(ភ្នំពេញ)៖ ជាក្រុមហ៊ុនដឹកជញ្ជូនដឹកម្ហូបអាហារ គ្រឿងទេស និងសំភារៈប្រើប្រាស់ប្រចាំថ្ងៃ ឈានមុខគេនៅកម្ពុជា គឺក្រុមហ៊ុន foodpanda ដែលបច្ចុប្បន្ននេះមិនត្រឹមតែពង្រីកសេវាកម្មស្ទើរគ្រប់ទិសទីនោះទេ ថែមទាំងយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្រួល និងលើកស្ទួយជីវភាពដល់ដៃគូរាប់ពាន់នាក់របស់ខ្លួន ឲ្យកាន់តែប្រសើរផងដែរ។

ថ្មីនេះនេះក្រុមហ៊ុន foodpanda បានចុះអនុស្សារណៈនៃការយោគយល់ (MoU) ជាមួយក្រុមហ៊ុន Oyika ជាក្រុមហ៊ុនផ្គត់ផ្គង់ម៉ូតូអេឡិចត្រូនិកធំមួយនៅកម្ពុជា ធ្វើឡើងនៅការិយាល័យកណ្តាល របស់ក្រុមហ៊ុន foodpanda ដោយមានកាចូលរួមពីតំណាងនៃក្រុមហ៊ុនទាំងពី ព្រមទាំងតំណាងដៃគូដឹកជញ្ជូនរបស់ foodpanda ផងដែរ។

ការសហការដៃគូទាំងពីរនេះ មានគោលដៅរួម ក្នុងការចូលរួមកាត់បន្ថយចំណាយ ដល់ដៃគូដឹកជញ្ជូនរបស់ foodpanda តាមរយៈការដាក់សាកល្បងឲ្យប្រើប្រាស់ម៉ូតូអេឡិងត្រូនិក ស្របពេលតម្លៃប្រេងសាំងកើនឡើង។ ក្រុមហ៊ុនមានចក្ខុវិស័យ ក្នុងការរួមដៃគ្នាជំរុញឲ្យមានការយល់ដឹងដូចជា ការចូលរួមកាត់បន្ថយការបំពុលបរិស្ថានផងដែរ។

លោកស្រី ឡាយ ស៊ីវហួង នាយកគ្រប់គ្រងផ្នែកប្រតិបត្តិការ នៃក្រុមហ៊ុន foodpanda បានថ្លែងថា «ការសហការនេះមិនត្រឹមតែលើកស្ទួយ ការការពារបរិស្ថាន និងកាត់បន្ថយចំណាយ ដល់ដៃគូដឹកជញ្ជូនប៉ុណ្ណោះទេ ប៉ុន្តែដើតួយ៉ាងសំខាន់ ក្នុងការសម្របសម្រួល ដល់សាធារណៈជនទាំងអស់ មានបំណងចង់ក្លាយជាដៃគូដឹកជញ្ជូនរបស់ foodpanda ពុំមានយានជំនិះផ្ទាល់ខ្លួនមានឱកាសធ្វើជាដៃគូដឹកជញ្ជូន តាមរយៈការជួលម៉ូតូពី Oyika ក្នុងកម្រៃសមរម្យ»

លោក Carl Jason អគ្គនាយកក្រុមហ៊ុន Oyika Cambodia បានឲ្យដឹងថា «យើងសង្ឃឹមយ៉ាងមុតមាំថា ការសហការនេះនឹងបានចូលរួមលើកស្ទួយ ការការពារបរិស្ថាន ព្រមទាំងជួយលើកកម្ពស់ពី ការយល់ដឹងផលប៉ះពាល់បរិស្ថានបន្ថែមទៀត»