(ក្រុងរ៉ូម)៖ អ៉ីតាលី ដែលជាម្ចាស់ជើងឯក Euro 2020 នោះ បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ប្រចាំពូល C ដែលធ្វើឲ្យពួកគេត្រូវលេងវគ្គជម្រុះជាបន្តទៀត ដើម្បីប្រជែងកៅអីទៅ World Cup 2022 នៅប្រទេសកាតានា ឆ្នាំក្រោយ។

ការរកបានតែ ១ពិន្ទុពីលទ្ធផលស្មើទល់នឹងម្ចាស់ផ្ទះអៀរឡង់ខាងជើង ០-០ នាយប់មិញនេះ បានធ្វើឲ្យក្រុមខ្លាំងនៅអឺរ៉ុបមួយនេះមានតែ ១៦ពិន្ទុតាមពីក្រោយស្ចីសឈរនៅកំពូលតារាង ២ពិន្ទុក្នុងចំណោម ៥ប្រទេសដែលស្ថិតក្នុងពូល C ជាមួយគ្នា។

ដូចគ្នានោះដែរ ស្វីសដែលលេងស្មើ ១-១ ទល់នឹងអ៉ីតាលីកាលសប្តាហ៍មុននោះ ក៏បានបន្តបំបាក់បុលហ្គារី ៤-០ នៅក្នុងផ្ទះ ឆក់កៅអីឡើងទៅលេង World Cup 2022 ដោយស្វ័យប្រវត្តិ ក្នុងនាមជាក្រុមមួយដែលលេង ៨ប្រកួតមិនចាញ់ឡើយ។

អ៉ីតាលី ដែលដឹកនាំដោយលោក Roberto Mancini នោះ ត្រូវបន្តធ្វើការងារធ្ងន់ថែមទៀត ដ្បិតត្រូវលេងវគ្គជម្រុះនាខែមីនា ឆ្នាំ២០២២ ខាងមុខ ដ្បិតអតីតម្ចាស់ជើងឯក World Cup ៤សម័យមួយនេះ ក៏បានខកខាន World Cup 2018 នៅពេលប្រកួតជម្រុះចាញ់ស៊ុយអែតម្តងមកហើយ៕