(ភ្នំពេញ)៖ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយសាកលវិទ្យាល័យ អេនជេឡូ ស្តេត (ANGELO STATE UNIVERSITY) នៃសហរដ្ឋអាមេរិក ដែលជាសាកលវិទ្យាល័យ លំដាប់ថ្នាក់ពិភពលោក។

ពិធីចុះអនុស្សរណៈយោគយល់គ្នានេះ បានធ្វើឡើងក្រោមអធិបតីភាព លោក លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកបណ្ឌិត វ៉ុន-ជេ-លី (Won-Jae-Lee) ដែលជាសាស្ត្រាចារ្យ និងជាសាកលវិទ្យាធិការរង ទទួលបន្ទុកកិច្ចការសិក្សា និងស្រាវជ្រាវ(Professor, Vice President for Academic Affairs)។

ក្នុងឱកាសនៃពិធីចុះអនុស្សរណៈយោគយល់គ្នានេះ លោក លី ណាវុឌ្ឍ បានថ្លែងថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជា មានសុខសន្តិភាព ស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ជាពិសេសតាមរយៈយុទ្ធនាការ ផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ជូនដល់ប្រជាជនកម្ពុជា ទាំងអស់ រួមទាំងបុគ្គលិកគ្រប់វិស័យ ទាំងស្ថាប័នរដ្ឋ និងឯកជន បានធ្វើឱ្យស្ថានភាពជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជា មានភាពល្អប្រសើរឡើងវិញ ជាបន្តបន្ទាប់ឈានដល់ការអនុញ្ញាតឱ្យគ្រប់គ្រឹះស្ថានសិក្សាបើកដំណើរការឡើងវិញដោយគោរពតាមគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា។

ជាក់ស្តែងថ្ងៃនេះ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានចុះ MOU បន្ថែមមួយទៀត ជាមួយនឹងសាកលវិទ្យាល័យ អេនជេឡូ ស្តេត មកពីសហរដ្ឋអាមេរិក ក្នុងគោលបំណងដូចជា៖

*ចូលរួមលើកកម្ពស់គុណភាព ឧត្តមភាពក្នុងការអប់រំ និងការស្រាវជ្រាវរវាងគ្រឹះស្ថានអប់រំ នៃប្រទេសទាំងពីរ
*ស្វែងរកនូវការអភិវឌ្ឍ ក្នុងកិច្ចសហប្រតិបត្តិការ និងបញ្ជូននិស្សិតកម្ពុជា ទៅសិក្សានៅសហរដ្ឋអាមេរិក ដើម្បីធ្វើយ៉ាងណា ឱ្យនិស្សិតទទួលបាននូវចំណេះដឹង និងជំនាញដើម្បីចូលរួមប្រកួតប្រជែង ក្នុងទីផ្សារការងារជាតិ និងអន្តរជាតិ
*ការធ្វើការរួមគ្នា ដើម្បីកែលម្អ និងអភិវឌ្ឍកម្មវិធីសិក្សានៃគ្រឹះស្ថានអប់រំទាំងពីរ
*ផ្លាស់ប្ដូរចំណេះដឹងតាមរយៈកម្មវិធីផ្លាស់ប្តូរនិសិ្សត កម្មវិធីពហុវប្បធម៌ ទស្សនកិច្ចសិក្សា និងការចែករំលែកបទពិសោធន៍ផ្សេងៗ
*ការផ្តល់ឱកាសជូនដល់និស្សិតចុះកម្មសិក្សា និងឱកាសការងារ
*ការប្តេជ្ញាចិត្តខិតខំសម្រេច ឱ្យបាននូវកិច្ចសហប្រតិបត្តិការ ភាពជាដៃគូអន្តរជាតិរវាងភាគីទាំងពីរ។

លោក លី ណាវុឌ្ឍ បានបន្ថែមថា តាមរយៈការចុះអនុស្សរណៈយោគយល់គ្នានេះ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នឹងរីករាយ ស្វាគមន៍ យ៉ាងកក់ក្តៅដល់និស្សិតអន្តរជាតិ មកពីសាកលវិទ្យាល័យ អេនជេឡូ ស្តេត ចំពោះការជ្រើសរើស បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត លើ៤២ជំនាញ នៃ១២ មហាវិទ្យាល័យ នៃសាកលវិទ្យាល័យទាំង ប៊ែលធី អន្តរជាតិ ទាំង២ទីតាំង។ រឹតតែពិសេសជាងនេះទៅទៀតនោះ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក៏មានផ្តល់ជូននូវអន្តេវាសិកដ្ឋាន (Dormitory) បន្ទប់ធំទូលាយ សម្រាប់និស្សិតមកពីក្រៅប្រទេស ស្នាក់នៅផងដែរ។

លោកសាកលវិទ្យាធិការ ក៏បានបញ្ជាក់ថា កន្លងមកសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានចុះ MOU ជាមួយសាកលវិទ្យាល័យល្បីៗ នៅក្រៅប្រទេស ចំនួន៥៧ រួចមកហើយ រួមមាន៖

ទី១៖ ប្រទេសអង់គ្លេស ចំនួន៥
ទី២៖ សហរដ្ឋអាមេរិក ចំនួន៧
ទី៣៖ កាណាដា ចំនួន២
ទី៤៖ អូស្ត្រាលី ចំនួន២
ទី៥៖ សិង្ហបូរី ចំនួន៤
ទី៦៖ ចិន ចំនួន១២
ទី៧៖ កូរ៉េខាងត្បូង ចំនួន៣
ទី៨៖ ជប៉ុន ចំនួន៤
ទី៩៖ ម៉ាឡេស៊ី ចំនួន៦
ទី១០៖ ថៃ ចំនួន៦
ទី១១៖ ឥណ្ឌូនេស៊ី ចំនួន១
ទី១២៖ នូវែលសេឡង់ ចំនួន១
ទី១៣៖ ស្វីស ចំនួន១
ទី១៤៖ បង់ក្លាដេស ចំនួន១
ទី១៥៖ បារាំង ចំនួន១
និងទី១៦៖ វែល ចំនួន១ ហើយថ្ងៃនេះ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានចុះអនុស្សរណៈយោគយល់គ្នា បន្ថែមមួយទៀត ជាមួយសាកលវិទ្យាល័យ អេនជេឡូ ស្តេត ដែលជាដៃគូសហប្រតិបត្តិការ អន្តរជាតិទី៥៨ របស់ប៊ែលធី។

លោកបណ្ឌិត វ៉ុន-ជេ-លី (Won-Jae-Lee) បានថ្លែងថា លោកពិតជាមានក្តី សប្បាយរីករាយណាស់ ដែលបានចុះអនុស្សរណៈយោគយល់គ្នា ជាមួយសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលជាសាកលវិទ្យាល័យមួយ ដែលមានកម្មវិធីសិក្សា ជាលក្ខណៈអន្តរជាតិ និងជាគ្រឹះស្ថាន អប់រំឯកជនមួយ ដែលមានកេរិ៍តឈ្មោះល្អ និងឈានមុខគេនៅកម្ពុជា។

លោកបណ្ឌិត វ៉ុន-ជេ-លី (Won-Jae-Lee) បានបន្ថែមថា ក្នុងនាមសាកលវិទ្យាល័យ អេនជេឡូ ស្តេត លោកពិត ជាមានក្តី រំភើបខ្លាំងណាស់ ដែលមានឱកាសបានចូលរួមជាមួយសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្នុងការបណ្តុះបណ្តាល ធនធានមនុស្ស នៅកម្ពុជា និងជឿជាក់់យ៉ាងមុតមាំថាសាកល វិទ្យាល័យទាំងពីរ នឹងទទួលបានលទ្ធផល ប្រកបដោយផ្លែផ្កាក្នុងកិច្ចសហប្រតិបត្តិការនេះ។

លោក លី ណាវុឌ្ឍ និងលោកបណ្ឌិត វ៉ុន-ជេ-លី (Won-Jae-Lee) បានចុះអនុស្សរណៈយោគយល់គ្នា និងបានប្រគល់វត្ថុអនុស្សាវរីយ៍ ជូនគ្នាទៅវិញទៅមក នាពេលនោះផងដែរ ៕