(រីយ៉ូ)៖ ក្រុមជម្រើសជាតិបាល់ទាត់ប្រេស៊ីល បានយកឈ្នះក្រុមជម្រើសជាតិកូឡុំប៊ី ១-០ នៅការប្រកួតវគ្គជម្រុះពានរង្វាន់ FIFA World Cup Qatar 2022 បន្ទាប់ពីបញ្ចប់ការប្រកួតជានាកីឡដ្ឋាន Neo Quimica Arena នាទីក្រុង Sao Paulo នាមជាក្រុមកំពូលនៃតំបន់អាមេរិកឡាទីន ដែលមានក្រុមអាហ្សង់ទីន, អាក្វាឌ័រ សុទ្ធតែជាក្រុមរកបានពិន្ទុល្អជាងគេគិតត្រឹម ១៣ប្រកួត។

ស្ថិតក្នុងការប្រជែងវគ្គជម្រុះតំបន់អាមេរិកខាងត្បូង ក្រុមជើងឯក ៥សម័យកាលពាន World Cup ប្រេស៊ីល បាននាំមុខគេក្នុងចំណោម ១០ក្រុមរកបាន ៣៤ពិន្ទុ ដែលនាំមុខក្រុមអាហ្សង់ទីន ដែលទើបរកបាន ២៥ពិន្ទុ តែក្រុមកូឡុំប៊ី នៅតែជួបការលំបាក់ក្នុងចំណោមកៅអី ៥ក្រុមឡើងវគ្គបន្ត ជាមួយក្រុមឈីលី និងក្រុមអ៊ុយរូហ្គាយ ដែលក្រុមទាំង៣ កំពុងមាន ១៦ពិន្ទុស្មើគ្នាដែលនៅសល់ ៥ទៅ៦ប្រកួតទៀតត្រូវបញ្ចប់វគ្គជម្រុះនេះ។

រំលឹកផងថា ការប្រកួតពានរង្វាន់ FIFA World Cup Qatar 2022 គ្រោងធ្វើឡើងចាប់ពីថ្ងៃទី២១ ខែវិច្ឆិកាដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នៅប្រទេសកាតា ដែលមាន ៣២ប្រទេសចូលរួមប្រជែងវគ្គផ្តាច់ព្រ័ត្រ៕