(ប៉េកាំង)៖ ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុង Guangzhou Marathon ឆ្នាំ២០២១នេះ នឹងត្រូវពន្យារពេល ដោយសារតែការរីករាលដាល នៃជំងឺកូវីដ-១៩។ នេះបើតាមការប្រកាសពីអ្នករៀបចំកម្មវិធី ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មានស៊ិនហួ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។

«ដោយសារតែស្ថានភាពបច្ចុប្បន្ន នៅក្នុងការទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាល ដើម្បីការពារសុខភាពឲ្យមានប្រសិទ្ធភាព និងសុវត្ថិភាពសម្រាប់អ្នករត់ប្រណាំង បុគ្គលិក និងពលរដ្ឋនោះ គណៈកម្មាធិការរៀបចំបានសម្រេចពន្យារពេលព្រឹត្តិការណ៍ Guangzhou Marathon ឆ្នាំ២០២១នេះ» នេះបើតាមគណៈកម្មាធិការរៀបចំបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។

ចិនដីគោក នៅថ្ងៃព្រហស្បតិ៍ បានរាយការណ៍ថា បានរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ចំនួន៧៩ករណី ជាការឆ្លងក្នុងតំបន់ នេះបើយោងតាមគណៈកម្មការសុខភាពជាតិចិន បានឲ្យដឹងនៅក្នុងរបាយការណ៍ប្រចាំថ្ងៃ។

គួរបញ្ជាក់ថា Guangzhou Marathon ឆ្នាំ២០២១ ដំបូងឡើយ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី១២ ខែធ្នូខាងមុខ។ Guangzhou បានក្លាយជាទីក្រុងចុងក្រោយគេ របស់ចិន ដែលត្រូវបានពន្យារពេល ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុង បន្ទាប់ពីទីក្រុង Shanghai Xiamen និងទីក្រុង Nanning ដែលបានពន្យារពេល ការរត់ប្រណាំងរបស់ពួកគេ៕