(ភ្នំពេញ)៖ តារាចម្រៀងជួរមុខ ល្បីឈ្មោះបោះសំឡេង លោក ឆាយ វីរៈយុទ្ធ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានប្រកាសពីការស្ម័គ្រចិត្តធ្វើជាទូតសុឆន្ទៈ ឲ្យសាលារៀនអន្តរជាតិអាមេរិកកាំង AGPS ដោយមិនគិតប្រាក់កម្រៃជារៀងរហូត និងផ្សព្វផ្សាយសាលាមួយនេះ ឲ្យកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីចូលរួមចំណែកលើកស្ទួយវិស័យអប់រំ នៅប្រទេសកម្ពុជា។

បង្កើតឡើងដោយស្ថាបនិកជនជាតិកូរ៉េ សញ្ជាតិអាមេរិកកាំង ឈ្មោះ ដុកទ័រវ៉ាង សាលាអន្តរជាតិអាមេរិកកាំង AGPS ក្រៅពីមានការបង្រៀនទាំងភាសាខ្មែរ ភាសាអង់គ្លេស និងចិនហើយនោះ គឺមានការផ្តោតទៅលើការអប់រំចរិតលក្ខណៈរបស់សិស្ស ដើម្បីឲ្យមានអត្តចរិតល្អតាំងពីកុមារថែមទៀតផង។

ថ្លែងនៅក្នុងពិធីចុះហត្ថលេខា ធ្វើជាទូតសុឆន្ទៈជាផ្លូវការ ឲ្យសាលារៀនអន្តរជាតិអាមេរិកកាំង AGPS តារាចម្រៀងបែបយុវវ័យ លោក ឆាយ វីរៈយុទ្ធ បានឲ្យដឹងថា មូលហេតុចម្បងដែលលោកស្ម័គ្រចិត្ត ធ្វើជាទូតសុឆន្ទៈឲ្យសាលា AGPS គឺដោយសារតែលោកមើលឃើញពីចក្ខុវិស័យរបស់សាលា មិនផ្តោតសំខាន់ទៅលើប្រាក់ចំណេញ ឬផលប្រយោជន៍បុគ្គលឡើយ ហេតុដូច្នេះការចូលរួមរបស់លោក គឺជាការចូលរួមផ្សព្វផ្សាយសាលាមួយនេះ ឲ្យកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីឲ្យអាណាព្យាបាលសិស្សបានដឹង។

តារាចម្រៀង ឆាយ វីរៈយុទ្ធ បានថ្លែងថា «ដុកទ័រវ៉ាង គឺជាចាងហ្វាងសាលា ដែលពោរពេញទៅដោយការយកចិត្តទុកដាក់ដល់សិស្សានុសិស្ស។ សាលារៀននេះ ស្ថាបនាឡើង ដោយមិនផ្តោតលើប្រាក់ចំណេញ ឬដើម្បីប្រយោជន៍បុគ្គលឡើយ យើងផ្តោតទៅលើការបង្ហាត់បង្រៀនក្មេងៗជំនាន់ក្រោយ ឲ្យត្រៀមរួចរាល់សំរាប់អនាគតដ៏ល្អរបស់ពួកគេទៅថ្ងៃក្រោយ ព្រោះកុមារគឺជាអនាគតរបស់ប្រទេសកម្ពុជា។ ខ្ញុំជឿជាក់ថាសាលារៀន AGPS ជាសាលាល្អបំផុតសំរាប់សិស្សានុសិស្សកម្ពុជា តែមិនមែនព្រោះថា បរិក្ខាសាលាទំនើប ឬអគារធំស្កឹមស្កៃនោះទេ តែគឺជាសកម្មភាពក្នុងថ្នាក់ទៅវិញនោះទេ»

តារាចម្រៀង ឆាយ វីរៈយុទ្ធ បានសង្កត់ធ្ងន់ថា «សាលា AGPS គឺផ្តោតសំខាន់ទៅលើការអប់រំអត្តចរិតរបស់កុមារា-កុមារី ដើម្បីឲ្យពួកគាត់ធំឡើង ក្លាយជាបុគ្គលដ៏ល្អ សម្រាប់សង្គមជាតិ សម្រាប់គ្រួសារ និងក្លាយជាអ្នកដឹកនាំដ៏ល្អ …អត្តចរិតល្អ គឺល្អគ្រប់យ៉ាង...»។ ខ្ញុំសូមណែនាំសាលារៀនដ៏ល្អ និងមានគុណភាពមួយនេះទៅដល់ឪពុកម្តាយកម្ពុជាគ្រប់រូប ក្នុងការពិចារណាបញ្ជូនកូន មកកាន់សាលាដែលពោរពេញទៅដោយការយកចិត្តទុកដាក់មួយនេះ ព្រោះនេះគឺជាការសំរេចចិត្តដ៏វៃឆ្លាតបំផុតសំរាប់អនាគតរបស់កូនៗយើង»។

ងាកមកស្ថាបនិកសាលា AGPS គឺលោក ដុកទ័រវ៉ាង បានបង្ហាញថា «តាមរយៈ MOU នេះ យើងមានឱកាសធ្វើការរួមគ្នា ដើម្បីផ្សព្វផ្សាយពេជ្រនេះនៅលើដីខ្សាច់។ ទោះបីជា គ្មាននណាឃើញ ក៏ពេជ្រមួយគ្រាប់ នៅតែជាពេជ្រដដែល។ គោលដៅរបស់យើងតាមរយៈភាពជាដៃគូនេះ គឺដើម្បីធ្វើឲ្យប្រាកដថាមនុស្សបានឃើញវា ឃើញយើង ហើយជាមួយនឹងសិស្សបន្ថែម យើងនឹងអាចជួលគ្រូបង្រៀនបន្ថែម និងបង្កើនធនធានដែលយើងមាន សម្រាប់សិស្សជាទីស្រឡាញ់របស់យើង នៅពេលដែលយើងបន្តបេសកកម្មរបស់យើង ក្នុងការកសាង៣០០សាលារៀនទូទាំងប្រទេសកម្ពុជា»

គួរជម្រាបថា សាលាអន្តរជាតិអាមេរិកកាំង AGPS បានដំណើរការនៅក្នុងប្រទេសកម្ពុជា អស់រយៈពេលជិត ៥ឆ្នាំមកហើយ។ សាលាអន្តរជាតិអាមេរិកកាំង AGPS មានទីតាំងនៅផ្លូវលេខ៨២២ សង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ។ លេខទំនាក់ទំនង ០៩២ ៩៤ ៨៨ ២២៕