(កំពង់ធំ)៖ លោកញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំ បានថ្លែងថា ការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិក ថ្នាក់ខេត្តប្រចាំឆ្នាំ២០២១នេះ ធ្វើទ្បើងដើម្បីផ្ដល់ឱកាសឱ្យក្រុមកីឡាករ កីឡាការិនី ខ្សោយសតិបញ្ញ ទៅចូលរួមការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ជាតិ នាដើមខែធ្នូខាងមុខនេះ។

ការថ្លែងបែបនេះ បានធ្វើទ្បើងនៅពហុកីឡាដ្ឋានខេត្តកំពង់ធំ ក្នុងកម្មវិធី ប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិក ថ្នាក់ខេត្តប្រចាំឆ្នាំ២០២១ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។

លោកញ៉ឹក បានខេង បានថ្លែងថា ការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិក ថ្នាក់ខេត្តប្រចាំឆ្នាំ២០២១ បានធ្វើទ្បើង ក្នុងគោលបំណងផ្ដល់ឱកាសឱ្យក្រុមកីឡាករ កីឡាការិនី ខ្សោយសតិបញ្ញ ថ្នាក់ភូមិ ឃុំ ស្រុក ខណ្ឌ និងខេត្ត ជួបជុំគ្នាធ្វើការប្រកួតប្រជែង ចែករំលែកបទពិសោធន៍ និងទទួលបានភាពសប្បាយរីករាយពីគ្នាទៅវិញទៅមក។

លោកអភិបាលរង បានបន្តថា ចំពោះការប្រកួតនេះ មិនមែនដើម្បីតែជ័យជំនះម៉្យាងនោះទេ គឺដើម្បីមិត្តភាព សាមគ្គីភាព បំបាត់ការរើសអើង និងផ្ដល់ឱកាសចូលរួមសកម្មភាពក្នុងសង្គម តាមរយៈវិស័យកីឡា ស្របតាមចលនាស្ប៉េស្យាល់អូឡាំពិកថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់ពិភពលោកផងដែរ។

លោកបានបញ្ជក់ថា ការប្រកួតនេះ ដើម្បីជ្រើសរើសកីឡាករ កីឡាការិនីឆ្នើម ទៅចូលរួមការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ជាតិ នាដើមខែធ្នូខាងមុខនេះ។

លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការជាតិ កីឡាស្ប៉េស្យាល់ បានបញ្ជាក់ថា កីឡារស្ប៉េស្យាល់អូឡាំពិក រាជធានី ខេត្ត ក៏ដូចជាអង្គការសមាគមនានា ដែលគ្រប់គ្រងផ្ទាល់ជួយដល់ជនពិការខ្សោយសតិបញ្ញា សូមយកចិត្តទុកដាក់បីបាច់ថែរក្សា និងផ្ដល់ឱកាសឱ្យពួកគាត់បានហ្វឹកហាត់ការត្រួតពិនិត្យសុខភាព និងការចូល រួមការប្រកួតនានា ដែលគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានរៀបចំតាមកម្មវីធីជារៀងរាល់ឆ្នាំ។

លោកឃ្លាំង ចន្ធូ បានបន្តថា ម៉្យាងវិញទៀត គឺមានតែក្រុមគ្រួសារ ឪពុក ម្ដាយ អាណាព្យាបាល ឬអ្នកដែលជិតបំផុតរបស់កីឡាករ កីឡាការិនី បញ្ញាខ្សោយប៉ុណ្ណោះ ដែលជាកត្តាសំខាន់បំផុតក្នុងការបំផុសជំរុញលើកទឹកចិត្តដល់ពួកគាត់ ដើម្បីចូលរួមប្រកួតកីឡាស្ប៉ាស្យាល់អូឡាំពិកកម្ពុជា។

លោកបានបញ្ជាក់បន្ថែមថា មកដល់ពេលនេះ ឃើញថាបានបង្កើតអនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិករាជធានី ខេត្តចំនួន១៤ រួចហើយត្រឹមឆ្នាំ២០២១ រួមមាន៖ អនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិក រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម និងខេត្តព្រះវិហារ ដើម្បីឆ្លើយតប នឹងតម្រូវការអភិវឌ្ឍន៍ចលនាស្ប៉េស្យាល់ អន្តរជាតិ ក៏ដូចជាចលនាស្ប៉េស្យាល់អូឡាំពិកកម្ពុជា មានការហ្វឹកហាត់ពេញ មួយឆ្នាំ និងចូលរួមរាល់សកម្មភាពទាំងថ្នាក់រាជធានី ខេត្តថ្នាក់ជាតិ និងអន្តរជាតិជាដើម៕