(អាមេរិក)៖ ក្រុមហ៊ុន Google បានបរាជ័យនៅក្នុងបណ្ដឹងឧទ្ធរណ៍ក្នុងការទាមទារឱ្យគណៈកម្មការអឺរ៉ុប (EU) បោះបង់ចោលការចោទប្រកាន់ និងការផាក ពិន័យជាប្រាក់ ២,៤២ពាន់លានអឺរ៉ូ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។

កាលពីខែមិថុនា ឆ្នាំ២០១៧ គណៈកម្មការអឺរ៉ុប បានធ្វើការផាកពិន័យក្រុមហ៊ុន Google នឹងទឹកប្រាក់ចំណូល ២,៤២ពាន់លានអឺរ៉ូ ជុំវិញការ ចោទ ប្រកាន់ថាបានជ្រៀតជ្រែង និងប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនក្នុងការប្រម៉ូតសេវាកម្ម Google Shopping នៅលើ Google Search ដែលវាបាន ខុសនឹងច្បាប់ប្រកួតប្រជែង។

មិនត្រឹមតែបានប្រើប្រាស់ឥទ្ធិពលរបស់ខ្លួននៅក្នុងការប្រម៉ូតសេវាកម្ម Google Shopping នៅលើ Google Search ប៉ុណ្ណោះទេ ក្រុមហ៊ុន Google ត្រូវបានរកឃើញថា បានទម្លាក់តម្លៃសេវាកម្ម និងផលិតផលរបស់គូរប្រកួតប្រជែងថែមទៀតផង។

នៅថ្ងៃទី១០ ខែវិច្ឆិកាម្សិលមិញនេះ តុលាការអឺរ៉ុបបានចេញសេចក្ដីសម្រេចតម្កល់បណ្ដឹងឧទ្ធរណ៍ របស់ក្រុមហ៊ុន Google និងបានផ្ដល់ជម្រើសតែ មួយគត់នោះគឺរង់ចាំពេលវេលាដើម្បីតតាំងនៅមុខតុលាការយុត្តិធម៌អឺរ៉ុប។

កាលពីឆ្នាំ ២០១៩កន្លងទៅនេះ ក្រុមហ៊ុន Google ត្រូវបានគណៈកម្មការអឺរ៉ុបផាកពិន័យប្រមាណជា ១,៥ពាន់លានអឺរ៉ូ ជុំវិការការចោទប្រកាន់ ថា មានភាពលម្អៀងក្នុងការបង្ហាញនូវការផ្សាយពាណិជ្ជកម្មនៅលើកម្មវិធី Google Search និងកាលពីខែកក្កដាកន្លងទៅនេះបានផាកពិន័យ ៥០០លានអឺរ៉ូ ពីបទប្រើប្រាស់អត្ថបទព័ត៌មានដោយគ្មានការអនុញ្ញាតពីម្ចាស់ដើមនៅលើ Google News។

គួរបញ្ជាក់ផងដែរថា Google ត្រូវបានរងការចោទប្រកាន់ប្រឆាំងនឹងការទុកចិត្តជាច្រើនប្រទេសផ្សេងទៀតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលសហភាពអឺរ៉ុបនៅតែបន្តរិះគន់ដ៏ខ្លាំងបំផុតមកលើ ក្រុមហ៊ុន Google៕