(អាមេរិក)៖ តារាសម្តែងប្រុសរបស់អាមេរិកវ័យ ៥២ឆ្នាំ ដែលល្បីល្បាញខ្លាំង តាមរយៈការដើរតួជាវីរៈបុរសស្រមោច «Ant-Man» លោក Paul Rudd ថ្មីៗនេះ ត្រូវបានទស្សនាវដ្តី People ដាក់រហស្សនាមឲ្យថា ជាបុរសដែលសិចស៉ីជាងគេលើលោក ប្រចាំឆ្នាំ២០២១ ខណៈកាលពីឆ្នាំមុនតំណែងនេះ បានទៅលើតារាសម្តែងប្រុស Michael B.Jordan។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន ABC នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។

ការប្រកាសតំណែងថ្មី ក្នុងនាមជាបុរសសិចស៉ីជាងគេលើលោក របស់តារាល្បីតួអង្គ Ant Man ដោយទស្សនាវដ្តី People នេះ គឺត្រូវបានធ្វើឡើងក្នុងកម្មវិធី «The Late Show» នៅថ្ងៃអង្គារ៍សប្តាហ៍នេះ។ តំណែងបុរសសិចស៉ីលើកលោក កាលពីឆ្នាំ២០២០ កន្លងទៅ គឺបានទៅលើតារាសម្តែង Michael B.Jordan តែពេលនេះត្រូវបានជំនួសអ្នកថ្មី គឺតួអង្គ Ant Man។ តែយ៉ាងណា នៅមានតារាប្រុសល្បីៗជាច្រើនទៀត ដែលធ្លាប់ទទួលបានរហស្សនាម ជាបុរសសិចស៉ីលើលោកនេះ គឺមានដូចជា John Legend, Dwayne Johnson ហៅ The Rock, David Backham និង Chris Hemsworth ជាដើម។

គួរជម្រាបថា តារាសម្ដែងវ័យ៥២ឆ្នាំ តួអង្គ Ant Man ត្រូវបានគេដឹងថា ចូលប្រឡូកក្នុងអាជីពជាតារាសម្ដែង អស់រយៈពេល៣០ឆ្នាំមកហើយ ដោយលោកបានចាប់ផ្ដើមដំបូង ជាមួយការសម្ដែងក្នុងរឿងភាគកំប្លែង របស់ប៉ុស្តិ៍ទូរទស្សន៍ដែលមានចំណងជើងថា «Friends» រួចក៏បានកាន់កាប់តំណែងធំក្នុងភាពយន្តកំប្លែង «Knocked Up» និងក្រោយមកក៏បានដើរតួជា វីរៈបុរសស្រមោច «Ant-Man» ដែលកាន់តែធ្វើឲ្យទស្សនិកជនទូទាំងពិភពលោកស្គាល់កាន់តែខ្លាំងឡើង៕