(ភ្នំពេញ)៖ ដោយមានការគាំទ្រពីសាជីវកម្មធានាឥណទានកម្ពុជា ឥឡូវនេះម្ចាស់អាជីវកម្មនានាដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ អាចស្នើសុំប្រាក់កម្ចីពីធនាគារ វីង ដើម្បីបន្តប្រតិបត្តិការរបស់ពួកគេបានហើយ។
ធនាគារ វីង (ខេមបូឌា) ម.ក និងសាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក.) បានដាក់ឲ្យដំណើរការជាផ្លូវការ នូវកិច្ចព្រមព្រៀងធានាឥណទាន ដើម្បីសហការគ្នា លើការផ្តល់ប្រាក់កម្ចីដល់ប្រតិបត្តិករអាជីវកម្មនៅកម្ពុជា ដែលអាចប្រឈមនឹងការលំបាកក្នុងការទទួលបានប្រាក់កម្ចីដោយសារកង្វះខាតទ្រព្យបញ្ចាំគ្រប់គ្រាន់។
ភាពជាដៃគូនេះ នឹងបញ្ចូលធនាគារវីង ក្នុងគម្រោងធានាឥណទាន នៃសាជីវកម្មធានាឥណទានកម្ពុជា ដើម្បីជួយដល់អាជីវកម្មនានា ដែលរងផលប៉ះពាល់ ខណៈមានជំងឺរាតត្បាតកូវីដ ១៩ រួមមាន៖ អាជីវកម្មខ្នាតមីក្រូ សហគ្រាសខ្នាតតូចនិងមធ្យម និងសហគ្រាសខ្នាតធំ ក្នុងការសម្រួលដល់ការទទួលបានហិរញ្ញប្បទានពី សម្រាប់ការកៀរគរទុនបង្វិល វិនិយោគ និងការពង្រីកអាជីវកម្មជាដើម។
លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារវីង បានថ្លែងថា «ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលឥឡូវនេះយើងអាចបង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុ របស់យើង ដល់ម្ចាស់អាជីវកម្មកាន់តែច្រើនជាងមុន តាមរយៈការសហការជាមួយសាជីវកម្មធានាឥណទានកម្ពុជា។ យើងបានបង្កើតផលិតផល និងសេវាកម្មហិរញ្ញវត្ថុយ៉ាងយ៉ាងសម្បូរបែប ដើម្បីជួយម្ចាស់អាជីវកម្មនានានៅកម្ពុជា។ ភាពជាដៃគូនៅថ្ងៃនេះ នឹងក្លាយជាកត្តាជំរុញមួយទៀត ជួយឲ្យយើងខិតកាន់តែជិតដល់មា្ចស់អាជីវកម្មទាំងនោះ»។
សាជីវកម្មធានាឥណទានកម្ពុជា នឹងគាំទ្រធនាគារវីងក្នុងការធានាប្រាក់កម្ចីដល់ម្ចាស់អាជីវកម្មដែលត្រូវបានចាត់ទុកថា មានលទ្ធភាពសង ប៉ុន្តែខ្វះខាតនូវទ្រព្យបញ្ចាំ ដោយផ្តល់នូវការធានាឥណទាន ដែលជាការពារបន្ថែមមួយទៀត ដូច្នេះនឹងជួយកាត់បន្ថយតម្រូវការទ្រព្យបញ្ចាំពីអាជីវកម្មដែលស្នើកម្ចី។
បន្ទាប់ពីសម្ពោធជាផ្លូវការជាធនាគារពាណិជ្ជក្នុងខែមេសា ឆ្នាំ២០២១ ធនាគារ វីង បានបង្កើតឲ្យមានផលិតផល និងសេវាកម្មហិរញ្ញវត្ថុជាច្រើន ដើម្បីបំពេញតម្រូវការរបស់អតិថិជនរូបវន្តបុគ្គល និងម្ចាស់អាជីវកម្មនានា។
អតិថិជនអាចទទួលបានផលិតផល និងសេវាកម្មហិរញ្ញវត្ថុទាំងនោះបានតាមរយៈការិយាល័យកណ្តាលនៃធនាគារវីង កម្មវិធីស្មាតហ្វូនវីង និងភ្នាក់ងារវីងដែលមានជាង១ម៉ឺនកន្លែងនៅទូទាំងប្រទេសកម្ពុជា។
ជាមួយនឹងកិច្ចព្រមព្រៀងភាពជាដៃគូនេះ ធនាគារវីង នឹងក្លាយជាស្ថាប័នហិរញ្ញវត្ថុមួយ ក្នុងចំណោមស្ថាប័នហិរញ្ញវត្ថុចូលរួមចំនួន ២០ របស់ស.ធ.ក. ក្នុងការផ្តល់ប្រាក់កម្ចីប្រកបដោយប្រសិទ្ធភាព ដល់អាជីវកម្ម រួមទាំងសហគ្រាសធុនតូច និងមធ្យម ដែលខ្វះទ្រព្យបញ្ចាំសម្រាប់ជាទុនបង្វិល និងការពង្រីកអាជីវកម្មរបស់ពួកគេ។
លោក Wong Keet Loong អគ្គនាយក ស.ធ.ក. បានថ្លែងថា «ភាពជាដៃគូរបស់យើងជាមួយធនាគារវីង គឺជាយុទ្ធសាស្រ្តមួយសម្រាប់ ស.ធ.ក ក្នុងការប្រើប្រាស់បណ្តាញ គ្របដណ្តប់យ៉ាងទូលំទូលាយនៃផលិតផលហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតរបស់ធនាគារវីង តាមរយៈបណ្តាញឌីជីថល ដែលធនាគារមានរួចជាស្រេច។ វាក៏នឹងជំរុញឲ្យ ស.ធ.ក. បញ្រ្ជាបខ្លួន ចូលទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុឌីជីថល តាមរយៈការផ្តល់ការធានាឥណទានលើកម្ចីអាជីវកម្ម នៅក្នុងប្រព័ន្ធអេកូឌីជីថលរបស់ធនាគារវីង»។
ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២០ សាជីវកម្មធានាឥណទានកម្ពុជា មានគោលបំណងបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសខ្នាតតូចនិងមធ្យម តាមរយៈផ្តល់ការធានាឥណទានលើកម្ចីដែលផ្តល់ឲ្យអាជីវកម្ម ដើម្បីចែករំលែកហានិភ័យជាមួយស្ថាប័នផ្តល់កម្ចី ដោយផ្អែកលើស្តង់ដារអន្តរជាតិ។
ម្ចាស់អាជីវកម្មដែលមានសញ្ជាតិកម្ពុជា ហើយកាន់កាប់ភាគហ៊ុនលើសពី៥០% ឥឡូវនេះអាចទាក់ទងធនាគារ វីង សម្រាប់គម្រោងធានា របស់សាជីវកម្មធានាឥណទានកម្ពុជា ឬទាក់ទងដោយផ្ទាល់តាមរយៈគេហទំព័រ www.cgcc.com.kh សម្រាប់ព័ត៌មានបន្ថែម៕