(បរទេស)៖ ក្រុមតន្ត្រីករចំនួន ១២,០០០នាក់ នៅទូទាំងប្រទេសវេណេស៊ុយអេឡា បានរួមគ្នាលេងតន្ត្រី ក្នុងរយៈពេល១០នាទី ក្នុងគោលបំណងបំបែកកំណត់ត្រាពិភពលោក «Guinness World Record» ក្នុងនាមជាប្រទេស ដែលមានការសម្តែងតន្ត្រីធំបំផុតលើលោក។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។

ព្រឹត្តិការណ៍សម្តែងតន្រ្តីខ្នាតធំនេះ ត្រូវបានធ្វើឡើងកាលពីចុងសប្តាហ៍កន្លងទៅនេះ ដោយមានការចូលរួមពីសំណាក់តន្រ្តីករក្មេងចាស់ប្រុសស្រីជាង ១២,០០០នាក់ និងមានការស្លៀកពាក់នូវឈុតពណ៌ស។ ការសម្តែងនេះ គឺមានរយៈពេល១០នាទី និងមានការសម្ដែងបទចម្រៀង ដែលមានចំណងជើងថា Slavonic March (ស្លាវូនីក ម៉ាច) ខណៈការសម្ដែងនេះបានរៀបចំឡើង នៅក្នុងទីធ្លាសាលាយោធាស្ថិតនៅទីក្រុង Caracas (ការ៉ាកាស) ប្រទេសវេណេហ្ស៊ុយអេឡាផ្ទាល់តែម្តង។

ការប្រារព្ធកម្មវិធីតន្រ្តីខ្នាតធំនេះ ត្រូវបានគេមើលឃើញថា ធ្វើឡើងក្នុងគោលបំណងបំបែកកំណត់ត្រា សម្រាប់ការសម្ដែងវង់តន្ត្រីដែលធំជាងគេបំផុតក្នុងលោក ខណៈតំណែងនេះ គឺកាន់កាប់ដោយក្រុមវង់តន្ត្រីរុស្ស៊ី តាមរយៈការសម្ដែងដែលមានតន្រ្តីករចំនួន ៨០៩៧នាក់បានចូលរួម និងបានប្រព្រឹត្តិទៅនៅទីក្រុង Saint Petersburg (សេន ផីធើប៊ឺក) នៃប្រទេសរុស្ស៊ី កាលពី២ឆ្នាំមុន។

គួរជម្រាបថា ពាក់ព័ន្ធនឹងការសម្តែងតន្រ្តីខ្នាតធំ របស់វេណេស៊ុយអេឡានៅពេលនេះ គេមិនទាន់ដឹងនៅឡើយទេថា តើនឹងអាចបំបែកកំណត់ត្រាពិភពលោកបានឬអត់ ព្រោះត្រូវចំណាយពេល១០ថ្ងៃសិន ដើម្បីឲ្យស្ថាប័ន «Guinness World Record» ពិនិត្យមើល។ បើ «Guinness World Record» បញ្ជាក់ថា ពួកគេពិតជាបានបំបែកកំណត់ត្រា ក្នុងនាម ការសម្តែងតន្ត្រីធំបំផុតលើលោកនោះ ការប៉ុនប៉ងរបស់ក្រុមតន្ត្រីករនៅវេណេស៊ុយអេឡា នឹងបានសម្រេច៕