(ប៉ារីស)៖ Kylian Mbappe គិតត្រឹមវ័យ ២២ឆ្នាំពេលនេះរូបគេស៊ុតបាន ២៣គ្រាប់ហើយជាមួយក្រុមជម្រើសជាតិបារាំង ដែលជាកីឡាករមានវ័យក្មេងជាងគេក្នុងចំណោមវិរៈបុរសបាល់ទាត់ក្រុមរហ្សនាម (មាន់គកបារាំង) បន្ទាប់ពីខ្សែប្រយុទ្ធជ្រើសចេញពីក្លិប PSG ស៊ុតបាន ៤គ្រាប់ម្នាក់ឯង ពេលបំបាក់ក្រុមកាហ្សាក់ស្ថាន ៨-០ នៅវគ្គជម្រុះពាន FIFA World Cup Qatar 2022 តំបន់អឺរ៉ុប។

ក្នុងចំណោមវិរៈបុរសបាល់ទាត់បារាំង ប្រមាណ ៣៨នាក់ដែលរកបានគ្រាប់ស៊ុតច្រើនជាងគេរួមមានលោក Thierry Henry ជាបុគ្គលម្នាក់ស៊ុត ៥១គ្រាប់លើសគេគិតពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០១០ ខណៈមិត្តរួមក្រុម Mbappe បច្ចុប្បន្នមាន Olivier Giroud រកបាន ៤៦គ្រាប់ និង Antoine Griezmann រកបាន ៤២គ្រាប់ ហើយ Karim Benzema រកបាន ៣៥គ្រាប់ គ្រាដែល Paul Pogba ទើបរកបាន ១១គ្រាប់បណ្តោះអាសន្ន ដែលសុទ្ធតែជាកីឡាករលើកពាន FIFA World Cup 2018 ជាមួយក្រុមបារាំងជាប្រវត្តិសាស្ត្រ លើកលែងតែ Benzema។

Mbappe ជាបណ្តោះអាសន្នកំពុងលេងបាន ៥២ប្រកួតហើយជាមួយក្រុមជើងឯកពាន World Cup ២សម័យកាល (បារាំង) នឹងបានក្លាយជាកីឡាករមានវ័យក្មេងជាងគេ កំពុងឈរលេខរៀងទី១២ ក្នុងចំណោមបុគ្គលទាំង ៣៨នាក់ ហើយរូបគេក៏ជាបេក្ខភាពឈ្នះពាន FIFA World Cup Best Young Player 2018 និងជាបេក្ខភាពការពារតំណែងនេះនៅពាន World Cup Qatar 2022 ទៀតដែរ។

ក្រុមបារាំង កំពុងមាន ១៥ពិន្ទុនៅសល់ ១ប្រកួតជាមួយក្រុមហ្វាំងឡង់ បញ្ចប់វគ្គជម្រុះពូល D ដែលមានសិទ្ធិកក់កៅអីឡើងវគ្គ ៣២ក្រុមចុងក្រោយនៅប្រទេសកាតានាឆ្នាំក្រោយ៕