(បរទេស)៖ កម្មវិធីពានរង្វាន់ផ្នែកតន្ត្រីទ្វីបអឺរ៉ុបប្រចាំឆ្នាំ ឬ «Europe Music Awards» របស់ MTV បានរកឃើញសិល្បករ-សិល្បការិនីឆ្នើម ដែលបានឈ្នះពានរង្វាន់ជាច្រើន តាមរយៈស្នាដៃរបស់ពួកគេ។ ក្នុងនោះ តារាចម្រៀងនិងជាអ្នកនិពន្ធចម្រៀងល្បីរបស់អង់គ្លេស Ed Sheeran បានឈ្នះពានធំពីស្នាដៃចម្រៀងថ្មីរបស់គេ ខណៈក្រុមល្បីរបស់កូរ៉េ BTS ឈ្នះពានដល់ទៅ៤ ពីកម្មវិធីនេះ។ នេះបើតាមការចេញផ្សាយ របស់ព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។

កម្មវិធី «Europe Music Awards» របស់ MTV ត្រូវបានធ្វើឡើងកាលពីចុងសប្តាហ៍កន្លងទៅនេះ ដែលមានការផ្សាយផ្ទាល់ចេញពីប្រទេសហុងគ្រី។ បន្ទាប់ពីបញ្ចប់កម្មវិធី គេឃើញថា ក្រុមចម្រៀងកូរ៉េ BTS និងតារាចម្រៀងអស់គ្លេស Ed Sheeran បានឈ្នះពានធំៗពីកម្មវិធីនេះ។ Ed Sheeran ឈ្នះបានពាន «សិល្បៈឆ្នើម» និង «ស្នាដៃបទចម្រៀងឆ្នើម» តាមរយៈបទ «Bad Habits» ខណៈក្រុមចម្រៀងល្បីរបស់កូរ៉េ ឈ្នះពានដល់ទៅ៤ពីកម្មវិធីនេះ មានដូចជា ពានរង្វាន់ «Best Pop Artist» , ពានរង្វាន់ «Best K-Pop», ពានរង្វាន់ «Best Group» និងពានរង្វាន់ «Biggest Fans»។ ក្រៅពីនេះ មានតារាចម្រៀងល្បីៗជាច្រើនទៀត ទទួលបានពានរង្វាន់ ពីកម្មវិធីដ៏ធំប្រចាំឆ្នាំមួយនេះ។

គួរជម្រាបថា កម្មវិធីពានរង្វាន់ផ្នែកតន្ត្រីទ្វីបអឺរ៉ុបប្រចាំឆ្នាំ ឬ «Europe Music Awards» របស់ MTV សម្រាប់ឆ្នាំ២០២១នេះ ត្រូវបានធ្វើឡើងដោយមានសិល្បករ-សិល្បការិនី និងអ្នកគាំទ្រចូលរួមទស្សនា ដោយផ្ទាល់ជាលើកដំបូង បន្ទាប់ពីខកខានតាំងពីឆ្នាំ២០២០ ដោយសារតែវិបត្តិជំងឺរាតត្បាតសាកលកូវីដ-១៩៕