(ម៉ាឌ្រីដ)៖ ទីបំផុតកីឡាការិនីប៉េតង់កម្ពុជា អ៊ុក ស្រីមុំ បានឈ្នះមេដាយមាសពិភពលោក ឆ្នាំ២០២១ នៅពេលផ្តួលកីឡាការិនីថៃនៅវគ្គផ្តាច់ព្រ័ត្រក្នុងវិញ្ញាសាវាយយកពិន្ទុនាព្រឹកថ្ងៃអាទិត្យ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ (ម៉ោងនៅកម្ពុជា)។

នេះជាលើកទី២ ហើយសម្រាប់កីឡាការិនីប៉េតង់ និងប៊ូលជួរមុខរបស់កម្ពុជា អ៊ុក ស្រីមុំ ឈ្នះមេដាយមាសកម្រិតពិភពលោកបែបនេះ ក្រោយឈ្នះលើកដំបូងនៅទឹកដីប្រទេសថៃកាលឆ្នាំ២០១៧ នៅពេលយកឈ្នះកីឡាការិនីថៃនៅវគ្គផ្តាច់ព្រ័ត្រនេះ។

កម្ពុជា មានតែស្រីមុំម្នាក់ប៉ុណ្ណោះដែលប្រកួតលើវិញ្ញាសាវាយយកពិន្ទុផ្នែកនារី ដែលប្រកួតពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលបានយកឈ្នះគូប្រជែងថៃនៅវគ្គផ្តាច់ព្រ័ត្រដោយលទ្ធផល ៣៧ទល់នឹង ២៩ពិន្ទុ។

ស្រីមុំ បានក្លាយជាកីឡាការិនីទី២ របស់កម្ពុជាដែលបានឈ្នះមេដាយ ៥សម័យកាលជាប់ៗគ្នា ក្រោយពេលអ្នកស្រី កែ ឡេង ឈ្នះបាន ៤សម័យកាលជាប់ៗ មុនពេលប្រកាសចូលនិវត្តន៍៕