(ភ្នំពេញ)៖ ក្រុមកីឡាការិនីប៉េតង់ជម្រើសជាតិកម្ពុជា បានបើកយុទ្ធនាការប្រកួតរបស់ខ្លួន ក្នុងព្រឹត្តិការណ៍កីឡាប៉េតង់ជើងឯកពិភពលោក ឆ្នាំ២០២១ (The 2021 world triplets and Precision Shooting Championship) នៅប្រទេសអេស្ប៉ាញហើយ ដោយបញ្ចប់ក្នុងលទ្ធផលដ៏ល្អសម្រាប់ថ្ងៃដំបូង ទាំងវិញ្ញាសាវាយយកពិន្ទុ និងវិញ្ញាសាក្រុម ៣នាក់ ទល់នឹង ៣នាក់។
ចំពោះកីឡាការិនី អ៊ុក ស្រីមុំ បានឡើងវគ្គ ៨នាក់ចុងក្រោយ នៃការប្រកួតជើងឯកពិភពលោក វិញ្ញាសាវាយយកពិន្ទុ(ផ្នែកនារី) បន្ទាប់ពីលោកស្រីធ្វើបានល្អក្នុងការប្រកួតជម្រុះដំបូង ខណៈក្នុងតារាងចំណាត់ថ្នាក់រួម លោកឈរលេខរៀងទី៣ បណ្ដោះអាសន្ន ដោយរកបាន ២៩ពិន្ទុ ក្នុងចំណោមកីឡាការិនី ៣៦នាក់។ ថ្ងៃនេះ លោកស្រីនឹងត្រូវប្រកួតទល់នឹងកីឡាការិនីកាណាដា ដើម្បីប្រជែងកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ចំណែកវិញ្ញាសា ៣នាក់ ទល់នឹង ៣នាក់វិញ ក្រុមកីឡាការិនីកម្ពុជា អ៊ុក ស្រីមុំ, ស្រ៊ាង សុរ៉ាឃីម, អ៊ុន ស្រីយ៉ា និង ឃួន យ៉ារី (បម្រុងម្នាក់) ធ្វើបានយ៉ាងល្អ សម្រាប់ការប្រកួត ២ជុំដំបូង កាលពីយប់រំលងអធ្រាត្យឈានចូលថ្ងៃទី១៣ ខែវិច្ឆិកានេះ(ម៉ោងនៅកម្ពុជា) ដោយបានយកឈ្នះ ២ប្រកួតផ្ទួនៗ លើក្រុមម៉ាឡេស៊ី ក្នុងលទ្ធផល ១១-៧ និងក្រុមន័រវេស ក្នុងលទ្ធផល ១៣-២។ ថ្ងៃនេះ ក្រុមប៉េតង់កម្ពុជា នឹងត្រូវជួបក្រុមម្ចាស់ផ្ទះអេស្ប៉ាញ នៅជុំទី៣។
គួរដឹងថា ការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកឆ្នាំនេះ គឺមានការប្រកួត ៣ព្រឹត្តិការណ៍ផ្សេងៗគ្នា នៅប្រទេសអេស្ប៉ាញ រួមមានជើងឯកពិភពលោកផ្នែកនារី និងយុវជន ប្រកួតពីថ្ងៃទី១២-១៤ ខែវិច្ឆិកា និងការប្រកួតជើងឯកពិភពលោកផ្នែកបុរស ប្រកួតពីថ្ងៃទី១៩-២១ ខែវិច្ឆិកា នៅទីក្រុង Santa Susanna។ ប៉ុន្ដែកម្ពុជា ពុំបានបញ្ជូនក្រុមយុវជនទៅចូលរួមប្រកួតនោះទេ ។ រីឯក្រុមបុរសកម្ពុជា គ្រោងចេញពីមាតុភូមិទៅចូលរួមព្រឹត្តិការណ៍ពិភពលោកនេះ នាល្ងាចថ្ងៃទី១៦ ខែវិច្ឆិកាសប្ដាហ៍ក្រោយ៕