(ភ្នំពេញ)៖ ជំងឺបាយភ្នែក គឺជាការវិវត្តន៍ទៅជាស្រអាប់នៃកែវភ្នែកធម្មជាតិទៅតាមវ័យ ដែលបណ្តាលឱ្យមានការថយចុះនៃគំហើញ និងចាញ់ពន្លឺ។ ក្រៅពីការវិវត្តន៍នៃវ័យ ការប្រើប្រាស់ថ្នាំដូចជាក្រុមស្តេរ៉ូអ៊ីត ជំងឺទឹកនោមផ្អែម ការប៉ះទង្គិចទៅលើភ្នែក តំណរពូជ ឬការរលាករ៉ាំរ៉ៃនៃភ្នែក (Uveitis) ក៏ជាមូលហេតុបណ្តាលឱ្យមានជំងឺបាយភ្នែកដែរ។

តើការព្យាបាលជំងឺបាយភ្នែកមានអ្វីខ្លះ?
លោកវេជ្ជបណ្ឌិត តោ រេមី ឯកទេសបាយភ្នែក កញ្ចក់ភ្នែក និងវះកាត់ដោយកាំរស្មីនៃមន្ទីរពេទ្យព្រះអង្គឌួង បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ថា ក្នុងករណីបាយភ្នែកមានកំរិតតិចតួច ការមើលឃើញថយចុះតិចតួច គេអាចជួយកែតម្រូវការមើលឃើញឱ្យប្រសើរជាងមុនតាមរយៈការពាក់វ៉ែនតា។ ក៏ប៉ុន្តែបើវ៉ែនតាមិនអាចជួយបានទេ ការបកបាយភ្នែកដោយវេជ្ជបណ្ឌិតឯកទេសចក្ខុរោគ ជាជម្រើសសុវត្ថិភាពតែមួយគត់ក្នុងការព្យាបាល។ ក្នុងកំឡុងពេលនៃការបកបាយ កែវភ្នែកសិប្បនិមិត្តថ្មី ត្រូវបានបញ្ចូលទៅក្នុងភ្នែក ដើម្បីជំនួសឱ្យកែវភ្នែកធម្មជាតិដែលស្រអាប់។

តើកែវភ្នែកសិប្បនិមិត្ត មានប៉ុន្មានប្រភេទ? អ្វីខ្លះ?

កែវភ្នែកសិប្បនិមិត្តនៅប្រទេសកម្ពុជាយើងមាន២ប្រភេទគឺ កែវភ្នែកអូតូ (Premium IOL) និងកែវភ្នែកសិប្បនិមិត្តធម្មតា (កែវភ្នែកសំរាប់មើលឆ្ងាយ ដែលអ្នកជំងឺនឹងត្រូវការវ៉ែនតាបន្ថែម ដើម្បីមើលជិតក្រោយពីបកបាយរួច)។

តើកែវភ្នែកអូតូមានអ្វីខ្លះ? តួនាទីខុសគ្នាដូចម្តេច?
*EDOF/Trifocal IOL៖ កែវនេះមានសមត្ថភាពឱ្យអ្នកជំងឺមើលជិត និងឆ្ងាយក្នុងពេលតែមួយ ដោយកាត់បន្ថយឬឈប់ប្រើប្រាស់ពាក់វ៉ែនតា។
*Toric IOL៖ កែវនេះអាចកែតំរូវអ្នកដែលមានបញ្ហាខ្សែភ្នែកល្អៀង (Astigmatism)។
*EDOF Toric/Trifocal Toric IOL៖ ជាកែវសម្រាប់កែតម្រូវបញ្ហាខ្សែភ្នែកល្អៀង និងមើលជិតមើលឆ្ងាយក្នុងពេលតែមួយ។

តើការដាក់កែវភ្នែកអូតូ ត្រូវឆ្លងកាត់ការវាយតម្លៃអ្វីខ្លះ?
លោកវេជ្ជបណ្ឌិត តោ រេមី បានគូសបញ្ជាក់ថា វេជ្ជបណ្ឌិតឯកទេស នឹងធ្វើការវិនិច្ឆ័យយ៉ាងម៉ត់ចត់ អំពីកំរិតខ្សែភ្នែកល្អៀង astigmatism ប្រវត្តិវះកាត់ភ្នែកពីមុន ជំងឺកញ្ចក់ភ្នែក ស្រទាប់ទឹកភ្នែក ជំងឺសរសៃបាតភ្នែក ជំងឺទឹកដក់ ប្រភេទបាយភ្នែក ទំហំរីករួមនៃកូនក្រមុំនិងមុំរបស់ភ្នែក។ ការប្រើប្រាស់ម៉ាស៊ីនទំនើបៗ ដូចជាម៉ាស៊ីនវាស់កំណោងកញ្ចក់ភ្នែក ម៉ាស៊ីនវាស់លេខកែវ Master IOL សម្រាប់ជួយដល់ការវាយតម្លៃ។

តើកែវភ្នែកអូតូ ដែលត្រូវបញ្ចូលក្នុងភ្នែកអាចប្រើប្រាស់បានមួយជីវិត ឬត្រូវធ្វើការផ្លាស់ប្តូរនៅពេលក្រោយ?
បើសិនជាគ្មានការប៉ះទង្គិចធ្ងន់ធ្ងរទៅលើគ្រាប់ភ្នែកទេ កែវភ្នែកអូតូ នឹងនៅស្ថិតស្ថេរក្នុងភ្នែកអស់មួយជីវិត។ ក្នុងករណីខ្លះក្រោយពីបញ្ចូលកែវរយៈពេលយូរ ការមើលឃើញអាចមានការធ្លាក់ចុះ ដោយមូលហេតុជួបញឹកញាប់បំផុត គឺតម្រងកែវស្រអាប់ក្រោយពីបកបាយ។ ក្នុងករណីនេះ វេជ្ជបណ្ឌិតអាចធ្វើការបាញ់កាំរស្មីលាងទៅលើតំម្រងកែវដែលស្រអាប់នោះជាការស្រេច។ គំហើញនឹងត្រលប់ទៅរកសភាពល្អឡើងវិញ ក៏ប៉ុន្តែក្នុងករណីធ្លាក់គំហើញខ្លះ វាអាចមានមូលហេតុផ្សេងទៀត ដែលតំរូវឱ្យធ្វើការពិនិត្យដើម្បីស្វែងរកដំណោះស្រាយ៕