(ភ្នំពេញ)៖ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋម្នាក់ៗ ហិរញ្ញវត្ថុ គឺជាតម្រូវការដ៏ចាំបាច់មួយដែលខ្វះមិនបាន ក្នុងការដោះស្រាយបញ្ហានានាក្នុងជីវភាព ក៏ដូចជាអាជីវកម្មរបស់ខ្លួន ហើយជាទូទៅ ដើម្បីដោះស្រាយបញ្ហាចំពោះមុខ ពួកគាត់តែងតែជ្រើសរើសយកកម្ចីហិរញ្ញវត្ថុ ដែលភាគច្រើនកម្ចីពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។

ពាក់ព័ន្ធនឹងប្រតិបត្តិការកម្ចីរវាងកូនបំណុល និងម្ចាស់បំណុលនេះផងដែរ ដើម្បីបង្កើនការទុកចិត្ត ក៏ដូចជាការពារផលប្រយោជន៍របស់គូភាគីទាំងសងខាង របបគតិយុត្តមួយប្រភេទត្រូវបានបង្កើតឡើង ដោយមានឈ្មោះថា ហ៉ីប៉ូតែក ដែលអនុញ្ញាតឱ្យកូនបំណុលប្រើប្រាស់សិទ្ធិលើអចលនវត្ថុរបស់ខ្លួនទៅធានាការអនុវត្តកាតព្វកិច្ចរបស់ខ្លួនជាមួយម្ចាស់បំណុល។

ដូចនេះដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ថា តើអ្វីទៅជាហ៉ីប៉ូតែក? ហើយហ៉ីប៉ូតែកត្រូវបង្កើតឡើងបែបណាទើបត្រឹមត្រូវស្របតាមច្បាប់? កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News ក្រោមកិច្ចសហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពីការបង្កើតហ៉ីប៉ូតែក មកធ្វើការបង្ហាញជូនប្រជាពលរដ្ឋ សិស្ស និស្សិត ដូចខាងក្រោម៖

យោងតាមមាត្រា ៨៤៣ នៃក្រមរដ្ឋប្បវេណី បានឱ្យនិយមន័យ ហ៉ីប៉ូតែក ដែលសំដៅលើសិទ្ធិមួយដែលម្ចាស់បំណុលទទួលការសងចំពោះសិទ្ធិលើបំណុលរបស់ខ្លួន ដោយមានអាទិភាពជាងម្ចាស់បំណុលផ្សេងទៀត ចំពោះអចលនវត្ថុដែលបានដាក់ជាប្រាតិភោគនៃកាតព្វកិច្ចដោយកូនបំណុល ឬតតិយជនដោយមិនផ្ទេរការកាន់កាប់។ ក្នុងន័យនេះយើងឃើញថា ហ៉ីប៉ូតែក គឺជាប្រភេទមួយនៃសិទ្ធិប្រាតិភោគប្រត្យក្ស ដែលកូនបំណុល ឬតតិយជនបានយកទ្រព្យសម្បត្តិមកដាក់ហ៉ីប៉ូតែក ដើម្បីធានាកាតព្វកិច្ចដែលមានចំពោះបំណុលជាមួយម្ចាស់បំណុល ដោយមិនមានការផ្ទេរនូវការកាន់កាប់ទ្រព្យនោះទៅឱ្យម្ចាស់បំណុលឡើយ។

ជាគោលការណ៍ ហ៉ីប៉ូតែកត្រូវបានបង្កើតឡើងដោយព្រមព្រៀងគ្នារវាងម្ចាស់បំណុល និងកូនបំណុល ឬតតិយជនដែលយកអចលនវត្ថុរបស់ខ្លួនមកដាក់ហ៉ីប៉ូតែក តាមរយៈកិច្ចសន្យាបង្កើតហ៉ីប៉ូតែក។ ជាទូទៅ កិច្ចសន្យាបង្កើតហ៉ីប៉ូតែកអាចត្រូវបានបង្កើតឡើង និងមានអានុភាពអនុវត្តបាន ក្នុងទម្រង់ជាលិខិតសាមញ្ញ ប៉ុន្តែម្ចាស់បំណុលនឹងមិនអាចយកហ៉ីប៉ូតែកនេះទៅតតាំងជាមួយនឹងតតិយជនឡើយ។ ដើម្បីអាចបង្កើតលក្ខខណ្ឌតតាំងជាមួយតតិយជនបាន លុះត្រាតែកិច្ចសន្យាបង្កើតហ៉ីប៉ូតែកត្រូវបានបង្កើតឡើងជាទម្រង់លិខិតយថាភូត និងត្រូវបានចុះបញ្ជីនៅក្នុងសៀវភៅបញ្ជីដីធ្លី។ ខាងក្រោមនេះ ជាទិដ្ឋភាពជាក់ស្ដែងទាក់ទងនឹងការបង្កើតហ៉ីប៉ូតែក ចាប់ផ្ដើមពីការបង្កើតឱ្យមានសិទ្ធិលើបំណុល រហូតដល់ហ៉ីប៉ូតែកត្រូវបានចុះបញ្ជីត្រឹមត្រូវស្របតាមច្បាប់៖

* ដំណាក់កាលទី១៖ នៅក្នុងការអនុវត្តទូទៅ មុននឹងមានការបង្កើតហ៉ីប៉ូតែក សិទ្ធិលើបំណុលចាំបាច់ត្រូវតែកើតមានរវាងម្ចាស់បំណុល និងកូនបំណុលជាមុនសិន។ ជាទូទៅ សិទ្ធិលើបំណុលអាចត្រូវបានបង្កើតឡើងច្រើនរូបភាព ដែលភាគច្រើនយើងអាចមើលឃើញតាមរយៈការបង្កើតកិច្ចសន្យាខ្ចីបរិភោគរវាងកូនបំណុល និងម្ចាស់បំណុល។ នៅពេលបង្កើតកិច្ចសន្យាខ្ចីបរិភោគរួចរាល់ ប្រសិនបើភាគីឯកភាពគ្នាក្នុងការយកទ្រព្យរបស់កូនបំណុលទៅដាក់ហ៉ីប៉ូតែក ដើម្បីធានាលើបំណុលនោះគូភាគីត្រូវតែធ្វើកិច្ចសន្យាបង្កើតហ៉ីប៉ូតែក។

ដំណាក់កាលទី២៖ បន្ទាប់ពីឯកភាពគ្នាក្នុងការយកទ្រព្យរបស់កូនបំណុលទៅដាក់ហ៉ីប៉ូតែក ដើម្បីធានាលើបំណុល ម្ចាស់បំណុល និងកូនបំណុល ត្រូវរៀបចំកិច្ចសន្យាបង្កើតហ៉ីប៉ូតែកមួយឡើង។ ដូចបានបញ្ជាក់ខាងលើ កិច្ចសន្យាបង្កើតហ៉ីប៉ូតែកនឹងមិនអាចយកទៅតតាំងជាមួយតតិយជនបានឡើយ បើមិនបានធ្វើឡើងជាទម្រង់លិខិតយថាភូត និងត្រូវបានចុះបញ្ជីនៅក្នុងសៀវភៅបញ្ជីដីធ្លី។ លិខិតយថាភូតត្រង់ចំណុចនេះមានន័យថា ជាកិច្ចសន្យាបង្កើតហ៉ីប៉ូតែកត្រូវបានបង្កើតឡើង និងមានបញ្ជាក់ដោយមន្រ្តីមានសមត្ថកិច្ច។ មន្រ្តីមានសមត្ថកិច្ចត្រង់ចំណុចនេះអាចជាមេឃុំ ឬចៅសង្កាត់ ឬជាសារការី។

ដំណាក់កាលទី៣៖ បន្ទាប់ពីបានរៀបចំកិច្ចសន្យាបង្កើតហ៉ីប៉ូតែកជាទម្រង់លិខិតយថាភូតរួចរាល់ ជំហានបន្ទាប់គឺត្រូវរៀបចំពាក្យសុំចុះបញ្ជីអំពីការបង្កើតហ៉ីប៉ូតែក ដើម្បីស្នើសុំចុះបញ្ជីទៅរដ្ឋបាលសុរិយោដី។ ពាក្យសុំចុះបញ្ជីហ៉ីប៉ូតែកអំពីការបង្កើតហ៉ីប៉ូតែកត្រូវតែធ្វើឡើងរួមគ្នាដោយបុគ្គលមានសិទ្ធិចុះបញ្ជី និងបុគ្គលមានកាតព្វកិច្ចចុះបញ្ជី។ ពាក្យសុំចុះបញ្ជី ត្រូវបញ្ជាក់នូវព័ត៌មាន និងឯកសារចាំបាច់មួយចំនួន ដូចជា៖

* គោលបំណងនៃការចុះបញ្ជី៖ ការបង្កើតហ៉ីប៉ូតែកលើកម្មសិទ្ធិ។

* មូលហេតុ៖ កិច្ចសន្យាខ្ចីបរិភោគ និងកិច្ចសន្យាបង្កើតហ៉ីប៉ូតែក។

* អត្តសញ្ញាណបុគ្គលមានសិទ្ធិទាមទារឱ្យចុះបញ្ជី។

* អត្តសញ្ញាណបុគ្គលមានកាតព្វកិច្ចចុះបញ្ជី។

* ចំណុចផ្សេងៗ៖ ប្រាក់ដើម ការប្រាក់ សំណងនៃការខូចខាត។

* អត្តសញ្ញាណកម្មវត្ថុនៃហ៉ីប៉ូតែក។

ដំណាក់កាលទី៤៖ ដំណាក់កាលនេះ គឺជានីតិវិធីរបស់មន្រ្តីទទួលបន្ទុកចុះបញ្ជីហ៉ីប៉ូតែក ដូចដែលមានបញ្ជាក់នៅក្នុងប្រកាសអន្តរក្រសួងស្ដីពីនីតិវិធីនៃការចុះបញ្ជី អំពីសិទ្ធិប្រត្យក្សទាក់ទងនឹងក្រមរដ្ឋប្បវេណី។

សរុបមក ហ៉ីប៉ូតែក គឺជារបបគតិយុត្តមួយដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងការពារផលប្រយោជន៍ស្របច្បាប់របស់ម្ចាស់បំណុល តាមរយៈការដាក់វត្ថុធានាដល់ការសងបំណុល ដែលជាទូទៅនៅពេលកូនបំណុលមិនអនុវត្តកាតព្វកិច្ច ម្ចាស់បំណុលអាចអនុវត្តសិទ្ធិរបស់ខ្លួនបានទៅលើវត្ថុដែលដាក់ធានានោះ។ ហ៉ីប៉ូតែកដែលត្រូវបានបង្កើតឡើងស្របតាមលក្ខខណ្ឌតតាំង ពោលគឺធ្វើឡើងជាទម្រង់លិខិតយថាភូត និងបានចុះបញ្ជីបង្កើតហ៉ីប៉ូតែកត្រឹមត្រូវស្របតាមលក្ខខណ្ឌច្បាប់កំណត់ មានអានុភាពតតាំងជាមួយនឹងតតិយជន ក៏ដូចជាម្ចាស់បំណុលផ្សេងៗទៀត អាស្រ័យទៅលើលំដាប់នៃហ៉ីប៉ូតែក៕