(ភ្នំពេញ)៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីរិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៉ិនសួរេន ម.ក (អេ អាយ អេ ខេមបូឌា) និង ធនាគារកម្ពុជាសាធារណៈ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ បានបន្តភាពជាដៃគូអាជីវកម្មប៊េងកាសួរេន ដើម្បីជួយឲ្យមានកំណើនការប្រើប្រាស់សេវាធានារ៉ាប់រង ក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុរយៈពេលវែង និងកាន់តែទូលំទូលាយជូនអតិថិជន។

អេ អាយ អេ ខេមបូឌា គឺជាដៃគូអាជីវកម្មប៊េងកាសួរេនផ្តាច់មុខរបស់ធនាគារកម្ពុជាសាធារណៈ តាំងពីឆ្នាំ ២០១៧ ហើយឥឡូវនេះត្រូវបន្តរយៈពេល ១៥ ឆ្នាំទៀត ដើម្បីពង្រឹងភាពជោគជ័យនៃកិច្ចសហការនេះ។ ក្រុមហ៊ុនទាំងពីរនឹង ផ្តល់គុណតម្លៃបន្ថែម ជូនអតិថិជនតាមរយៈ ការបន្តបង្កើនការយល់ដឹង អំពីសេវាធានារ៉ាប់រង និងការពង្រឹងសេវាកម្មរបស់ខ្លួនក្នុងនាម ជាដៃគូអាជីវកម្មប៊េងកាសួរេន ឈានមុខគេ ក្នុងប្រទេសកម្ពុជា។

ជាមួយនឹងការបន្តភាពជាដៃគូនេះ អតិថិជនរបស់ធនាគារកម្ពុជាសាធារណៈ អាចបន្តទទួលបានផលិតផលធានារ៉ាប់រង និងការប្រឹក្សារបស់ អេ អាយ អេ ខេមបូឌា កាន់តែងាយស្រួល រួមជាមួយការផ្តល់ជូនពិសេសនានា និងសេវាកម្មល្អៗជាច្រើន ពីក្រុមហ៊ុនទាំងពីរនេះ។ ភាពជាដៃគូនេះ ដើរតួនាទីជាកន្លែងផ្តល់សេវាកម្មសម្រាប់បុគ្គល និងក្រុមហ៊ុននានាក្នុងការទទួលបាន ទាំងសេវាកម្មធនាគារដែលមានគុណភាពខ្ពស់ និងដំណោះស្រាយធានារ៉ាប់រងអាយុជីវិត ដែលស្របតម្រូវការហិរញ្ញវត្ថុរបស់ពួកគេនៅកន្លែងតែមួយ។

ពិធីចុះហត្ថលេខាបន្តភាពជាដៃគូនេះ មានការចូលរួមពីថ្នាក់ដឹកនាំនៃក្រុមហ៊ុនទាំងសងខាង រួមនិងអតិថិជនបួននាក់ដំបូងផងដែរ។ អតិថិជនទាំង ៤នាក់ បានសម្តែងនូវភាពសប្បាយរីករាយ និងការពេញចិត្តជាខ្លាំង ក្នុងការទទួលបានការការពារ ផ្នែកហិរញ្ញវត្ថុ ហើយបន្តការប្រើប្រាស់ រហូតដល់សព្វថ្ងៃនេះ។

ក្នុងពិធីចុះហត្ថលេខានេះ លោក Andrew Loh អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានថ្លែងថា «ភាពជាដៃគូរបស់យើង មិនត្រឹមតែពង្រឹងការប្តេជ្ញាចិត្តចំពោះអតិថិជនរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយឱ្យយើងពង្រឹងការខិតខំប្រឹងប្រែងរបស់យើង ដើម្បីជួយប្រជាជនកម្ពុជាឱ្យមានសុខភាព និងជីវិតកាន់តែប្រសើរឡើង។ សូមអរគុណ ដល់ធនាគារកម្ពុជាសាធារណៈ ហើយឥឡូវនេះយើងមានជំហរកាន់តែរឹងមាំ ក្នុងការផ្សព្វផ្សាយអំពីសារៈសំខាន់នៃសេវាធានារ៉ាប់រងអាយុជីវិត និងផ្តល់ជូនវេទិកាហិរញ្ញវត្ថុដ៏មានអត្ថប្រយោជន៍ ដើម្បីការពារសុខុមាលភាពនាពេលអនាគតរបស់ប្រជាជនកម្ពុជាឲ្យបានកាន់តែច្រើន»។

លោក Ong Ming Teck អគ្គនាយកប្រតិបត្តិនៃធនាគារកម្ពុជាសាធារណៈ បានថ្លែងដែរថា «កិច្ចសហការរបស់យើងជាមួយ អេ អាយ អេ ខេមបូឌា នឹងបំពេញបន្ថែមនូវបទពិសោធន៍សេវាកម្មហិរញ្ញវត្ថុដ៏ងាយស្រួល និងទូលំទូលាយ។ ធនាគារកម្ពុជាសាធារណៈ ផ្តោតការយកចិត្តទុកដាក់ជាខ្លាំង ទៅលើសេវាកម្មជូនអតិថិជន ហើយយើងនឹងបន្តផ្តល់សេវាកម្ម ក៏ដូចជាផលិតផលប្រកបដោយភាពច្នៃប្រឌិត ដែលស្របតាមតម្រូវការអតិថិជនរបស់យើង។ ការបន្តភាពជាដៃគូនេះ នឹងជួយអតិថិជនបំពេញតម្រូវការសន្សំ និងការការពារបន្ថែមទៀត»។

ដើម្បីធ្វើឲ្យភាពជាដៃគូនេះកាន់តែមានអត្ថន័យ អេ អាយ អេ ខេមបូឌា និងធនាគារកម្ពុជាសាធារណៈ នឹងចូលរួមថវិកាសរុប ១០,០០០ដុល្លារ ដល់យុទ្ធនាការ Fit for Hope របស់ ក្រុមហ៊ុន អេ អាយ អេ ខេមបូឌា ដែលជាយុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ទូទាំងប្រទេស និងជារៀងរាល់ខែតុលា។

សម្រាប់ព័ត៌មានបន្ថែមអំពីការផ្តល់ជូនរបស់ អេ អាយ អេ ខេមបូឌា តាមរយៈធនាគារកម្ពុជាសាធារណៈ និងរបៀបដែលពួកគេអាចធ្វើការដើម្បីផលប្រយោជន៍ហិរញ្ញវត្ថុរបស់អ្នក សូមទាក់ទងសេវាកម្មអតិថិជនរបស់ អេ អាយ អេ តាមរយៈលេខ 086 999 242 ឬចូលទៅកាន់គេហទំព័រ aia.com.kh ។

សូមជម្រាបថា អេ អាយ អេ គ្រុប លីមីតធីត និង សាខា (តទៅហៅថា អេ អាយ អេ «AIA» ឬ គ្រុប «Group») មានក្រុមហ៊ុនធានារ៉ាប់រងជីវិត នៅទូទាំងតំបន់អាស៉ី ដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន ១៨ ប្រទេសនៅអាស៉ីប៉ាស៉ីហ្វិក - សាខាគ្រប់គ្រងទាំងស្រុង និង ក្រុមហ៊ុនបុត្រសម្ព័ន្ធនៅទីក្រុងហុងកុង SAR ប្រទេសថៃ សឹង្ហបូរី ម៉ាឡេស៉ី ចិនដីគោក កូរ៉េខាងត្បូង ហ្វីលីពិន អូស្ត្រាលី ឥណ្ឌូនេស៉ី (ចិន) តៃវ៉ាន់ រៀតណាម ញ៉ូហ្ស៊ីលែន ម៉ាកាវ SAR ប៊្រុយណេ កម្ពុជា មីយ៉ាន់ម៉ា ក្រុមហ៊ុនបុត្រសម្ព័ន្ធដែល ៩៩ ភាគរយនៅប្រទេសស្រីលង្កា និង ក្រុមហ៊ុនបណ្ដាក់ទុនរួម ៤៩ ភាគរយនៅប្រទេសឥណ្ឌា។

ក្នុងពេលបច្ចុប្បន្ន អាជីវកម្មរបស់ក្រុមហ៊ុន គឺដូចគ្នានិង អេអាយអេ ដែលត្រូវបានបង្កើតឡើងលើកដំបូងនៅទីក្រុងសៀងហៃ កាលពីមួយសតវត្សកន្លងទៅក្នុងឆ្នាំ១៩១៩ ជាក្រុមហ៊ុនឈានមុខគេមួយនៅលើទីផ្សារ ក្នុងតំបន់អាស៉ីប៉ាស៉ីហ្វិក (អតីត-ជប៉ុន) ដោយផ្តោតទៅលើបុព្វលាភធានារ៉ាប់រងជីវិត និង មានតួនាទីនាំមុខគេនៅគ្រប់ទីផ្សារភាគច្រើនរបស់ខ្លួន។ ក្រុមហ៊ុនមានទ្រព្យសម្បត្តិសរុបចំនួន ៣២៦ ពាន់លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។