(ភ្នំពេញ)៖ ធនាគារពាណិជ្ជ ឈីហ្វ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានរៀបចំសន្និសីទសារព័ត៌មាន ស្ដីពីកម្មវិធីកម្ចីខ្នាតតូចតាមប្រព័ន្ធឌីជីថល «Chief Easy» ដែលជាកម្មវិធីមួយ ជួយសម្រួលអតិថិជន ដែលមានតម្រូវការឥណទានរហ័ស ងាយស្រួល និងប្រកបដោយទំនុកចិត្ដ តាមរយៈប្រព័ន្ធទូរស័ព្ទដៃ។

លោកបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ប្រធាននាយកប្រតិបត្ដិ ធនាគារពាណិជ្ជឈីហ្វ បានឲ្យដឹងថា «Chief Easy» ឬក៏ហៅថា ឥណទានទាន់ចិត្ត គឺសំដៅទៅលើឥណទាន ដែលខ្ចីដោយអ្នកខ្ចីពីធនាគារពាណិជ្ជ ឈីហ្វ តាមរយៈប្រព័ន្ធប្រតិបត្តិការ Chief Micro Loan App (Chief Easy)។

លោកបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ បានបន្ដថា កម្រិតឥណទាន និងរយៈពេលនៃឥណទាន ត្រូវកំណត់យកតាមពាក្យស្នើសុំឥណទាន របស់ភាគីអ្នកខ្ចី នៅក្នុងប្រព័ន្ធ ប្រតិបត្តិការ Chief Easy ដែលមានទំហំកម្ចី ចាប់ពី១០០ដុល្លារ រហូតដល់១០០០ដុល្លារ និងមានរយៈពេលកម្ចី រហូតដល់១២ខែ ដោយមិនមានទ្រព្យបញ្ចាំ។

ប្រធាននាយកប្រតិបត្ដិ ធនាគារពាណិជ្ជឈីហ្វ បានគូសបញ្ជាក់ថា អតិថិជនគោលដៅរបស់ «Chief Easy» រួមមាន៖ សហគ្រាស ធនតូចបំផុត ធនតូច និងធនមធ្យម (MSME), អ្នកមានតម្រូវការទូទៅ (Consumer) និងឥណទានជំនួយ (Cooperate Loan)។

ចំពោះអតិថិជន ដែលអាចប្រើ «Chief Easy» ត្រូវមានលក្ខខណ្ឌចាំបាច់ រួមមាន៖

* មានអាយុចាប់ពី ១៨ឆ្នាំ ដល់ ៦០ឆ្នាំ
* មិនពាក់ព័ន្ធជាមួយសកម្មភាពខុសច្បាប់ ឬជំនួញដែលមានគ្រោះថ្នាក់ (Harmful business) ឬ ជំនួញដែលត្រូវបានហាមឃាត់ចំពោះកម្ចី តាមរយៈគោលនយោបាយរបស់ធនាគារ
* មានការងារ (ការងារដែលច្បាប់ទទួលស្គាល់) យ៉ាងហោចណាស់៣ខែចុងក្រោយ
* មានលទ្ធភាពសងយ៉ាងហោចណាស់ ១,២ដងធៀបនឹងចំណូល (Debt servicing ration – DSR)
* មានលំនៅដ្ឋានអចិន្ត្រៃនៅកម្ពុជា ជាមួយអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានសពុលភាព (ជំនាន់ទី៣ ឬ ជំនាន់ក្រោយៗ)
* មានគណនីសន្សំ នៅធនាគារ ឈីហ្វ
* ស្នើសុំឥណទានជាមួយទូរស័ព្ទដៃផ្ទាល់ខ្លួន (IOS or Android)
* ប្រើប្រាស់ប្រព័ន្ធទូរស័ព្ទរបស់កម្ពុជា ដែលអាចទទួលសារបាន
* ស្នាក់នៅក្នុងរាជធានីភ្នំពេញ និង ខេត្តកណ្តាល ដែលមានអសយដ្ឋានត្រឹមត្រូវ (Valid Residential Address proof)

ខណៈឯកសារចាំបាច់សម្រាប់អតិថិជន៖

* មានលំនៅដ្ឋានអចិន្ត្រៃនៅកម្ពុជា ជាមួយអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានសពុលភាព (ជំនាន់ទី៣ ឬ ជំនាន់ក្រោយៗ)
* សៀវភៅគ្រួសារ
* សៀវភៅស្នាក់នៅ
* លិខិតបញ្ជាក់អសយដ្ឋានស្នាក់នៅបច្ចុប្បន្ន ដែលបានទទួលស្គាល់ដោយអជ្ញាធរក្នុងតំបន់
* លេខនិយាមការ នៅក្នុង Google Map (Google Map Coordinate number, if possible)
* លេខទំនាក់ទំនងអជ្ញាធរក្នុងតំបន់ (មេឃុំ ឬចៅសង្កាត់)
* លិខិតបញ្ជាក់ការងារចុងក្រោយ (ឧទាហរណ៍ កាត់បុគ្គលិក កិច្ចសន្យាការងារ អជ្ញាប័ណ្ណជំនួញ ឬរូបថតទីកន្លែងការងារ)
* លិខិតបញ្ជាក់ចំណូល រយៈពេល ៣ខែ (ឧទាហរណ៍ Payslip, bank statement)

គូសបញ្ជាក់ថា ប្រព័ន្ធប្រតិបត្តិការ Chief Easy បើកដំណើរការ២៤ម៉ោង ក្នុងមួយថ្ងៃ និង០៧ថ្ងៃ ក្នុងមួយសប្តាហ៍។ ក្នុងករណី កាលបរិច្ឆេទសង ស្ថិតក្នុងថ្ងៃចុងសប្តាហ៍ និង/ឬ ថ្ងៃឈប់សម្រាក អ្នកខ្ចីត្រូវទទួលបន្ទុក ក្នុងការដាក់ប្រាក់ជាមុនក្នុងគណនី ទុកសម្រាប់ធ្វើការទូទាត់បង់ការប្រាក់។

អត្រាការប្រាក់ ១៨% (ដប់ប្រាំបីភាគរយ) ក្នុងមួយឆ្នាំ (ចំពោះអត្រាការប្រាក់ថេរ) ការប្រាក់ត្រូវគណនាប្រចាំថ្ងៃ ដោយគិតតាមមូលដ្ឋាន ៣៦០ថ្ងៃ ក្នុងមួយឆ្នាំ ហើយគិតលើចំនួនថ្ងៃជាក់ស្តែង ដែលបានប្រើប្រាស់ដោយគិតចាប់ពីថ្ងៃ ដែលឥណទានបានដាក់ ឲ្យប្រើប្រាស់លើកដំបូង។

ការប្រាក់ត្រូវបង់រៀងរាល់ខែនីមួយៗ ដែលត្រូវបង់គិតរាប់ពីកាលបរិច្ឆេទនៃការផ្តល់ឥណទាន៕