(ភ្នំពេញ)៖ ស្របតាមការប្តេជ្ញាចិត្ត ក្នុងការផ្តល់នូវសេវាធនាគារ ប្រកបដោយភាពងាយស្រួល និងសុវត្ថិភាពដល់អតិថិជន ធនាគារ ព្រីនស៍ ម.ក បានដាក់ដំណើរការ ម៉ាស៊ីនអេធីអឹម Drive-Through ដំបូងគេបង្អស់នៅកម្ពុជា ដែលមានទីតាំងស្ថិតនៅជាប់ហាងកាហ្វេ Amazon Coffee, Global House Sen Sok ភាគពាយព្យនៃរាជធានីភ្នំពេញ។

ការដាក់ដំណើរការម៉ាស៊ីនអេធីអឹមថ្មីនេះ ត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវេលាម៉ោង១១៖១១ព្រឹក ពីសំណាក់លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក លោក Leslie Lee នាយកប្រតិបត្តិអាជីវកម្ម និងលោក ធាម សុភ័ក្រ្ត នាយក នាយកដ្ឋានបណ្តាញចែកចាយថ្មី ដែលតំណាងឱ្យគណៈគ្រប់គ្រងជាន់ខ្ពស់នៃធនាគារ ព្រីនស៍។

លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក បានថ្លែងថា «ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែបន្ត ហើយស្របពេលដែល យើងទាំងអស់គ្នា ក៏អាចសម្របខ្លួនទៅនឹងការរស់នៅបែប New Normal បានប្រសើរជាងមុនផងនោះ ការកែសម្រួលនៃវិធីសាស្រ្តប្រើប្រាស់សេវាធនាគាររបស់យើង ក៏ត្រូវបានផ្លាស់ប្តូរដើម្បីឲ្យស្របទៅតាមតម្រូវការជាក់ស្តែងរបស់អតិថិជន»

ធនាគារ ព្រីនស៍ ម.ក តែងតែផ្តោតសំខាន់ ទៅលើតម្រូវការរបស់អតិថិជនមុនជានិច្ច ហើយយើងក៏ខិតខំប្រឹងប្រែង ដើម្បីធានាបានថាពួកគេ នឹងទទួលបានបទពិសោធន៍ ដ៏មានសុវត្ថិភាព និងប្រកបដោយភាពងាយស្រួល សម្រាប់តម្រូវការធនាគារប្រចាំថ្ងៃរបស់ពួកគេ ហើយមធ្យោបាយនៃការប្រើប្រាស់ម៉ាស៊ីនអេធីអឹមនេះ ទៀតសោតក៏ជាវិធីសាស្ត្រមួយក្នុងការការពារជំងឺកូវីដ19 ដែលមានដូចជាការរក្សាគម្លាតសង្គម និងជៀសវាងកន្លែងដែលមានមនុស្សអ៊ូអរជាដើម។

លោក ហ៊ន់ សុរចនា បានគូសបញ្ជាក់ថា ការបង្កើតម៉ាស៊ីនអេធីអឹម Drive-Through នេះឡើង គឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងឥតឈប់ឈររបស់យើង ដើម្បី បំពេញនូវគ្រប់តម្រូវការរបស់អតិថិជនឲ្យកាន់តែប្រសើរ។

ម៉ាស៊ីនអេធីអឹម Drive-Through នេះគឺជាមធ្យោបាយថ្មី នៃការប្រើប្រាស់សេវាធនាគារនៅកម្ពុជា ហើយយើងពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានក្លាយជាធនាគារដំបូងគេបង្អស់ ក្នុងការនាំយកសេវាធនាគារប្រកបដោយភាពច្នៃប្រឌិតនេះ មកកាន់ព្រះរាជាណាចក្រកម្ពុជា។ ជាការពិតណាស់ម៉ាស៊ីន អេធីអឹម Drive-Through នេះមានចំនួនតិចតួចតែប៉ុណ្ណោះ នៅតាមបណ្តាតំបន់ប៉ែកអាស៊ីអាគ្នេយ៍ ដែលមានដូចជា ប្រទេសសិង្ហបុរី ប្រ៊ុយណេ ម៉ាឡេស៊ី ថៃ និងឥណ្ឌូនេស៊ីជាដើម។

ជាងនេះទៅទៀត ដោយសារតែភាពជឿនលឿន នៃបច្ចេកវិទ្យាក្នុងការផ្ទៀងផ្ទាត់ ដូចជាប្រព័ន្ធ biometrics និង geolocation អតិថិជនអាចប្រើប្រាស់សេវាធនាគារ កាន់តែមានសុវត្ថិភាព និងមានភាពងាយស្រួលពីចម្ងាយ(ពីគេហដ្ឋានផ្ទាល់) ពីយានជំនិះ ឬនៅតាមបណ្តាសាខាណាមួយដែលនៅជិតពួកគេជាដើម។ ហើយអតិថិជនក៏អាចប្រើប្រាស់សេវាធនាគារទាំងនេះបានកាន់តែងាយស្រួលផងដែរតាមរយៈកម្មវិធី PRINCE Mobile របស់យើង ឬតាមរយៈម៉ាស៊ីន ដក-ដាក់ប្រាក់របស់យើងនៅទូទាំងផ្ទៃប្រទេស។

លោកបន្ថែមទៀតថា ធនាគារ ព្រីនស៍ ម.ក នឹងបន្តស្វែងរកសេវាកម្មធនាគារថ្មីៗ ប្រកបដោយភាពច្នៃប្រឌិត មានសុវត្ថិភាព និងភាពងាយស្រួលបំផុត តាមដែលអាចធ្វើទៅបានដើម្បីបំពេញនូវគ្រប់តម្រូវការហិរញ្ញវត្ថុរបស់អតិថិជន ដែលមានការកើនឡើងឥតឈប់ឈរ។

ម៉ាស៊ីនអេធីអឹម Drive-Through ដំបូងរបស់ធនាគារ ព្រីនស៍នេះ នឹងផ្តល់នូវសេវាកម្មជាច្រើនដល់អតិថិជនរួមមានការដកប្រាក់ ទូទាត់ប័ណ្ណឥណទាន ផ្ទេរប្រាក់ ការបញ្ចូលកាតទូរស័ព្ទ ពិនិត្យសមតុល្យគណនី និងសេវាកម្មជាច្រើនផ្សេងទៀត។ បន្ថែមពីនេះ អតិថិជនរបស់ធនាគារផ្សេង ក៏អាចធ្វើប្រតិបត្តិការដកប្រាក់ ពីម៉ាស៊ីនអេធីអឹម Drive-Through នេះបានដូចគ្នា ដោយគ្រាន់តែប្រើប្រាស់នូវប័ណ្ណម៉ាស្ទ័រកាត វីសា UnionPayនិង ប័ណ្ណ CSS របស់ពួកគេ។

លោក ហ៊ន់ សុរចនា បន្ថែមទៀតថា ម៉ាស៊ីនអេធីអឹមថ្មីនេះ ត្រូវបានបំពាក់បន្ថែមនូវភាពងាយស្រួល និងសុវត្ថិភាពខ្ពស់ដល់អតិថិជន ដោយពួកគេអាចធ្វើប្រតិបត្តិការ ដោយផ្ទាល់ពីលើយានជំនិះ របស់ពួកគេនៅរាល់ពេលដែលពួកគេមានតម្រូវការសាច់ប្រាក់ ឬចង់ធ្វើប្រតិបត្តិការហិរញ្ញវត្ថុណាមួយលើ 24/7 ។

លើសពីនេះទៅទៀត អតិថិជននឹងអស់កង្វល់លើការស្វែងរកចំណតយានយន្ត ដើម្បីដើរទៅកាន់ម៉ាស៊ីនអេធីអឹម ហើយពួកគេនឹងរីករាយជាមួយការ ធ្វើប្រតិបត្តិការ ហិរញ្ញវត្ថុបានលឿនជាងការប្រើប្រាស់ម៉ាស៊ីនអេធីអឹមធម្មតា ជាពិសេសនៅពេលដែលមានការតម្រង់ជួរ ឬនៅក្នុងបរិយាកាសកកស្ទះ ណាមួយកើតឡើង។ មធ្យោបាយនៃការប្រើប្រាស់ម៉ាស៊ីនអេធីអឹមថ្មីនេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការរក្សាគម្លាតសង្គម និងជាវិធីសាស្រ្តការពារខ្លួន ដ៏មានប្រសិទ្ធភាពមួយផងដែរ។

លោក ធាម សុភ័ក្រ្ត នាយក នាយកដ្ឋានបណ្តាញចែកចាយថ្មី បានថ្លែងថា លោកពិតជាមានភាពរីករាយណាស់ ដែលការខិតខំប្រឹងប្រែងរបស់លោក និងក្រុមការងារក្លាយជាការពិត ហើយពិតជាមានសេចក្តីសោមនស្សជាពន់ពេក ដែលអាចផ្តល់នូវសេវាកម្មដ៏មានភាពងាយស្រួលមួយទៅកាន់អតិថិជន៕