(លីស្បោន)៖ ១គ្រាប់ចុងម៉ោងរបស់កីឡាករ Aleksandar Mitrovic នៅនាទី៩០ នោះបានជួយឲ្យក្រុមជម្រើសជាតិសែប៊ីទទួលបានកៅអី១ ដើម្បីឡើងទៅលេង FIFA World Cup ឆ្នាំក្រោយនេះនៅប្រទេសកាតា នៅពេលឈ្នះក្នុងផ្ទះព័រទុយហ្គាល់ ២-១។

នេះជាគ្រាប់វាយបកយកបានជ័យជម្នះវិញទៅលើក្រុមរបស់ Cristiano Ronaldo នៅក្រោយពេល Renado Sanches រកបានគ្រាប់នាំមុខឲ្យរាជសីរោមមាសព័រទុយហ្គាល់តាំងតែពីនាទីទី២ មកម្ល៉េះពីការបញ្ជូនរបស់ Bernado Silva មុនពេលត្រូវបាន Dusan Tadic រកគ្រាប់តាមស្មើឲ្យសែប៊ីវិញនៅនាទី៣៣។

ការប្រកួតបានអូសបន្លាយដល់នាទី៩០ ទើបកីឡាករ Mitrovic ដែលត្រូវបានចូលលេងក្នុងនាមជាកីឡាករបម្រុងនោះ រកបានគ្រាប់ជ័យជម្នះតែម្តង ជួយសែប៊ីឡើងឈរនៅកំពូលតារាងនៃពូល A ដោយមាន ២០ពិន្ទុនៅថ្ងៃបិទបញ្ចប់ជម្រុះក្នុងពូលប្រចាំទ្វីបអឹរ៉ុប UEFA គ្រាដែលព័រទុយហ្គាល់បញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ២ និងត្រូវលេងវគ្គជម្រុះនាខែមីនា ឆ្នាំ២០២២ ជាបន្តទៀត។

សែប៊ី ក៏បានបញ្ចប់កំណត់ត្រាលេងក្នុងដីមិនចាញ់របស់ព័រទុយហ្គាល់ផងដែរ ដែលពួកគេធ្វើបានល្អតាំងពីខែតុលា ឆ្នាំ២០១៣ មក ក្រោមការបង្វឹករបស់លោក Fernando Santos៕