(ភ្នំពេញ)៖ ប្រព័ន្ធអប់រំឌីជីថលលើអនឡាញរបស់ក្រុមហ៊ុន មិត្តហ្វូន ត្រូវបានផ្ដល់ចំណាត់ថ្នាក់ជា «ដំណោះស្រាយបច្ចេកវិទ្យាព័ត៌មាន ធុរកិច្ចល្អបំផុតប្រចាំឆ្នាំ» ដោយស្ថាប័ន Globee Awards ដែលជាកម្មវិធីផ្ដល់ពានរង្វាន់ និងចំណាត់ថ្នាក់ធុរកិច្ចអន្តរជាតិដ៏ល្បីល្បាញ។

ប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន (SIS) ត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុន មិត្តហ្វូន ដោយមានការគាំទ្រពី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងដោយសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា។
លោក ហ្វុង វ៉ាន់ គឿង អគ្គនាយកក្រុមហ៊ុន មិត្តហ្វូន បានឲ្យដឹងថា តាមផែនការ SIS នឹងត្រូវដាក់ពង្រាយ តាមសាលាចំនួន១,០០០កន្លែងនៅកម្ពុជា ហើយដំណាក់កាលដំបូង ប្រព័ន្ធនេះត្រូវបានសាលារៀនចំនួន៣០០កន្លែង បានប្រើប្រាស់រួចជាស្រេច ដោយក្នុងនោះមានសិស្សចំនួនជាង៣០០.០០០នាក់ និងគ្រូជាង២០.០០០នាក់។
លោក ហ្វុង វ៉ាន់ គឿង បានបន្ដថា ប្រព័ន្ធ SIS ត្រូវបានទទួលស្គាល់ដោយស្ថាប័នអន្តរជាតិ Globee Awards ថាជាកម្មវិធីអប់រំឌីជីថលមួយដែលស្ថិត ក្នុងចំណោមកម្មវិធីលំដាប់កំពូលៗនៅលើពិភពលោក។

លោកថ្លែងបញ្ជាកថា «រួមគ្នាជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗលើពិភពលោក ដូចជា IBM, HP និង Samsung ដែរ ក្រុមហ៊ុនមិត្តហ្វូនប្រចាំកម្ពុជា សម្រេចបានចំណាត់ថ្នាក់លំដាប់កំពូល នៅក្រោមចំណាត់ប្រភេទ នៃពានរង្វាន់ធុរកិច្ចឆ្នើមអន្តរជាតិ ដោយទទួលបានទាំងពានរង្វាន់មាស និងប្រាក់សម្រាប់ប្រព័ន្ធអប់រំឌីជីថលរបស់ខ្លួន»
លោកបានបន្ថែមថា «ពានរង្វាន់ទាំងនេះបញ្ជាក់ជាថ្មីម្ដងទៀត ពីភាពឈានមុខគេរបស់ មិត្តហ្វូន នៅក្នុងវិស័យបច្ចេកវិទ្យាឌីជីថល។ ហើយសមិទ្ធផលនេះកាន់តែលើកទឹកចិត្ត ដល់ក្រុមហ៊ុនបន្ថែមទៀត ក្នុងការនាំមកនូវនវានុវត្តន៍ផ្នែកបច្ចេកវិទ្យា និងឌីជីថលច្រើនថែមទៀតមកក្នុងទីផ្សារកម្ពុជា»

យោងតាមក្រុមហ៊ុន មិត្តហ្វូន បានឲ្យដឹងថា ប្រព័ន្ធ SIS ផ្ដល់នូវអត្ថប្រយោជន៍៣សំខាន់ៗ ដល់អ្នកប្រើប្រាស់រួមមាន៖

១៖ ប្រព័ន្ធនេះផ្ដល់នូវកម្មវិធីអនឡាញ ដែលអ្នកប្រើប្រាស់ អាចចូលប្រើវាបានដោយប្រើអ៊ីនធឺណិត។
២៖ ប្រព័ន្ធនេះផ្ដល់កម្មវិធីសិក្សាបត់បែនបាន ដើម្បីបំពេញតាមតម្រូវការរបស់សាលារៀន។
៣៖ ផ្ដល់នូវអត្ថប្រយោជន៍ផ្នែកតភ្ជាប់ ដោយអ្នកប្រើប្រាស់ប្រព័ន្ធទូរសព្ទមិត្តហ្វូន អាចចូលប្រើប្រព័ន្ធ SIS ដោយមិនគិតថ្លៃអ៊ីនធឺណិត។

គម្រោង SIS បង្កើតឡើងក្នុងគោលដៅចូលរួមចំណែក ដល់កិច្ចអភិវឌ្ឍន៍នៃវិស័យអប់រំរបស់កម្ពុជា តាមរយៈការផ្ដល់សេវាកម្មឌីជីថល ដល់សាលារៀនជាង១០០០កន្លែងនៅទូទាំងប្រទេស។ គម្រោងឌីជីថលនេះមានគោលបំណង លើកកម្ពស់បទពិសោធន៍ របស់សិស្សានុសិស្សតាមរយៈ៖
* បង្កលក្ខណៈឲ្យសិស្សចូលប្រើ តាមរយៈកម្មវិធីអេបទូរសព្ទដៃ ឬកម្មវិធីនៅលើអនឡាញ។
* ផ្ដល់ជម្រើសសម្បូរបែបសម្រាប់ការសិក្សាតាមអនឡាញ។
* ប្រើប្រាស់បច្ចេកវិទ្យា ដើម្បីតាមដានលទ្ធផលសិក្សារបស់សិស្ស និងពង្រឹងកម្មវិធីអន្តរាគមន៍។ * ផ្ដល់លទ្ធភាពដល់បុគ្គលិកសិក្សា ក្នុងការរៀបចំចាត់ចែងថ្នាក់រៀននៅលើអនឡាញ៕