(ភ្នំពេញ)៖ បុរី វីលៀម និងសាលាបញ្ញាសាស្ត្រអន្តរជាតិ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ បានចុះកិច្ចព្រមព្រៀងលើការសាងសង់ និងបើកដំណើរសាលារៀននៅ បុរី វីលៀម។ កម្មវិធីនេះ ធ្វើឡើងនៅភូមិអង្គជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលស្ថិតនៅគម្រោងបុរី វីលៀម ថ្មីផ្ទាល់តែម្តង។

ដោយមើលឃើញ ពីការរីកចំរើននៅក្នុងតំបន់នេះ គួរឲ្យកត់សំគាល់ពីមួយថ្ងៃទៅមួយថ្ងៃ និងដើម្បីជួយពង្រឹងគុណភាព នៃការអប់រំរបស់ប្អូនៗ កុមារនៅតំបន់នេះ ឲ្យកាន់តែប្រសើរមួយកំរិតទៀត ដូចនេះ សាលាបញ្ញាសាស្ត្រអន្តរជាតិ និងបុរី វីលៀម បានសម្រេចធ្វើកិច្ចសហប្រតិបត្តិការគ្នា ក្នុងការបើកដំណើរសាខា សាលាបញ្ញាសាស្ត្រអន្តរជាតិររបស់ខ្លួនបន្ថែមទៀត ហើយក៏ជាសាខាដំបូងបំផុតរបស់ខ្លួន នៅសង្កាត់កំបូល រាជធានីភ្នំពេញ។

ជាមួយនិងទីតាំងសាលា ដែលជាទីតាំងមានសក្តានុពលបំផុត ដែលស្ថិតនៅក្នុងបុរី វីលៀម គម្រោងថ្មី មានផ្ទៃដីបច្ចុប្បន្នរហូតដល់ជាង១១ហិកតា និងមានវីឡា ជាង២០០ ហើយក៏ជាបុរី ដែលធំជាងគេក្នុងតំបន់ ហើយមានម៉ូតផ្សេងៗពីគ្នា ដែលមានភាពស្រស់ស្អាតខ្លាំង រួមជាមួយគ្នានោះ ក៏មានផ្សារទំនើប វីលៀមផ្លាហ្សារ ដែលកំពុងតែចាប់ផ្តើមសាងសង់ ហើយវាក៏ជាផ្សារទំនើបដំបូងគេ មុនគេនៅក្នុងសង្កាត់កំបូលនេះ។

នៅក្នុងកម្មវិធីនោះដែរ លោក វីលៀម ណារ៉ាម័រ (Mr. William Naramore) ដែលជាម្ចាស់គម្រោងបុរី វីលៀម និងជានាយកប្រតិបត្តិរបស់បុរី វីលៀម បានលើកឡើងថា ដើម្បីចូលរួមលើកកំពស់នៃការអប់រំ និងដើម្បីជួយជំរុញការសិក្សារបស់ប្អូនកុមារនៅតំបន់នេះ ឲ្យកាន់តែប្រសើរមួយកំរិតទៀត និងដោយមើលឃើញពីចក្ខុវិស័យរបស់ សាលាបញ្ញាសាស្ត្រអន្តរជាតិ ដូចគ្នាទៅនឹងចក្ខុវិស័យរបស់បុរី វីលៀម ដូចនេះ កិច្ចព្រមព្រៀងមួយនេះ ក៏បានធ្វើឡើង។

លើសពីនោះ លោកក៏បានប្រកាសថា លោកនឹងផ្តល់នូវអាហាររូបករណ៍ ដល់សិស្សក្រីក្រនៅក្នុងតំបន់នេះ ឲ្យមានឱកាសបានសិក្សានៅសាលាបញ្ញាសាស្ត្រអន្តរជាតិ នៅទីតាំងនេះផងដែរ។

បន្ទាប់មកលោកតាបណ្ឌិត កុល ផេង បិតាស្ថាបនិក និងប្រធានសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និងសាលាបញ្ញាសាស្ត្រអន្តរជាតិ ក៏បានលើកឡើងបន្ថែមថា៖ សាកលវិទ្យាល័យបញ្ញាសាស្ត្រ និងសាលាបញ្ញាសាស្ត្រអន្តរជាតិ មានចក្ខុវិស័យវែងឆ្ងាយក្នុងការអប់រំសិស្ស និស្សិតឲ្យប្រកបវិជ្ជាជីវៈ ដោយសមត្ថភាពខ្ពស់ មានលក្ខណៈនិងចរិយាសម្បត្តិប្រកបដោយសីលធម៌និងគុណធម៌។

លោកតាបន្ដថា ការបង្រៀនត្រូវប្រើភាសាអង់គ្លេស និងភាសាខ្មែរជាយាន។ គោលដៅចម្បងគឺអប់រំកូនខ្មែរ ឲ្យក្លាយជាពលរដ្ឋគំរូដើម្បីសាងសង្គមជាតិ ឲ្យបានថ្កុំថ្កើងប្រកបដោយសីលធម៌ និងព្រហ្មវិហារធម៌។ មាតាបិតា និងគ្រូបង្រៀនមានតួនាទីសំខាន់ណាស់ ក្នុងការអប់រំទាំងកុមារ និងយុវជន។

ក្រោយពីចុះហត្ថលេខា នៃកិច្ចព្រមព្រៀងនេះ រួចរាល់បុគ្គលិករបស់ បុរី វីលៀម និងសាលាបញ្ញាសាស្ត្រអន្តរជាតិ បានទៅទស្សនាផ្ទះគំរូរ និងបានថតរូបអនុស្សាវរីយ៍ជាមួយគ្នា ដោយមនោសសច្ចេតនា ដ៏ស្និតស្នាលផងដែរ។

សូមបញ្ជាក់ផងដែរថា សាលាបញ្ញាសាស្រ្តអន្តរជាតិ នឹងដាក់ឲ្យដំណើរការនៅពេលដែលគម្រោងរួចរាល់ជាស្ថាពរ នៅឆ្នាំ២០២៣ និងបើកថ្នាក់សិក្សា ចាប់ពីថ្នាក់មតេយ្យ បឋម និងមធ្យមសិក្សា។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់៖ ០៨៥ ២០០ ៩០៩/ ០៦៩ ៣២ ៨២ ០២ ទីតាំង៖ http://bit.ly/bwilliam