(ស៊ីដនី)៖ ក្រុមបាល់ទាត់ជម្រើសជាតិអូស្ត្រាលី ទំនងជានឹងគ្មានវត្តមានកីឡាករ Harry Souttar សម្រាប់ការប្រកួតជម្រុះ World Cup នៅសប្តាហ៍ក្រោយ ដែលត្រូវប៉ះនឹងក្រុមចិន នាទីក្រុង Sharjah របស់សហព័ន្ធអារ៉ាប់រួម បន្ទាប់ពីខ្សែការពាររូបនេះ បានរងរបួសហើយត្រូវបានលើកចេញពីទីលាន អំឡុងពេលប្រកួតលទ្ធផលស្មើ០-០ ជាមួយអារ៉ាប៊ីសាអូឌីត នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។

 ខ្សែការពារកណ្តាល លេងនៅក្លិប Stoke City រូបនេះ បានដួលនៅលើទីលាន Western Sydney ដោយមានការឈឺចាប់ បន្ទាប់ពីយកជើងរបស់លោក ទៅទប់នឹងការវាយសម្រុករបស់ក្រុមអារ៉ាប៊ីសាអូឌីត។

«ធ្ងន់ធ្ងរខ្លាំងណាស់, ប្រហែលជាលឿនពេក សម្រាប់ខ្ញុំដើម្បីនិយាយច្រើនអំពីវា, គាត់មានការឈឺចាប់យ៉ាងខ្លាំង។ គាត់នឹងត្រូវថតស្កេននៅថ្ងៃស្អែក ប៉ុន្តែខ្ញុំមិនគិតថា គាត់នឹងត្រូវមកសហព័ន្ធអារ៉ាប់រួមនោះទេ», នេះបើតាមសម្តីអ្នកចាត់ក្រុមអូស្ត្រាលី លោក Graham Arnold បានលើកឡើងអំពីបញ្ហារបួស បន្ទាប់ពីការប្រកួត។

លោក Arnold បន្ថែមថា «ក្នុងពេលវេលានេះ ខ្ញុំពិតជាមានអារម្មណ៍ថាមិនល្អទេ សម្រាប់កីឡាករ Harry គាត់គឺជាកីឡាករល្អ ហើយខ្ញុំជឿជាក់ថា គាត់គឺជាខ្សែការពារកណ្តាលដ៏ល្អបំផុត នៅតំបន់អាស៊ី»

បច្ចុប្បន្នក្រុមអារ៉ាប៊ីសាអូឌីត កំពុងឈរនៅកំពូលតារាងពូល B នៅពាក់កណ្តាលផ្លូវ នៃវគ្គជម្រុះ World Cup ប្រចាំតំបន់អាស៊ី ដែលកំពុងមាន ៣ពិន្ទុ នាំមុនអូស្ត្រាលី ជាបណ្តោះអាសន្ន ក្រុមកំពូល ២ក្រុមក្នុងការប្រកួតវគ្គជម្រុះនេះ នឹងឡើងដោយស្វ័យប្រវត្តិ សម្រាប់ការប្រកួតនៅប្រទេសកាតា នាឆ្នាំក្រោយ៕