(ប៉ារីស)៖ France Football ដែលជាស្ថាប័នប្រគល់ពានបាល់មាស Ballon d’Or បានចេញមកច្រានចោលព័ត៌មានដែលបំភ្លៃថា ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi ជាអ្នកឈ្នះពានបាល់មាសនេះសម្រាប់ឆ្នាំ២០២១។

ការទាត់ចោលព័ត៌មានខាងលើបានធ្វើឡើង បន្ទាប់ពីស្ថានីយទូរទស្សន៍ និងវិទ្យុដ៏ល្បីល្បាញរបស់ព័រទុយហ្កាល់ និងបណ្តាញ Internet ផ្សព្វផ្សាយព្រោងព្រាតថា តារាឆ្នើមរបស់ PSG នឹងទទួលបានពាននេះលើកទី៧ ដែលពិធីប្រគល់ និងទទួល នឹងធ្វើឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមហាស្រព Theatre du Chatelet ស្ថិតក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។

លោក Pascal Ferre អ្នកដែលចេញពានរង្វាន់បុគ្គលដ៏មានកិត្យានុភាពបំផុតរបស់កីឡាបាល់ទាត់ Ballon d'Or ក្នុងបទសម្ភាសជាមួយសារព័ត៌មាន Bild បានហៅការផ្សាយនោះថា ជាលទ្ធផលដែលមិនត្រឹមត្រូវ ហើយជាការបំភ្លើសដ៏ធ្ងន់ធ្ងរ។

«មានការផ្សាយបំភ្លៃច្រើនណាស់ ដូចដែលយើងបានឃើញ ប្រមាណ ១០ថ្ងៃមកនេះ។ វាជាការបំភ្លើស ហួសហេតុពេកហើយ»។ នេះជាការបញ្ជាក់របស់លោក Ferre ទៅកាន់ Bild។

សូមជម្រាបថា ក្រៅពី Messi គឺមានកីឡាករឆ្នើមមួយចំនួនទៀត ដែលអាចឈ្នះបាល់មាសឆ្នាំ២០២១ ហើយក្នុងនោះខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លិប Bayern Munich លេចធ្លោជាងគេ។ សូម្បីតែលោក Luis Suarez អតីតកីឡាករជម្រើសជាតិអេស្ប៉ាញ ដែលឈ្នះពានបាល់មាស Ballon d'Or កាលពីឆ្នាំ១៩៦០ បានសន្យាថា គាត់នឹងប្រគល់ពានរង្វាន់នេះទៅឲ្យ Lewandowski បើសិនជាគាត់នៅតែមិនទទួលបានបាល់មាសនេះក្នុងឆ្នាំ២០២១។

ប៉ុន្តែបើសិនជាការទទួលបានបាល់មាស លើកទី៧ របស់ Messi កើតឡើងមែន ធ្វើឲ្យគាត់ជាប់ឈ្មោះជាប្រវត្តិសាស្ត្រ ដែលក្នុងនោះ Ronaldo តាមពីក្រោយ គឺធ្លាប់ឈ្នះបាល់មាស ៥ដង គ្រាដែល Michel Platini ឈ្នះបាន ៤ដង ហើយ Johan Cruyff និង Marco van Basten ឈ្នះបាន ៣ដងដូចគ្នា៕