(សៀមាប)៖ ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងជំរុញការងារជួសជុលកំពែងក្រុងអង្គរធំប្រវែង២៥ម៉ែត្រ នៅខាងកើតខ្លោងទ្វារដីឆ្នាំងដែលទទួលរងការខូចខាតធ្ងន់ធ្ងរ។ ការងារជួសជុលដែលចាប់ដំណើរការពីខែមីនា ឆ្នាំ២០២១ រហូតមកដល់ពេលនេះសម្រេចបានជាង៩០ភាគរយហើយ។

ដោយឡែក ការងារដែលនៅសេសសល់ ដូចជា ការដាប់ខ្សែក្បាច់ក្បាលជញ្ជាំងកំពែងតាមលំនាំបុរាណ បង្ហាប់ដីផ្នែកខាងលើដោយប្រើកម្ទេចថ្មបាយក្រៀម និងធ្វើឱ្យមានផ្លូវទឹកហូរ ព្រមទាំងរៀបចំជើងទេររបស់ជញ្ជាំងកំពែងឱ្យមានរបៀបរៀបរយ ដោយគ្រោងនឹងបញ្ចប់នាដំណាច់ឆ្នាំ២០២១ខាងមុខ។

សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៣ មកដល់បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរាបានធ្វើការជួសជុលកំពែងក្រុងអង្គរធំ ដែលទទួលរងការខូចខាតខ្លាំងបានចំនួន១០កន្លែង មានប្រវែងសរុបចំនួន១៦០ម៉ែត្រ៕