(ភ្នំពេញ)៖ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia បានគូសបញ្ជាក់ថា អ្នកមានធនធានក្នុងខេត្តកំពង់ចាមជាច្រើន ហាក់មើលរំលងឱកាសវិនិយោគវិស័យអចលនទ្រព្យក្នុងខេត្តរបស់ខ្លួន ពិសេសការអភិវឌ្ឍន៍លំនៅឋានផ្សេងៗ ដ្បិតជាខេត្តមួយមានសក្ដានុពល ដែលមានកំណើនសេដ្ឋកិច្ចលំដាប់ Top-3 នៅប្រទេសកម្ពុជា ។

ការលើកឡើងរបស់អ្នកជំនាញខាងលើ បន្ទាប់ពីក្រុមហ៊ុន KW Cambodia បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបើកអនុសាខា KW-KRE ប្រចាំខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលមានការចូលរួមពីលោកស្រី ក្រី ម៉ាយ៉ាន តំណាងអនុសាខា KW-KRE ប្រចាំខេត្តកំពង់ចាម ផងដែរ ។

លោកបន្ដថា កំពង់ចាម ជាខេត្តមួយសម្បូរអ្នកមាន ហើយមានមនុស្សចេញ-ចូលភ្នំពេញ និងមានអាជីវកម្មច្រើន ។ តែអ្វីដែលជាកង្វះខាតរបស់ខេត្តនេះ ទាក់ទងនឹងវិស័យទេសចរណ៍ ដែលមានការផ្សព្វផ្សាយនៅមានកម្រិត គ្រាដែលវិស័យកសិកម្ម គឺល្បីគួរសមហើយ ។ ប៉ុន្ដែអ្វីដែលលោកចាប់អារម្មណ៍ខ្លាំង គឺកំពង់ចាម សម្បូរអ្នកមាន តែមិនសម្បូរអ្នកវិនិយោគ និងអភិវឌ្ឍន៍វិស័យអចលនទ្រព្យទៅវិញ ។

លោកបណ្ឌិត គីម ហ៊ាង បន្ថែមថា «អ្វីដែលខ្ញុំចាប់អារម្មណ៍ខ្លាំង គឺវិស័យអចលនទ្រព្យ ។ កំពង់ចាម គឺជាខេត្តសម្បូរអ្នកមាន ប៉ុន្ដែការសាងសង់នៅកំពង់ចាម នៅតិចបំផុត បើប្រៀបធៀងនឹងខេត្តផ្សេងៗ ។ ខេត្តផ្សេងៗ មានដង់ស៊ីតេប្រជាជននៅតិច ប្រជាជនមានចំណូលតិចមិនសូវសម្បូរអ្នកមាន ប៉ុន្ដែកំពង់ចាម គឺខេត្តសម្បូរអ្នកមាន តែការសាងសង់សណ្ឋាគារ ខុនដូរ បុរី និងកន្លែងលំហែរកម្សាន្ដជាដើម គឺមិនសូវមាន»

«អ្នកមានកំពង់ចាមជាច្រើន គាត់មកទិញផ្ទះ-ដីធ្លីនៅភ្នំពេញ សៀរាម កំពង់សោមជាដើម តែក្នុងខេត្តខ្លួនឯង បែរជាមិនសូវមានអ្នកធ្វើទៅវិញ ។ ចឹងឱកាសវិនិយោគ ពិសេសការសាងសង់នៅកំពង់ចាម គឺធំណាស់ ។ បុរីនៅគ្រប់ខេត្តផ្សេងៗ គេមានទាំងអស់ (បាត់ដំបង សៀមរាប...) តែកំពង់ចាមនេះមួយ ដូចមិនសូវមានអ្នកអភិវឌ្ឍ វាអាចជាទម្លាប់មួយរបស់មនុស្ស ឬអាចថាអត់មានអ្នកធ្វើ ឬក៏ធ្វើតិច»

«ប៉ុន្ដែបើយើងចាប់ផ្ដើម សម្រាប់ខ្ញុំ ក្រោយពីធ្វើនៅភ្នំពេញ ខេត្តមួយណាដែលយើងគួរតែវិនិយោគ? ខ្ញុំមើលឃើញខេត្តកំពង់ចាម គឺជាតំបន់មួយដែលយើងអាចធ្វើបាន ទោះបីជាយើងដឹងថា មានបុគ្គលមួយចំនួនទៅវិនិយោគនៅកំពង់ចាមបរាជ័យ ឬគម្រោងជាច្រើនដំណើរការមិនសូវល្អ ក៏ប៉ុន្ដែខ្ញុំនៅតែមើលឃើញថា អាចធ្វើបាន សម្រាប់ខេត្តកំពង់ចាម»។ នេះបើតាមការបញ្ជាក់របស់លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ។

គួរដឹងថា KW-KRE ប្រចាំខេត្តកំពង់ចាម គឺជាអនុសាខាទី៧ របស់ក្រុមហ៊ុន KW Cambodia ហើយក៏ជាអនុសាខាដំបូង ដែលបានបើក ក្រោយទទួលរងវិបត្តិកូវីដ-១៩ រយៈពេលជិត ២ឆ្នាំកន្លងមកផងដែរ ។ លោកបណ្ឌិត គីម ហ៊ាង បានចាត់ទុកនេះ គឺជាសញ្ញាណវិជ្ជមានមួយ នៃការចាប់ផ្ដើមសកម្មភាព និងការងារក្រុមហ៊ុនធម្មតាឡើងវិញ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសបើកដំណើរការប្រទេសលើគ្រប់វិស័យឡើងវិញ កាលពីថ្មីៗ ៕