ៊ុនតៃវ៉ាន់ TSMC បោះទុនរួមគ្នា ៧ពាន់លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតបន្ទះឈីបថ្មី មួយ ក្នុងប្រទេសជប៉ុន ក្រោមការជួយជ្រោមជ្រែងពីសំណាក់រដ្ឋាភិបាល ក្នុងគោលដៅដោះស្រាយបញ្ហាកង្វះខាតបន្ទះឈីបក្នុងតំបន់ និងពិភពលោក៕