(ភ្នំពេញ)៖ ក្រុមហ៊ុនផ្តល់សេវាកម្មគ្រប់គ្រងអចលនទ្រព្យអន្តរជាតិ Chestertons ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានប្រកាសបើកដំណើរការនៅកម្ពុជាចាប់ពីឆ្នាំ ២០២២តទៅ ដោយបញ្ជាក់ថា កម្ពុជាជាទីផ្សារ «គន្លឹះ, រីកចម្រើនខ្លាំង» ស្របតាមយុទ្ធសាស្រ្តពង្រីកខ្លួននៅតំបន់អាស៊ី។

ក្រុមហ៊ុនលំដាប់អន្តរជាតិ ដែលមានអាយុកាល ២១៦ឆ្នាំនេះ បានដាក់បញ្ចូលប្រតិបត្តិការនៅកម្ពុជា ទៅក្នុងបណ្តាញកម្រិតអន្តរជាតិជាង ១០០ ការិយាល័យរបស់ខ្លួន តាមរយៈការទិញយកប្រតិបត្តិការក្រុមហ៊ុន Focus Property Co., Ltd ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ។

ក្រុមហ៊ុន Chestertons Cambodia នឹងដំណើរការដោយមានក្រុមការងារចំនួន ៥៥នាក់ជំហ៊ានដំបូង ហើយត្រូវដឹកនាំដោយលោក ជី មាត និង កញ្ញា សាម ចាន់ធូ ដើម្បីផ្តល់សេវាកម្មទាក់ទងនឹងអចលនទ្រព្យលំនៅដ្ឋាននិងពាណិជ្ជកម្ម ដោយផ្តោតឯកទេសខាងផ្នែកសេវាគ្រប់គ្រងអចលនទ្រព្យ។

លោក Salah Mussa ប្រធានក្រុមហ៊ុន Chestertons បញ្ជាក់ថា «យើងមានសេចក្តីសោមនស្ស ក្នុងការដំណើរការក្រុមហ៊ុន Chestertons Cambodia និងស្វាគមន៍យ៉ាងកក់ក្តៅក្រុមហ៊ុន Focus Property មកកាន់គ្រួសារ Chestertons ដែលជាក្រុមហ៊ុនមានការរីកធំធាត់ជាដរាប។ ក្រុមហ៊ុន Chestertons Cambodia ដែលជាក្រុមហ៊ុនថ្មីជាងគេនៃសមាជិក Franchise របស់យើង នឹងទទួលបានប្រយោជន៍ជាច្រើនពីបណ្តាញដ៏ទូលំទូលាយ និងប្រកបដោយជំនាញរបស់យើង រួមទាំងប្រយោជន៍ពីម៉ាកយីហោក្រុមហ៊ុន Chestertons ដែលល្បីល្បាញកម្រិតអន្តរជាតិ»

លោក Salah Mussa អះអាងថា «ការផ្តោតជាសំខាន់របស់ក្រុមការងារលើសេវាកម្មគ្រប់គ្រងអចលនទ្រព្យបង្ហាញពីជំនាញ និងធនធានសម្បូរបែបរបស់យើង។ ការដាក់គោលដៅខ្ពស់ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈក្នុងការងារ គឺជាគុណសម្បត្តិដ៏ល្អ ដើម្បីឲ្យយើងបំពេញការងារបានយ៉ាងប្រសើរ»

លោក Salah Mussa បញ្ជាក់ថា «នៅជាង១២ខែចុងក្រោយនេះ យើងបានបង្ហាញខ្លួនដោយបើកដំណើរការទីផ្សារថ្មីចំនួន ៧ ដែលគិតមកទល់ពេលនេះ យើងបើកដំណើរការចំនួន ១៥ ប្រទេសជុំវិញពិភពលោក។ យើងនឹងមិនសម្រាកត្រឹមប៉ុនហ្នឹងទេ យើងសង្ឃឹមថានឹងបន្តដំណើរដ៏អស្ចារ្យនេះដោយពង្រីកខ្លួនបន្តទៀតទៅកាន់ពិភពលោកនៅឆ្នាំ ២០២២ និងឆ្នាំក្រោយៗទៀត»

យោងតាមសេចក្តីប្រកាសព័ត៌មាន ក្រុមហ៊ុនអចលនទ្រព្យ Chestertons បានបង្ហាញពីផែនការបន្ទាប់នៃការពង្រីកខ្លួន ដោយដាក់ការិយាល័យថ្មីៗបន្ថែមទៀតនៅតំបន់អាស៊ី និងពង្រឹងប្រតិបត្តិការសេវាអចលនទ្រព្យលំនៅដ្ឋានដែលមានស្រាប់នៅទីក្រុងឌូបៃ ដែលជាទីក្រុងពាណិជ្ជកម្មនៅប្រទេសអេមីរ៉ាត់អារ៉ាប់រួម ៕