(ម៉ាឌ្រីដ)៖ លោក Carlo Ancelotti ដែលកំពុងដឹកនាំក្លិបបាល់ទាត់ Real Madrid នោះបានថ្លែងប្រាប់ទូរទស្សន៍ ESPN ថា រូបលោកមិនបានការងារដឹកនាំក្រុមជម្រើសជាតិអាសូរីអ៉ីតាលីឡើយ ដោយលោកថា ផ្តោតតែលើការដឹកនាំក្លិបតែប៉ុណ្ណោះ។

លោកថា «សព្វថ្ងៃនេះលោកពេញចិត្តក្នុងការដឹកនាំក្លិបខ្លាំងណាស់ ពុំមានពេលគិតដល់ការដឹកនាំជម្រើសជាតិឡើយ តែបើកាលៈទេសៈប្រែប្រួលយ៉ាងណានោះ ក៏តាមហ្នឹងទៅ គ្រាដែលបច្ចុប្បន្ននេះគឺអត់មានអារម្មណ៍ទេ»

គួរដឹងថា Ancelotti បានត្រឡប់មកដឹកនាំ Real Madrid ជាលើកទី២ របស់លោក ដោយធ្លាប់ដឹកនាំក្រុម Los Blancos ឈ្នះជើងឯកពាន Champions League, UEFA Super Cup, Club World Cup និងពាន Copa del Rey នៅចន្លោះឆ្នាំ២០១៣ ដល់ឆ្នាំ២០១៥ កាលលោកដឹកនាំលើកទី១។

តែយ៉ាងណា Madrid បច្ចុប្បន្នក៏ស្ថិតនៅលេខរៀងទី២ ក្នុងតារាង La Liga រដូវកាលនេះដែរ ចាញ៉ប្រៀបក្រុមកំពូលតារាង Real Sociedad តែ ១ពិន្ទុប៉ុណ្ណោះ មុនសម្រាកលីគ ដើម្បីទុកឱកាសកីឡាករនានាទៅលេងនៅជម្រើសជាតិជម្រុះ World Cup 2022។

មួយវិញទៀត ក្រុមជម្រើសជាតិអ៉ីតាលី ដែលស្ថិតក្រោមការបង្វឹករបស់លោក Roberto Mancini ដែលមានកិច្ចសន្យាដល់ឆ្នាំ២០២៦ ផងនោះ បានដឹកនាំឈ្នះពានអឺរ៉ុប UEFA Euro 2020 និងជាប់ចំណាត់ថ្នាក់លេខ៣ នៅពាន UEFA Nations League ជាមួយនឹងកំណត់ត្រាថ្មីលេង ៣៧ប្រកួតមិនចាញ់ផងដែរ៕