(កូរ៉េ)៖ ឥទ្ធិពលនៃភាពល្បីល្បាញរបស់រឿងភាគល្បី «Squid Game» មិនត្រឹមតែធ្វើឲ្យវិស័យភាពយន្តកូរ៉េ ល្បីសុះសាយលើពិភពលោកប៉ុណ្ណោះទេ ងាកមកសិល្បករ-សិល្បការិនី ដែលចូលរួមសម្ដែងក្នុងរឿងនេះជាបន្តបន្ទាប់ ទទួលបានការផ្តល់កិត្តិយសយ៉ាងធំធេង និងរកប្រាក់ចំណូលបានកាន់តែច្រើន តាមរយៈការចាប់អារម្មណ៍ពីក្រុមហ៊ុនបរទេសល្បីៗនានា។ ជាក់ស្តែង តួអង្គសំខាន់ក្នុងរឿងនេះ គឺ Gi Hun ពាក់អាវលេខ ៤៥៦ ត្រូវបានប្រេនដ៏ល្បីរបស់អ៉ីតាលី Gucci ជ្រើសរើសជា Brand Ambassador សាកលប្រចាំប្រេននេះតែម្តង។

បើតាមការចេញផ្សាយ របស់សារព័ត៌មាន Soompi នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះបានឲ្យដឹងថា ដោយសារតែមើលឃើញពីភាពជោគជ័យក្នុងអាជីពសិល្បៈ និងស្ទីលតុបតែងខ្លួន របស់ Gi Hun ដែលមានឈ្មោះពិតថា Lee Jung Jae មានភាពទាន់សម័យនោះ គឺបានធ្វើឲ្យលោកមានកគាំទ្រទូទាំងពិភពលោកស្រឡាញ់ចូលចិត្ត។ ទេពកោសលក្យ និងអ្វីដែលលោកមាន គឺស្រដៀងគ្នាទៅនឹងទស្សនៈរបស់ប្រេន Gucci តែម្តង រហូតមកទល់នឹងពេលនេះ លោកក៏បានក្លាយជា Brand Ambassador សាកលប្រចាំប្រេន Gucci តែម្តង។

លោក Lee Jung Jae ទទួលបានការចាប់អារម្មណ៍ជាសាកល តាមរយៈការសម្តែងជាតួអង្គសំខាន់ ឈ្មោះថា Gi Hun ក្នុងរឿង «Squid Game» ដោយក្នុងរឿងមានស្លៀកសម្លៀកបំពាក់រយីករយៀក លេងល្បែងស៉ីសង ជាដើម ដែលតួអង្គប្រភេទលោក មិនធ្លាប់សម្តែងពីមុនមកឡើយ។

គួរជម្រាបថា តារាសម្តែងកូរ៉េ Lee Jung Jae បន្ទាប់ពីលេចធ្លោក្នុងរឿងខាងលើ លោកទទួលបានប្រជាប្រិយភាពកាន់តែខ្លាំង ពោលគឺត្រូវបានតែងតាំងសម្រាប់ពានរង្វាន់ «តារាសម្តែងឆ្នើម» ពីព្រឹត្តិការណ៍ទទួលពានរង្វាន់ប្រចាំឆ្នាំ Gotham Awards ដែលគ្រោងធ្វើឡើងនៅទីក្រុង New York សហរដ្ឋអាមេរិក នាចុងខែវិច្ឆិកាខាងមុខ និងត្រូវបានអញ្ជើញឲ្យចូលរួម ក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោកដ៏ធំ គឺ LACMA Art និង Film Gala ឆ្នាំ២០២១ ដែលទើបបញ្ចប់ថ្មីៗនេះជាដើម៕