(អាមេរិក)៖ អនុប្រធានក្រុមហ៊ុន Samsung Electronics លោក Jay Y. Lee បាននិងកំពុងតែធ្វើទស្សនកិច្ចនៅក្នុងតំបន់អាមេរិកខាងជើង ដែលវាជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក បន្ទាប់ពីរួចផុតពីការឃុំខ្លួនក្នុងបទស៊ីសំណូក ខណ:ដែលវត្តមានរបស់លោកនៅលើ ទឹកដី អាមេរិកខាងជើងនេះត្រូវបានគេប៉ាន់ប្រមាណថាគឺជាការទៅពិនិត្យទីតាំងដើម្បីបង្កើតរោងចក្រផលិតបន្ទះឈីបដែលមានតម្លៃ ១៧ពាន់ លាន ដុល្លារអាមេរិក។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Lee បានចាកចេញពីកូរ៉េខាងត្បូងកាលពីថ្ងៃអាទិត្យ ហើយការធ្វើដំណើររបស់លោកគឺទៅកាន់ប្រទេសកាណាដា និងសហរដ្ឋអាមេរិក។ ប្រភពដែលជិតស្និទ្ធបានលួចបង្ហើបឱ្យដឹងថា លោក Lee គឺទៅពិនិត្យ និងសម្រេចលើគម្រោងបង្កើតរោងចក្រផលិតបន្ទះឈីប ប៉ុន្តែគេមិន ទាន់ ដឹងច្បាស់ទេថា វាមានស្ថិតនៅកន្លែងណាឱ្យប្រាកដនោះ។

នៅមុនពេលចាកចេញពីប្រទេសកូរ៉េខាងត្បូង លោក Lee បានថ្លែងប្រាប់អ្នកសារព័ត៌មានថា «ខ្ញុំគ្រោងនឹងជួបជាមួយដៃគូអាមេរិកជាច្រើន» ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតឡើយ ហើយខាងក្រុមហ៊ុន Samsung ក៏មិនបានឱ្យដឹងច្បាស់អំពីដំណើរទស្សនកិច្ចនេះផងដែរ។

លោក Lee ត្រូវបានកាត់ទោសកាលពីខែមករាពីបទស៊ីសំណូក និងកិបកេងបន្លំ ដោះលែងកាលពីខែសីហាកន្លងទៅនេះ ខណ:ដែល ការិយាល័យប្រធានាធិបតីបាននិយាយថា ពួកគេរំពឹងថាលោក Lee នឹងជួយប្រទេសនេះក្នុងការទិញ «ឧបករណ៍ពាក់កណ្តាលសម្រេច និងវ៉ាក់សាំង»

កាលពីខែមុននេះ សារព័ត៌មាន Reuters ធ្លាប់បានចេញផ្សាយថា ក្រុមហ៊ុន Samsung គ្រោងនឹងបង្កើតរោងចក្រផលិតបន្ទះឈីប នៅ ក្នុង ទឹកដីសហរដ្ឋអាមរិក ដើម្បីបំពេញតម្រូវការ និងការខ្វះខាតក្នុងតំបន់ ហើយទីតាំងដែលត្រូវបង្កើតរោងចក្រនោះគឺជាកន្លែងមួយដែល នៅជិត កំពង់ផែ ឬជិតកន្លែងចែកចាយទំនិញ ព្រោះវាមានភាពងាយស្រួលក្នុងការដឹកទំនិញឱ្យអតិថិនបានលឿន និងទាន់តម្រូវការ៕