(ភ្នំពេញ)៖ តារាសម្តែង និងជាតារាចម្រៀងជើងចាស់មួយរូបរបស់កម្ពុជា មានឈ្មោះបោះសំឡេងនាជំនាន់ទស្សវត្ស៦០-៧០ គឺលោកស្រី កែវ មន្ថា បានទទួលមរណភាពហើយ ក្នុងជន្មាយុ៧៧ឆ្នាំ ដោយសារជំងឺស្ទះសរសៃឈាម និងលើសឈាម។ នេះជាដំណឹងដ៏ក្រៀមក្រំមួយ មិនសម្រាប់តែក្រុមគ្រួសារសាច់ញាតិរបស់លោកស្រី កែវ មន្ថា ទេ គឺអ្នកសិល្បៈជំនាន់ក្រោយ និងមហាជនខ្មែរ ក៏មានការចូលរួមសោកស្តាយផងដែរ ព្រោះការបាត់បង់លោកស្រី កែវ មន្ថា ត្រូវបានគេចាត់ទុកថា ជាការបាត់បង់សិល្បការិនីជើងចាស់ ដ៏មានទេពកោសល្យមួយរូបរបស់កម្ពុជា។

បើតាមតារាចម្រៀង ស៊ូ ស៉ីរីកា ដែលជាចៅស្រីបង្កើតរបស់លោកស្រី កែវ មន្ថា បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងនៅមុននេះបន្តិចថា លោកយាយរបស់ខ្លួន (លោកស្រី កែវ មន្ថា) បានទទួលមរណភាពនៅវេលាយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១២៖៣០នាទី ក្នុងជន្មានយុ៧៧ឆ្នាំ។

តារាស្រីរូបនេះបានបន្តថា លោកយាយរបស់ខ្លួនបានទទួលមរណភាព ដោយសារជំងឺលើសឈាម និងស្ទះសរសៃឈាមបេះដូង។ បច្ចុប្បន្នពីធីបុណ្យសព គឺកំពុងប្រារព្ធនៅគេហដ្ឋាននៃសពផ្ទាល់តែម្តង នៅផ្ទះលេខ៦ (ខាងក្រោយសាលាបឋមសិក្សាទួលគោក) ផ្លូវ៥៥៤ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

គួរជម្រាបថា លោកស្រី កែវ មន្ថា គឺជាតារាចម្រៀង និងជាតារាសម្តែងជើងចាស់ដ៏ល្បីមួយរូបរបស់ប្រទេសកម្ពុជា។ លោកស្រីបានបង្កើតស្នាដៃជាច្រើន នៅក្នុងវិស័យភាពយន្ត ដោយស្នាដៃភាពយន្ត ដែលលោកស្រីបានសម្តែង រួមមានរឿង «ស្បៃក្រហម», រឿង «ងាកមើលក្រោយផង», រឿង «ចិត្តម្តាយ ឬ គូកម្មទេបង», រឿង «សង្សារឧត្តមដួងចិត្ត», រឿង «សំណើចចំអកនៃព្រហ្មលិខិត», រឿង «ផ្ការាំទឹករាំ» និងរឿងល្បីៗជាច្រើនទៀត ខណៈបទចម្រៀងមានដូចជាបទល្បី «ខ្យល់កំពូលភ្នំ» ជាដើម៕