(ភ្នំពេញ)៖ ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា អះអាងជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះធនាគារជាតិនៃកម្ពុជា (NBC) តាមរយៈការផ្តល់លទ្ធភាពឲ្យអតិថិជនផ្ទេរប្រាក់ ទូទាត់វិក្កយបត្រ និងធ្វើប្រតិបត្តិការហិរញ្ញវត្ថុជាច្រើនទៀត ទៅកាន់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ របស់អតិថិជនទាំងនោះ តាមរយៈកម្មវិធី TrueMoney Wallet និងភ្នាក់ងារ ទ្រូម៉ាន់នី។

គំនិតផ្តួចផ្តើមចុងក្រោយនេះរបស់ ទ្រូម៉ាន់នី មានន័យថា អតិថិជនធនាគារនៅទូទាំងប្រទេស ឥឡូវនេះ អាចភ្ជាប់ទៅកាន់ធនាគាររបស់ពួកគេ បានតាមរយៈភ្នាក់ងារ ទ្រូម៉ាន់នីជាង១ម៉ឺនភ្នាក់ងារ នៅទូទាំងប្រទេស ដើម្បីធ្វើប្រតិបត្តិការណាមួយភ្លាមៗ ទៅកាន់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុរបស់ពួកគេ ដែលជាសមាជិករបស់ កម្មវិធីបាគង ដោយមិនចាំបាច់ធ្វើដំណើរទៅកាន់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុទាំងនោះឡើយ។

លើសពីនេះទៀត អតិថិជន TrueMoney Wallet ដែលបានដំឡើងកម្រិតពេញលេញដោយភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណនោះ ក៏អាចផ្ទេរប្រាក់ដោយផ្ទាល់ បានផងដែរទៅកាន់សមាជិករបស់កម្មវិធីបាគងតាមរយៈកម្មវិធី TrueMoney Wallet របស់ខ្លួន។

លោកស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) បានថ្លែងថា «យើងប្តេជ្ញាចិត្តជាមួយធនាគារជាតិកម្ពុជា ដើម្បីបង្កើតអត្ថប្រយោជន៍ជូនអតិថិជនរបស់ទ្រូម៉ាន់នី តាមរយៈប្រព័ន្ធបាគងផងដែរ។ ឥឡូវនេះ អតិថិជនរបស់ ទ្រូម៉ាន់នី អាចកាត់បន្ថយពេលវេលា ធ្វើដំណើររបស់ពួកគេ តាមរយៈការប្រើបណ្តាញភ្នាក់ងារនៅទូទាំងប្រទេសរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី ដើម្បីបង់សងកម្ចី ឬដាក់ប្រាក់បញ្ញើទៅគណនីធនាគាររបស់ពួកគេ និងទូទាត់វិក្កយបត្រផ្សេងៗនៅតាមភ្នាក់ងារដែលនៅជិតពួកគេបានផងដែរ»

ក្រៅពីការលើកកម្ពស់ការប្រើប្រាស់កម្មវិធីបាគងរបស់ធនាគារជាតិនៃកម្ពុជា ក្រុមហ៊ុន ទ្រូម៉ាន់នី ក៏សង្ឃឹមផងដែរថា គំនិតផ្តួចផ្តើមថ្មីនេះ នឹងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋកម្ពុជា ធ្វើប្រតិបត្តិការហិរញ្ញវត្ថុ តាមអនឡាញបន្ថែមទៀត។

លោកស្រី ឃួន ហ្រ្វង់ដារា បានថ្លែងទៀតថា «ទោះជាយើងដឹងថា ប្រជាពលរដ្ឋកម្ពុជាជាច្រើនកំពុងងាកទៅធ្វើការទូទាត់តាមអនឡាញក៏ដោយ ក៏នៅតែមានអ្នកប្រើប្រាស់ ដែលចូលចិត្តធ្វើការទូទាត់ដោយផ្ទាល់ផងដែរ ដូចជាការធ្វើប្រតិបត្តិការសេវាធនាគារផ្សេងៗ របស់ស្ថាប័នហិរញ្ញវត្ថុ ដែលជាសមាជិកប្រព័ន្ធបាគងជាដើម។ ដូច្នោះហើយគោលបំណងរបស់យើងគឺ ជួយសម្រួលបន្ថែមដល់មនុស្សគ្រប់គ្នា ក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ និងធនាគារដោយផ្ទាល់ជាមួយស្ថាប័នហិរញ្ញវត្ថុ តាមភ្នាក់ងារទ្រូម៉ាន់នី ឬតាម TrueMoney Wallet របស់យើង»

កម្មវិធីបាគងរបស់ធនាគារជាតិនៃកម្ពុជា (NBC) គឺជាប្រព័ន្ធទូទាត់ដែលត្រូវបានធ្វើសមាហរណកម្មតែមួយគត់របស់កម្ពុជា ដែលអាចឲ្យអតិថិជនធ្វើប្រតិបត្តិការផ្សេងៗនៅទីកន្លែងតែមួយបាន ដូចជាធ្វើជាកាបូបប្រាក់អេឡិចត្រូនិច (e-wallet) ធ្វើការទូទាត់ចល័ត ធនាគារអនឡាញ និងការដាក់ពាក្យស្នើសុំហិញ្ញវត្ថុជាដើម។

ទ្រូម៉ាន់នី គឺជាប្រព័ន្ធទូទាត់មួយក្នុងចំណោមប្រព័ន្ធទូទាត់មួយចំនួនដែលអាចរកបាននៅលើកម្មវិធីបាគង។ ហើយឥឡូវសេវាទូទាត់នេះ កំពុងត្រូវបានពង្រីកទៅដល់អ្នកដែលមានបំណងបន្តប្រើប្រាស់ភ្នាក់ងាររបស់ ទ្រូម៉ាន់នី ផងដែរ។

ធនាគារដែលសមាជិករបស់កម្មវិធីបាគងនាពេលបច្ចុប្បន្នរួមមាន ធនាគារអេស៊ីលីដា, ធនាគារ Phillip, ធនាគារកាណាឌីយ៉ា, ធនាគារ ជីបម៉ុង, ធនាគារ Prince, ធនាគារហត្ថា, ធនាគារវឌ្ឍនៈ, ធនាគារ PPCB, ធនាគារប្រៃសណីយ៍កម្ពុជា, ធនាគារ FTB, ធនាគារពាណិជ្ជឈីហ្វ (ខេមបូឌា), ធនាគារ BIDC, និងធនាគារកម្ពុជាសាធារណៈ និងធនាគារ Maybank Cambodia និងធនាគារ Kookmin Bank Cambodia។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលសមាជិករបស់កម្មវិធីបាគង រួមមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេអឹមខេ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ WB Finance, អ៊ីម៉ាន់នី, ក្រុមហ៊ុន Speedpay និងក្រុមហ៊ុន Lyhour Pay Pro។

ចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៦ មក ក្រុមហ៊ុន ទ្រូម៉ាន់នី បានបង្កើតបណ្តាញភ្នាក់ងារបច្ចេកវិទ្យាហិរញ្ញវត្ថុធំបំផុតក្នុងប្រទេសនេះ។

យោងតាមក្រុមហ៊ុន ទ្រូម៉ាន់នី បណ្តាញភ្នាក់ងាររបស់ក្រុមហ៊ុនមានចំនួនជាង ១ម៉ឺនភ្នាក់ងារ ដែលរង់ចាំផ្ដល់សេវាទាក់ទងនឹងហិរញ្ញវត្ថុ នៅគ្រប់ទីកន្លែងទាំងអស់នៅកម្ពុជាដែលមិនទាន់មានសេវា ធនាគារ៕