(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានបញ្ចប់ការរៀបចំវគ្គសាមគ្ដីអូឡាំពិក ស្ដីពីរដ្ឋបាលកីឡា ប្រចាំឆ្នាំ២០២១ ហើយ ខណៈខេត្តរតនៈគិរី គឺជាខេត្តចុងក្រោយ នៃការរៀបចំឆ្នាំនេះ តាមប្រព័ន្ធអនឡាញ ចាប់ពីថ្ងៃទី០៨-១១ ខែវិច្ឆិកា ដើម្បីបញ្ជ្រាបចំណេះដឹង និងបច្ចេកទេសកីឡា ដល់មន្ដ្រី និងគ្រូកីឡាតាមបណ្ដាខេត្ត ពិសេសជំរុញការផ្សព្វផ្សាយយុទ្ធនាការឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចាត់ទុកវគ្គនេះ គឺជាការរួមចំណែកដ៏សំខាន់ ក្នុងការកសាងសមត្ថភាព និងបច្ចេកទេសដល់មន្ដ្រី ក៏ដូចជាគ្រូអប់រំកាយ និងកីឡា ក្នុងក្របខណ្ឌមន្ទីរអប់រំ យុវជន និងកីឡា ដែលក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឲ្យ NOCC រៀបចំវគ្គនេះឡើង ដើម្បីបន្ថែមនូវគុណតម្លៃ និងចំណេះដឹងកីឡាដល់មន្ដ្រី និងគ្រូកីឡាតាមខេត្ត។

លោកបន្ដថា «យើងសង្ឃឹមថា អ្នកដែលបានបញ្ចប់វគ្គសិក្សានេះ នឹងក្លាយជាទៅអ្នកដែលមានចំណេះដឹងបន្ថែមទៀត ទៅលើវគ្គរដ្ឋបាលកីឡា ទ្រឹស្ដីកីឡា និងបច្ចេកទេសកីឡា ហើយអាចជួយដល់ស៊ីហ្គេមនៅកម្ពុជាផងដែរ។ យើងសង្ឃឹមថា អ្នកចូលរួមវគ្គរដ្ឋបាលកីឡានៅខេត្ដរតនៈគិរីនេះ នឹងមានអ្នកស្ម័គ្រចិត្ត ចូលរួមបម្រើការងារក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣»។

គួរបញ្ជាក់ថា នេះគឺជាលើកទី៤ និងជាវគ្គចុងក្រោយប្រចាំឆ្នាំ២០២១ បន្ទាប់ពី NOCC បានរៀបចំនេះ ៣លើកកន្លងមក នៅរាជធានីភ្នំពេញ ខេត្តតាកែវ និងខេត្តកែប កាលពីថ្មីៗ ក្រោមការធ្វើបទបង្ហាញរបស់គ្រូឧទ្ទេស ៣រូប គឺមានលោក វ៉ាត់ ចំរើន, លោកព្រឹទ្ធបុរសវេជ្ជបណ្ឌិត សុខ សារឿន ប្រធានគណៈកម្មការវេជ្ជសាស្ត្រកីឡា អមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក បឹង គឹមតោ ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា សិស្ស-និស្សិត៕