(បាត់ដំបង)៖ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ សាកលវិទ្យាល័យជាតិបាត់ដំបង ចុះអនុស្សារណៈយោគយល់គ្នា ជាមួយសាលាភូមិន្ទរដ្ឋបាល ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល ជំនាញភូមិន្ទរដ្ឋបាលដល់និស្សិត ដែលបានរៀបចប់ និងចេញទៅបន្តសិក្សា។

ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នេះ ត្រូវបានធ្វើទ្បើងនៅសាកលវិទ្យាល័យជាតិបាត់ដំបង ក្រោមវត្តមានលោក យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាកលភូមិន្ទរដ្ឋបាល, ប្រតិភូអមដំណើរ, លោក សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំសាកលវិទ្យាល័យជាតិបាត់ដំបង សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកនាំមន្រ្តីរាជការមន្ទីរអង្គភាព នានាជុំវិញខេត្ត និស្សិតផងដែរ។

លោក យក់ ប៊ុនណា បានគាំទ្រដល់សាកលវិទ្យាល័យជាតិបាត់ដំបង និងបានឈានដល់មានការឯកភាពគ្នា ចុះហត្ថលេខាអនុស្សរណ:យោគយល់គ្នារវាងភាគីទាំងពីរ ដោយបានបង្កើតកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល ជំនាញភូមិន្ទរដ្ឋបាលដល់និស្សិតដែលបានរៀបចប់ និងចេញទៅបន្តសិក្សាបន្ថែមទៀតផងដែរ។

លោកនាយកសាកលភូមិន្ទរដ្ឋបាល បានបន្តថា សាកលភូមិន្ទរដ្ឋបាល គឺជាទីកន្លែងបណ្តុះបណ្តាលធនធានមនុស្សដែលចេញមកពីសិស្ស ពីរប្រភេទមានដូចជា៖

*មន្រ្តីក្រមការ សម្រាប់និស្សិតប្រលងជាប់ចូលរៀនវគ្គមន្រ្តីក្រមការ
*មន្រ្តីជាន់ខ្ពស់ ដែលចេញពីមន្រ្តីរាជការ គឺយកចាប់ពីមានសញ្ញាបត្របរិញ្ញាបត្រឡើងទៅ ទាំងមន្រ្តីជាន់ខ្ពស់មន្រ្តីរាជកាស៊ីវិល,កងកម្លាំង,មន្រ្តីរាជការដែលមានតួនាទីគ្រប់ជាន់ថ្នាក់ ហើយក្នុងនោះមានវគ្គវិក្រិត្យការ បណ្តុះបណ្តាលដល់មន្រ្តីមាន៤កម្រិតគឺ មន្រ្តីរដ្ឋបាលជាន់ខ្ពស់ មន្រ្តីរដ្ឋបាល មន្រ្តីក្រមការ និងមន្រ្តីលេខាធិការ និស្សិតដែលត្រូវបានបណ្តុះបណ្តាលនេះគឺមានរយ:ពេលវែង, ខ្លី ទៅតាមកម្រិតនៃការសិក្សាជំនាញជាក់ស្តែង។

លោកបានបញ្ជាក់ថា ក្រៅពីវគ្គបណ្តុះបណ្តាលរបស់សាលាភូមិន្ទរដ្ឋបាលសាធារណ:គឺ នៅមានវគ្គបណ្តុះបណ្តាលជំនាញផ្សេងៗបន្ថែមមួយចំនួនទៀត។ រាជរដ្ឋាភិបាលនិងក្រសួងអប់រំ បានយកចិត្តទុកដាក់ខ្ពស់ និងផ្តល់អាទិភាពលើវិស័យអប់រំ គឺជម្រុញឲ្យខិតខំបង្កើតធនធានមនុស្ស ដល់ក្មេងជំនាន់ក្រោយមានចំណេះដឹងកាន់តែច្រើន មានធនធានទាំងនោះដើម្បីរួមចំណែកធ្វើឲ្យសេដ្ឋកិច្ចជាតិ មានការរីកចម្រើនកាន់តែខ្លាំង នាពេលអនាគត់ផងដែរ។

នាឱកាសនោះ លោក សុខ ឃន បានថ្លែងរំលឹកអំពីប្រវត្តិសាកលវិទ្យាល័យជាតិបាត់ដំបង ដែលមានកន្លែងពិសោធន៍ និងអនុវត្តជាក់ស្តែងចំនួនទីតាំងសរុប៤កន្លែង នៅក្នុងខេត្ត និងមានការរីកចម្រើនយ៉ាងខ្លាំង នៃការបណ្តុះបណ្តាលដល់និស្សិត ដែលជាធនធានមនុស្សដ៏ល្អ ដល់និស្សិតបានជាច្រើននាក់ ទទួលបានជោគជ័យតាំងពីចាប់ផ្តើមបើកសាកលវិទ្យាល័យដំបូង រហូតដល់បច្ចុប្បន្ន ក្រោមការផ្តួចផ្តើមបង្កើតរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កន្លងមក រីកចម្រើនខ្លាំងគួរឲ្យកត់សម្គាល់៕