(ព្រៃវែង)៖ ធនាគារ វឌ្ឍនៈ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានសម្ពោធបើកដំណើរការជាផ្លូវការសាខាខេត្តព្រៃវែង ដែលជាសាខាទី២៨។ ធនាគារ វឌ្ឍនៈ សាខាខេត្តព្រៃវែង មានអគារខ្ពស់ប្រណិត ដែលមានកម្ពស់៩ជាន់ ស្ថិតនៅអគារលេខ៩៤ ភូមិ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

ក្នុងពិធីសម្ពោធបើកដំណើរការនេះ មានការចូលរួមពីលោកអ្នកឧកញ៉ា សំ អាង ប្រធានក្រុមប្រឹក្សាភិបាល, អ្នកឧកញ៉ា សំអាង វឌ្ឍនៈ នាយកមិនប្រតិបត្តិ, លោកចាន់ កុកឆយ អគ្គនាយកប្រតិបត្តិ ធនាគារ វឌ្ឍនៈ, លោក ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង, លោកម៉ននី បណ្ឌិត អភិបាលនៃគណៈអភិបាលក្រុងព្រៃវែង, លោកកែវ ឆោមម៉ារត្ន នាយកសាខាធនាគារជាតិនៃកម្ពុជាខេត្តព្រៃវែង។

ក្នុងពិធីសម្ពោធបើកដំណើរការនេះ ធនាគារ វឌ្ឍនៈ ក៏បានឧបត្ថម្ភនូវអំណោយជាសម្ភារៈ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ដូចជា ឧបករណ៍តេស្តរហ័ស និងថ្នាំពេទ្យ ជូនរដ្ឋបាលខេត្តព្រៃវែងផងដែរ។

ធនាគារ វឌ្ឍនៈ សាខាខេត្តព្រៃវែង នឹងផ្តល់ជូននូវសេវាធនាគារពាណិជ្ជគ្រប់ប្រភេទជូនអតិថិជន ដើម្បីគាំទ្រអាជីវកម្មក្នុងខេត្ត និងក្នុងវិស័យនានាដូចជា កសិកម្ម អចលនទ្រព្យ និងពាណិជ្ជកម្ម ជាដើម។ សាខាខេត្តព្រៃវែង ក៏មានផ្តល់ និងផ្សព្វផ្សាយសេវាធនាគារឌីជីថល របស់ខ្លួនរួមមាន សេវាធនាគារចល័ត សេវាធនាគារតាមអ៊ីនធឺណិត និងប័ណ្ណ ជូនដល់អតិថិជនក្នុងខេត្តផងដែរ។

ធនាគារ វឌ្ឍនៈ ត្រូវបានទទួលស្គាល់ទាំងនៅក្នុងប្រទេសកម្ពុជា និងអន្តរជាតិ ជាក់ស្តែង ក្នុងឆ្នាំ២០២១នេះ ធនាគារ វឌ្ឍនៈ ទទួលបានពានរង្វាន់អន្តរជាតិសរុបចំនួន៩ ចំពោះសេវាធនាគារចល័ត សេវាកម្មអតិថិជនល្អបំផុត និងអភិបាលកិច្ចល្អបំផុត។

លោក សួង ថុន ប្រធានធនាគារ វឌ្ឍនៈសាខាខេត្តព្រៃវែង ដែលមានបទពិសោធន៍ជាង១០ឆ្នាំ បានប្ដេជ្ញានឹងដឹកនាំបុគ្គលិកសាខា ដើម្បីបម្រើសេវាកម្មល្អបំផុតជូនអតិថិជន។

សូមជម្រាបថា ធនាគារ វឌ្ឍនៈ ជាធនាគារក្នុងស្រុកបង្កើតឡើងក្នុងឆ្នាំ២០០២ ដោយសហស្ថាបនិក អ្នកឧកញ៉ា សំ អាង និងអ្នកឧកញ៉ា ឈុន លាង។ ធនាគារ បានប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៩ នៃការបង្កើតធនាគារ វឌ្ឍនៈ នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១។ បច្ចុប្បន្នធនាគារ វឌ្ឍនៈ មានបុគ្គលិកជាង៧៥០នាក់ និង២៨សាខា ក្នុងនោះ១២សាខា ស្ថិតនៅរាជធានីភ្នំពេញ និង១៦សាខាទៀតស្ថិតនៅតាមបណ្តាខេត្ត៕