(បាងកក)៖ ក្រុមហ៊ុនថាមពលដ៏ធំ និងជាក្រុមហ៊ុនដែលស្ថិតក្រោមការកាន់កាប់របស់រដ្ឋាភិបាលថៃ PTT និងក្រុមហ៊ុនផលិតរថយន្ត EV ចិន Hozon បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូក្នុងការពង្រីកទីផ្សាររថយន្តអគ្គិសនី (EV) នៅក្នុងប្រទេសថៃ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bangkok Post នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន PPT និង Hozon បានយល់ព្រមនៅក្នុងភាពជាដៃគូរួមមាន ការចែកចាយរថយន្ត EV និងការស្វែងរកឱកាសសម្រាប់ផលិតកម្មជាមួយនឹងរោងចក្រថ្មីដែលស្ថិតក្រោមកិច្ចព្រមព្រៀងរបស់ PTT និងក្រុមហ៊ុនតៃវ៉ាន់ Foxconn នៅក្នុងប្រទេសថៃ។

គិតត្រឹមបច្ចុប្បន្ននេះ ប្រទេសថៃបានចាប់ចំណាត់ថ្នាក់ជាប្រទេសធំលំដាប់ទី៤ នៅអាស៊ី សម្រាប់ជាមជ្ឈមណ្ឌលដំឡើង និងនាំចេញរថយន្ត ហើយក៏ជាមូលដ្ឋាននៃសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនផលិតរថយន្តកំពូលៗដូចជា Toyota របស់ជប៉ុន និង Great Wall Motor របស់ចិនផងដែរ។

រដ្ឋាភិបាលថៃ ដែលត្រូវបានគេដឹងថាមានចំណែកភាគហ៊ុនរហូតដល់ ៥១,១ភាគរយ នៃក្រុមហ៊ុន PTT បានកំណត់គោលដៅថា ៣០ភាគរយនៃផលិតកម្មរថយន្តក្នុងស្រុកជា រថយន្ត EV នៅឆ្នាំ ២០៣០ និងបានលើកឡើងថា ការផ្លាស់ប្តូរទៅ រថយន្ត EV គឺជាផ្នែកមួយនៃចក្ខុវិស័យថ្មីរបស់ PTT ក្នុងការរីកលូតលាស់អាជីវកម្មថ្មី និងការបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ។

គួរបញ្ជាក់ផងដែរថា កាលពីខែកញ្ញាកន្លងទៅនេះ ក្រុមហ៊ុន PTT និង Foxconn បានបណ្ដាក់ទុនរួមគ្នា ដែលមានទឹកប្រាក់ប្រមាណ ២ពាន់លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតរថយន្ត EV នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Eastern Economic Corridor ប្រទេសថៃ ជាមួយនឹងលទ្ធភាព ៥០០០០គ្រឿងក្នុងមួយឆ្នាំ និងកើនដល់ ១៥០០០០នៅឆ្នាំបន្ទាប់ ដោយក្នុងនោះ Foxconn ជាអ្នកទទួលបន្ទុកទៅលើបច្ចេកទេសនៃការផលិត និងផ្គុំគ្រឿងបរិក្ខា ចំណែក PTT ជាអ្នកទទួលខុសត្រូវលើប្រតិបត្តិការអាជីវកម្មផ្សេងៗ៕